សម្រាប់សុភាពនារីទាំងឡាយដែលមានអាយុចូលដល់លេខ3នាំមុខប្រសិនបើបានធ្វើនូវទង្វើមួយចំនួនដូចខាងក្រោម ប្រយ័ត្នផ្ទៃមុខរបស់អ្នកចាស់ជាងអាយុណា៎ តិចថា ឡារ៉ែន មិនបានប្រាប់។ ដូច្នេះ តើទង្វើមិនល្អទាំងនោះមានអ្វីខ្លះទៅ? ចង់ដឹងណាស់មែនទេ តោះ! សូមតាមដានដូចតទៅ ៖
1,ខាត់ស្បែកមុខញឹកញាប់ជ្រុលពេក
ការសម្អាតផ្ទៃមុខដោយការខាត់ស្បែកមុខញឹកញាប់ ក្រៅពីមិនបានជួយឱ្យស្បែកមុខស្អាតហើយ វាថែមទាំងបំផ្លាញស្បែកមុខឱ្យខូចខ្ទិចខ្ទីអស់ទៀតផង ព្រោះនឹងបំផ្លាញកោសិកាស្បែកមុខឱ្យងាប់ និងធ្វើឱ្យកើតជាស្នាម-សន្លាកផ្សេង។ ដូច្នេះ អ្នកគួរបញ្ឈប់ការខាត់ស្បែកមុខ ដោយប្ដូរជាប្រើផលិតផលសម្អាតស្បែកមុខដែលមានគុណភាពល្អជំនួសវិញ ជាការប្រសើរបំផុត។
2,ការចូលគេងយប់ជ្រៅ និងគេងមិនបានគ្រប់គ្រាន់
ដំណេកសំខាន់ខ្លាំងណាស់ វាជាពេលសម្រាកនៃរាងកាយ ដើម្បីជួសជុល និងស្តារថាមពលនៃរាងកាយឡើងវិញ។ ដូច្នេះ បើអ្នកចូលគេងយប់ជ្រៅ និងគេងមិនបានគ្រប់គ្រាន់ នឹងធ្វើឱ្យរាងកាយនិងសាច់ស្បែករបស់អ្នកទ្រុឌ-ទ្រោម ជាពិសេសនោះគឺនឹងធ្វើឱ្យបរិវេណក្រោមភ្នែករបស់អ្នកមានសភាពស្នាមខ្មៅ។ ដូចនេះ សុភាពនារីទាំងឡាយដែលមានវ័យចាប់ពី 30 ឆ្នាំឡើងទៅ គួរតែគេងឱ្យបានយ៉ាងតិចបំផុតក៏6-8ម៉ោងដែរ ហើយអ្វីដែលសំខាន់នោះ សូមកុំភ្លេចលាបក្រែមថែបំប៉នស្បែកមុនពេលគេងណា៎។
3,នៅតែក្នុងបន្ទប់មា៉ស៊ីនត្រជាក់
សុភាពនារីទាំងឡាយដែលចូលចិត្តនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងដាក់សីតុណ្ហភាពត្រជាក់ខ្លាំងទាំងយប់ទាំងថ្ងៃនោះ សូមដឹងចុះថា ស្បែករបស់អ្នកមុខជាត្រូវបាត់បង់ជាតិទឹក និងមានសភាពស្ងួតៗ ដែលអាចផ្ដល់ផលអាក្រក់យ៉ាងខ្លាំងចំពោះស្បែក ដូចជា ធ្វើឱ្យស្បែកចាស់ជាងវ័យដ៏មិនគួរឱ្យជឿ ជាពិសេសនោះវានឹងធ្វើឱ្យស្បែកមុខរបស់អ្នកស្ងួត គ្រើម ជ្រួញ យារ និងរបកថែមទៀតផង។
4,ហាលថ្ងៃយូរៗពេក
បើអ្នកឈរហាលថ្ងៃយូរប៉ុនណា ពន្លឺថ្ងៃក៏បំផ្លាញសរសៃខលឡាជេនដែលមានតួនាទីធ្វើឱ្យស្បែករបស់អ្នកទន់ និងរលោងរាបស្មើនោះ ខូចខាតច្រើនប៉ុននោះដែរ ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះ វានឹងបង្កឱ្យកើតជាជំងឺមហារីកស្បែកទៀតផង។ ដូច្នេះ បើអ្នកមិនចង់ជួបរឿងជូរចត់ទេ ក្នុងករណីដែលការងាររបស់អ្នកជាការងារដែលស្ថិតក្រោមកំដៅថ្ងៃ ឬឧស្សាហ៍ចេញទៅត្រូវនឹងពន្លឺថ្ងៃនោះ អ្នកត្រូវតែការពារស្បែករបស់អ្នកឱ្យបានល្អបំផុត ដោយលាបក្រែមការពារពន្លឺថ្ងៃទាំងឡាយណាដែលមានគុណភាពល្អ ត្រូវនឹងកោសិកាស្បែករបស់អ្នក។
5,ញៀនជាតិផ្អែម
ស្ករគឺជាសត្រូវដ៏កំណាចបំផុតចំពោះរូបរាងកាយ ក្រៅពីធ្វើឱ្យទម្ងន់ខ្លួនឡើងខ្លាំងហើយនោះ វាក៏អាចបណ្ដាលឱ្យស្បែករបស់អ្នកឆាប់ចាស់ផងដែរ។ ដូច្នេះ សម្រាប់អ្នកដែលញៀនស្ករខ្លាំង និងចូលចិត្តទទួលទានជាតិផ្អែមខ្លាំងនោះ សូមដឹងចុះថា ស្បែករបស់អ្នកមុខជានឹងឆាប់ចាស់យ៉ាងប្រាកដ ព្រោះបរិមាណស្ករដ៏ច្រើនដែលអ្នកពិសាទៅនោះ នឹងដុតម៉ូលេគុលស្បែករបស់អ្នកឱ្យពុកផុយជាបន្តបន្ទាប់ ដោយមិនមានការយល់យោគដល់រូបអ្នកឡើយ។
6,ចូលចិត្តញ៉ាំអាហារឥតប្រយោជន៍
ដែលហៅថា “អាហារឥតប្រយោជន៍” គឺជាអាហារទាំងឡាយណាដែលគ្មានប្រយោជន៍ចំពោះរូបរាងកាយ និងបំផ្លាញសុខ-ភាពរូបកាយ ដែលអាចឱ្យអ្នកឈឺ ឬធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់ ដូចជា អាហារដែលមានស្ករ ម្សៅ និងសារធាតុការពារផ្អូមជាដើម ដែលធ្វើឱ្យសារធាតុអុីនស៊ូលីននៅក្នុងរាងកាយកើនឡើង ឬថយចុះយ៉ាងឆាប់រហ័ស ជាពិសេសវាថែមទាំងបំផ្លាញសារធាតុប្រឆាំងនឹងមេរោគដែលចូលមកក្នុងរាងកាយឱ្យហិនហោចជាបន្តបន្ទាប់ទៀតផង ដែលនឹងធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ ជ្រីវជ្រួញ និងចាស់ជាងវ័យលឿនបំផុត។
7,ពិសាគ្រឿងស្រវឹងច្រើន
ការញ៉ាំស្រាឬភេសជ្ជៈដែលមានជាតិអាល់កុលច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក ដោយធ្វើឱ្យស្បែកមានស្លាកស្នាម និងមើលទៅចាស់ជាងវ័យ ព្រោះសារជាតិដែលមានក្នុងស្រា និងភេសជ្ជៈដែលអ្នកទទួលទានទៅនោះបានបណ្តាលឱ្យរាងកាយបាត់បង់ជាតិទឹក ដោយសារបត់ជើងតូចញឹកញាប់ ក្រៅពីនេះ ជាតិអាល់កុលថែមទាំងធ្វើឱ្យរាងកាយខ្វះវីតាមីន B ដែលអាចបណ្ដាលឱ្យស្បែកឡើងស្ងួត យារ និងមានឡើងមុនទៀតផង។ ដូច្នេះ បើអ្នកមិនចង់ឱ្យសម្រស់របស់អ្នកធ្លាក់ចុះទេនោះ សូមកុំពិសាគ្រឿងស្រវឹងច្រើនពេក។
8,ជក់បារីច្រើន
អ្នកដែលចូលចិត្តជក់បារីច្រើនត្រូវតែប្រញាប់បញ្ឈប់ជាបន្ទាន់! ព្រោះថាការជក់បារីធ្វើឱ្យស្បែកបាត់បង់ខលឡាជេនដែលនឹងហុចផលអាក្រក់យ៉ាងងាយបំផុត វានឹងកើតមានស្លាកស្នាម មើលទៅចាស់ជាងវ័យ ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ សារេជាតិដែលមានក្នុងបារី ថែមទាំងបង្កជាជំងឺមហារីកដ៏គួរឱ្យខ្លាចជាច្រើនប្រភេទទៀតផង។
9,ហាត់ប្រាណលើសកំណត់
ការហាត់ប្រាណគឺជារឿងដ៏មានសារសំខាន់បំផុតចំពោះសុខភាព តែអ្នកត្រូវចង់ចាំថា ការណ៍ដែលវាអាចផ្ដល់សារសំខាន់ចំពោះសុខភាពអ្នកបាន លុះត្រាតែអ្នកហាត់ប្រាណត្រូវតាមក្បួនខ្នាតប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើអ្នកចេះតែហាត់តាមតែអ្នកនឹកឃើញ ឬហាត់ខ្លាំងជ្រុលពេកនោះ វានឹងហុចផលបញ្ច្រាសមកវិញមិនខាន ដូចជា ធ្វើឱ្យស្រកទម្ងន់ខ្លាំងធ្វើឱ្យស្បែកជ្រួញ ធ្លាក់យារ… ដែលធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ។ ដូច្នេះបើអ្នកចង់ឱ្យសម្រស់របស់អ្នកស្រស់ស្អាតជាទីគយគន់របស់មនុស្សផងទាំងពួកនោះ អ្នកត្រូវតែចេះពីវិធីហាត់ប្រាណឱ្យបានត្រឹមត្រូវបំផុត។
10,រាងកាយខ្វះជាតិទឹក
ស្បែកដែលខ្វះជាតិទឹក មិនខុសពីសម្បកដែលឈឺងាប់ឡើយ គឺមិនត្រឹមតែគ្មានជាតិទេ ថែមទាំងស្ងួតគ្រើមមិនគួរឱ្យបេតីទៀតផង។ ដូច្នេះ បើសុភាពនារីទាំងឡាយមិនចង់ឱ្យខ្លួនមើលទៅឃើញចាស់ជាងវ័យនោះ សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ព្រោះការទទួលទានទឹកគ្រប់គ្រាន់ នឹងធ្វើឱ្យស្បែករបស់អ្នកមានសំណើម ភ្លឺរលោក និងមិនគ្រើមជ្រីវជ្រួញឡើយ។
យ៉ាងម៉េចហើយ? ក្រោយពីបានអានហើយតើអ្នកយល់យ៉ាងណាដែរ? ឡារ៉ែន មិនដឹងថាអ្នកមានការយល់ឃើញយ៉ាងណានោះទេ តែបើអ្នកពិតជាចង់ឱ្យខ្លួនមានសម្រស់ស្រស់ស្អាត មើលទៅក្មេងជាងវ័យនោះ អ្នកត្រូវតែអនុវត្តតាមការណែនាំខាងលើនេះឱ្យបាន៕