មានសារធាតុអាហារជាច្រើនដែលចាំបាច់ និងមានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់ស្រ្តីដែលកំពុងតាំងគភ៌។ ការពិតទៅ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍តាំងពីមុនពេលតាំងគភ៌ ក៏រឹតតែមានផលល្អចំពោះសុខភាពច្រើនដែរ ព្រោះការដែលរាងកាយបានទទួលសារធាតុអាហារល្អៗ ច្បាស់ជាហុចផលល្អដល់សុខភាពទាំងម្ដាយ និងទារកក្នុងគភ៌មិនខាន តែនៅមានរឿងមួយទៀតដែលមានផលយ៉ាងច្រើនដល់ការចម្រើនធំធាត់របស់រាងកាយ នោះគឺការបានទទួលទានអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូម ព្រោះកាល់ស្យូមនឹងជួយសាងបន្ថែមលើផ្នែកដែលសឹករេចរឹល រួមទាំងជួយសាងបណ្ដុំឆ្អឹង និងធ្មេញឱ្យមានការរីចម្រើនធំធាត់យ៉ាងរឹងមាំ។
កាល់ស្យូមមានប្រយោជន៍ចំពោះសុខភាព និងជាសារធាតុរ៉ែដែលចាំបាច់ត្រូវមានច្រើនបំផុតក្នុងរាងកាយ កាល់ស្យូមភាគច្រើនស្ថិតនៅក្នុងឆ្អឹង និងធ្មេញ កាល់ស្យូមមានភាពចាំបាច់ដល់ការធ្វើការងាររបស់ប្រព័ន្ធប្រសាទ ការបង្រួញខ្លួនរបស់សាច់ដុំ-ល- ក្រៅពីនេះកាល់ស្យូមនៅមានប្រយោជន៍ដល់ការបង្កកខ្លួនរបស់ឈាមនៅពេលកើតមានស្នាមរបួសលើរាងកាយទៀតផង។
កាល់ស្យូម និងស្រ្តីមានគភ៌
ប្រហែលជាបានដឹងរួចហើយថា នៅលើស្រ្តីដែលកំពុងតាំងគភ៌ ការបានទទួលកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងជួយធ្វើឱ្យកម្មវិធីការធ្វើការងាររបស់គ្រប់ប្រព័ន្ធក្នុងរាងកាយដំណើរការទៅយ៉ាងល្អពេញលេញ ព្រោះមកដល់អំឡុងពេលមួយរបស់ការតាំងគភ៌ កាល់ស្យូមនឹងត្រូវបឺតយកទៅប្រើប្រាស់ក្នុងការសាងសាច់ សាងតួខ្លួន សាងឆ្អឹង និងធ្មេញរបស់ទារកក្នុងគភ៌ ដូច្នេះហើយទើបយើងបានឃើញថា ស្ត្រីដែលមានគភ៌ច្រើនតែមានអាការពុកធ្មេញកើតឡើង រួមទាំងរោគឆ្អឹងពុកផងដែរដោយសារតែកង្វះជាតិកាល់ស្យូមហ្នឹងឯង។ ដូច្នេះក្នុងមួយថ្ងៃៗនៃការទទួលទានអាហារ ស្រ្តីមានគភ៌គួរតែសង្កត់ធ្ងន់លើអាហារដែលមានជាតិកាល់ស្យូមរួមជាមួយផង ព្រោះវានឹងជួយឱ្យបរិមាណកាល់ស្យូមក្នុងរាងកាយមានគ្រប់គ្រាន់នឹងតម្រូវការរបស់ទាំងម្ដាយ និងកូនរបស់អ្នកផងដែរ។
ស្រ្តីមានគភ៌ និងការខ្វះជាតិកាល់ស្យូម
– ការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ កម្មវិធីមេតាបូលីហ្ស៊ឹមរបស់កោសិកា នឹងធ្វើការខុសប្រក្រតី។
– ឆ្អឹងនឹងស្ដើង និងផុយស្រួយ។
– ចំពោះស្រ្តីមានគភ៌ដែលមានការខ្វះជាតិកាល់ស្យូមគ្រប់ពេលវេលា និងខ្វះក្នុងរយៈពេលយូរជាប់ៗគ្នា រឿងដែលនឹងកើតឡើងនោះគឺ នឹងធ្វើឱ្យកើតអាការសឹកពុកឆ្អឹងជានិរន្តរ៍។
– លុះដល់អំឡុងពេលមួយរបស់វ័យ នៅលើស្រ្តីមានគភ៌ ឬអ្នកដែលខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យកម្ពស់ថយចុះ។
– ភាពរឹងមាំ ឬកម្លាំងពលំក្នុងការប្រឹងប្រសូតបុត្រនឹងថយចុះ ឬនៅលើស្រ្តីមួយចំនួនគ្មានកម្លាំងប្រឹងសោះតែម្ដង។
ប្រភពអាហារដែលសម្បូរជាតិកាល់ស្យូម
ប្រភពអាហារដែលមានជាតិកាល់ស្យូម មានច្រើនប្រភេទណាស់ មិនថាតែកាល់ស្យូមដែលមាននៅក្នុងទឹកដោះដែលស្រ្តីមានគភ៌គួរតែទទួលទានជាមធ្យម 1 – 2កែវក្នុងមួយថ្ងៃ ព្រោះស្រ្តីមានគភ៌ត្រូវការកាល់ស្យូមច្រើនក្នុងមួយថ្ងៃៗដល់ទៅ 1,200មីល្លីក្រាមឯណោះ ដូច្នេះហើយទើបចាំបាច់ត្រូវបានទទួលពីអាហារដែលមានជាតិកាល់ស្យូមខ្ពស់។ សម្រាប់អាហារផ្សេងទៀតដែលជាប្រភពដ៏ល្អរបស់កាល់ស្យូមដែរនោះ មានដូចជាត្រីចង្វាមូល ត្រីតូចៗដែលញ៉ាំបានទាំងឆ្អឹងបន្លែស្លឹកបៃតង ដូចជាបន្លែខាត់ណា ប្រូខូលី គ្រាប់ល្ង ឬតៅហ៊ូដុំ ជាដើម។ល៕