កាលពីថ្ងៃមុន ឃើញមិត្តរួមការងារម្នាក់ញ៉ាំបាយហើយ ក៏ក្រោកទៅចាប់យកច្រាសដុសធ្មេញចូលបន្ទប់ទឹកភ្លាមតែម្ដង យើងក៏នឹកស្ងើចសរសើរគាត់ពីរឿងម៉ឺងម៉ាត់ក្នុងការថែទាំសុខភាពប្រអប់មាត់របស់ខ្លួនបានយ៉ាងល្អដែលយើងមិនដែលបានធ្លាប់ធ្វើបែបហ្នឹងឡើយ។ តែក៏គួរឱ្យនឹកសង្ស័យដែរថា យើងជាមនុស្សម្នាក់ដែលមិនធ្លាប់ដុសធ្មេញលើសពី 2ដងឡើយក្នុងមួយថ្ងៃ ហើយគ្រូពេទ្យបានប្រាប់ថា យើងស្ទើរតែគ្មានធ្មេញណាមួយពុកឡើយ កំណកកំបោរក៏មិនសូវមានដែរ មិនចាំបាច់សម្អាតនាំតែអស់លុយទេ តែមិត្តរួមការងារម្នាក់នោះបែរជាមានធ្មេញពុកច្រើន និងថែមទាំងមានបញ្ហារឿងការស្រៀវធ្មេញញឹកញាប់ទៀតផង។
ឬមួយក៏…ការដុសសម្អាតធ្មេញក្រោយញ៉ាំបាយហើយភ្លាម មិនល្អចំពោះសុខភាពធ្មេញដូចដែលយើងគិត?
មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានអាហារប្រភេទទឹកផ្លែឈើ ទឹកភេសជ្ជៈកំប៉ុង ឬអាហារនិងភេសជ្ជៈដែលមានឫទ្ធិជាអាស៊ីតស្រាលៗ និងមានជាតិស្ករខ្ពស់ នឹងធ្វើឱ្យសារធាតុស្រោបធ្មេញផ្នែកខាងក្រៅបន្ទន់ខ្លួនយូរតាំងពី 10 នាទីរហូតទៅដល់ 1ម៉ោង ដូច្នេះក្នុងអំឡុងពេលដែលសារធាតុស្រោបធ្មេញនោះកំពុងបន្ទន់ខ្លួន បើយើងធ្វើការដុសសម្អាតធ្មេញភ្លាម វានឹងក្លាយជាមូលហេតុធ្វើឱ្យសារធាតុស្រោបការពារសាច់ធ្មេញនោះរបូត ឬសឹកអស់បាន។
នៅពេលសារធាតុស្រោបការពារធ្មេញនោះរហូតចេញ ឬសឹកអស់ ធ្វើឱ្យធ្មេញលែងរឹងមាំ អាចប្រថុយនឹងការកើតអាការស្រៀវធ្មេញ និងធ្មេញសឹកកាន់ខ្លាំងឡើង រហូតឈានទៅកាន់តែងាយពុកធ្មេញឡើងទៀតផង។
បើអ្នកណាដែលនៅតែចង់ដុសសម្អាតធ្មេញដើម្បីសុខភាពដ៏ល្អរបស់ប្រអប់មាត់ក្នុងអំឡុងពេលថ្ងៃនោះ មានដំបូន្មានល្អៗដូចខាងក្រោមនេះ៖
1 . ដុសសម្អាតធ្មេញដោយថ្នាំដុសធ្មេញដែលមានផ្សំដោយ ផ្លអូរ៉ាយដ៍ មុនទទួលទានអាហារប្រភេទភេសជ្ជៈទឹកផ្លែឈើក្រឡុក ទឹកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈ និងអាហារដែលមានរសជាតិជូរ និងផ្អែមខ្លាំង។
2 . ខ្ពុរមាត់ដោយទឹកស្អាតភ្លាមៗក្រោយពេលញ៉ាំអាហារទាំងអស់នោះហើយភ្លាម អាចនឹងខ្ពុរមាត់ដដែលៗបាន ហើយសម្រាកប្រមាណជា 1ម៉ោង សឹមក្រោកទៅដុសសម្អាតធ្មេញ។
3 . ជ្រើសរើសប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញដោយថ្នមៗដៃ តែដុសសម្អាតឱ្យបានយូរឡើង ល្អជាងដុសបែបខ្លាំងៗ និងលឿនៗឆាប់ហើយ។
4 . ក្រោយពេលដុសធ្មេញ អាចខ្ពុរតែពពុះថ្នាំដុសធ្មេញចេញដោយមិនបាច់ខ្ពុរនឹងទឹកស្អាតទៀតឡើយ តែបើមានអារម្មណ៍ថាមិនស្រួលក្នុងមាត់ ចូរខ្ពុរមាត់នឹងទឹកស្អាតតែម្ដងទៀតបានហើយ ដើម្បីឱ្យសារធាតុ ផ្លអូរ៉ាយដ៍នៅជាប់នឹងធ្មេញឱ្យបានច្រើនបំផុត។
ត្រឹមតែតិចនិកងាយៗប៉ុណ្ណឹង លោកអ្នកក៏នឹងមានសុខភាពធ្មេញដែលល្អ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យធ្មេញញឹកញាប់បានបាត់ទៅហើយ៕