Skip to content

“ជ្រុញ” នឹងបង្កគ្រោះថ្នាក់ដល់សុខភាព បើប្រើប្រាស់ និងទុកដាក់មិនត្រូវវិធី

ខណៈដែលការយកចិត្តទុកដាក់លើរឿងសុខភាពកំពុងតែត្រូវបានចាប់អារម្មណ៍ខ្លាំង ហើយមនុស្សជាច្រើនបានងាកយកចិត្តទុកដាក់លើការធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងនៅក្នុងចង្រ្កានវិញម្ដងនោះ ក្រៅពីឆ្នាំង ចាន ខ្ទះ វែក និងកាំបិតធ្វើបន្លែសាច់ហើយនោះ នៅមានវត្ថុសំខាន់មួយទៀត និងមិនអាចខ្វះបាននោះគឺ “ជ្រុញ”។ តើនៅក្នុងផ្ទះរបស់អ្នក មានជ្រុញប៉ុន្មានដែរ? បើឆ្លើយថា មានតែ 1 គត់! អ្នកគ្រូ ឆវីប្រហែលជាត្រូវប្រាប់ថា នោះគឺជារឿងគ្រោះថ្នាក់ហើយ។

ព្រោះ “ជ្រុញ” ជាឧបករណ៍ផ្ទះបាយដ៏សំខាន់មួយក្នុងការរៀបចំបន្លែត្រីសាច់ដើម្បីត្រៀមចម្អិន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអាហារទាំងនៅឆៅ និងឆ្អិនអាចញ៉ាំបានផង ដូច្នេះបើសិនអ្នកត្រៀមម្ហូបអាហារមិនបានមើលថែទាំ សម្អាតជ្រុញឱ្យបានស្អាតល្អទេនោះ ជ្រុញអាចនឹងកខ្វក់ រហូតបង្កើតជាមេរោគឡើង និងអាចធ្វើឱ្យអ្នកបរិភោគម្ហូបអាហារនោះកើតអាការឈឺថ្កាត់បាន។

“ជ្រុញ” អាចបង្ករោគបានមែនឬ?

អ្នកជំនាញក្នុងស្ថាប័នភោជនាហារក្នុងប្រទេសថៃ បាននិយាយថា បន្ទះជ្រុញមិនបានបង្កឱ្យកើតមេរោគអ្វីដល់រាងកាយទេ តែវិធីការប្រើប្រាស់ជ្រុញ រួមទាំងការថែទាំរក្សាទុកដាក់ជ្រុញមិនបានល្អ អាចបង្កឱ្យកើតរោគាព្យាធិបាន។ វិធីដែលអាចបង្កឱ្យកើតជាជំងឺគឺ ការហាន់សាច់សត្វឆៅៗនៅលើជ្រុញជាមុន រួចតាមដោយបន្លែ ឬផ្លែឈើស្រស់ៗ អាចធ្វើឱ្យមេរោគពីសាច់សត្វឆៅ(ដែលមិនទាន់ឆ្លងកាត់ការស្ងោរឱ្យឆ្អិនសម្លាប់មេរោគ)មកជាប់នៅលើបន្លែ ឬផ្លែឈើស្រស់ទាំងនោះ ហើយបើទទួលទានបន្លែផ្លែឈើទាំងនោះទាំងស្រស់ ដោយមិនបានឆ្លងកាត់កម្ដៅដែលខ្លាំងគ្រប់គ្រាន់នោះ អាចនឹងធ្វើឱ្យយើងបានទទួលមេរោគ ឬអតិសុខុមប្រាណទាំងនោះចូលមកក្នុងរាងកាយដោយងាយ។

ក្រៅពីនេះ ជ្រុញដែលចាស់ និងប្រើមកយូរឆ្នាំហើយ បើសិនលាងសម្អាតមិនបានស្អាតល្អ អាចមានភាពប្រថុយប្រថានក្នុងការជួបមេរោគនៅតាមកន្លុកកន្លៀតសាច់ឈើដែលប្រេះបែក ឬតាមស្នាមមុខកាំបិតដែលមុតនៅលើជ្រុញប្លាស្ទិក បើយើងញ៉ាំអាហារដែលប្រឡាក់ប្រឡូសមេរោគពីជ្រុញចូលទៅក្នុងរាងកាយ អាចធ្វើឱ្យយើងមានអាការរាករូស ដូចជា ៈ

– មេរោគ អ៊ីខូឡៃ ដែលមកពីសាច់សត្វឆៅៗ ធ្វើឱ្យកើតអាការរាករូស។

– មេរោគ សាល់ម៉ូនេលឡា ដែលមកពីសាច់សត្វស្លាបឆៅ ដូចជា សាច់មាន់ ស៊ុត រួមទាំងសាច់គោ និងបន្លែផ្លែឈើដែលមិនបានលាងសម្អាត អាចបណ្ដាលឱ្យចុកពោះ គ្រុនក្ដៅ ក្អួតចង្អោរបាន។

– មេរោគដែលសាងសារធាតុពុល ដូចជា អាហ្វ្លាតុកស៊ីន និងបើកើតមានការប្រមូលសន្សំនៅក្នុងរាងកាយយូរទៅ អាចបង្កឱ្យកើតរោគមហារីកបាន។

-មេរោគ លីស្្ទីរៀ ម៉ូណូសៃតូជីនេស ច្រើនប្រទះឃើញនៅក្នុងអាហារដែលប្រឡាក់ប្រឡូសក្នុងទឹកកខ្វក់ ឬលាមកមនុស្ស និងសត្វ អាចធ្វើឱ្យប្រថុយប្រថានដល់ការកើតរោគ Listeriosis លោហិតមានជាតិពុល និងរលាកសាច់ភ្នាសខួរក្បាល និងបំផ្លាញប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយ។

ជ្រុញឈើ និងជ្រុញប្លាស្ទិក

អ្នកជំនាញការបានបញ្ជាក់ថា ជ្រុញមានទាំងធ្វើពីប្លាស្ទិក ឈើ និងអាចធ្វើពីវត្ថុផ្សេងទៀតផងដែរ។ ចំណុចល្អរបស់ជ្រុញប្លាស្ទិកគឺ មានតម្លៃថោក ជាប់បានយូរ តែចំណុចមិនល្អរបស់វាគឺ មានភាពប្រថុយក្នុងការសឹកដាច់ និងមានការលាយឡំសាច់ប្លាស្ទិកចូលទៅក្នុងអាហារ។ ចំណែកឯចំណុចល្អរបស់ជ្រុញឈើគឺ ជ្រុញឈើជាវត្ថុពីធម្មជាតិ នៅពេលមានការសឹកដាច់ ហើយលាយឡំចូលទៅក្នុងអាហារ ក៏រាងកាយរបស់យើងមិនមានគ្រោះថ្នាក់អ្វីដែរ តែចំណុចមិនល្អរបស់ជ្រុញឈើគឺ ឆាប់សឹក សាច់ឈើមានប្រហោង ឬរន្ធច្រើន បៀមសំណើមយូរធ្វើឱ្យមានការប្រមូលសន្សំរបស់មេរោគ ឬអតិសុខុមប្រាណច្រើនជាងជ្រុញប្លាស្ទិក។

វិធីលាងសម្អាត និងថែរក្សាទុកដាក់ជ្រុញយ៉ាងត្រឹមត្រូវ

– គួរលាងសម្អាតជ្រុញទាំងមុន និងក្រោយពីប្រើការហើយ។

– ត្រូវកម្ចាត់កំណកខ្លាញ់នៅលើជ្រុញដោយទឹកសាប៊ូលាងចាន ហើយលាងចេញដោយទឹកស្អាត ឬប្រើទឹកខ្មេះ ទឹកក្រូចឆ្មារក្នុងការសម្លាប់មេរោគដែលតោងជាប់នៅលើជ្រុញ តែមិនគួរប្រើដែកដុសឆ្នាំងដុសសម្អាតលើជ្រុញឡើយ ព្រោះអាចនឹងធ្វើឱ្យកើតមានស្នាមដាច់ជ្រៅនៅលើសាច់ជ្រុញដែលអាចក្លាយជាប្រភពប្រមូលសន្សំមេរោគបាន។

– ហាមប្រើក្រណាត់កខ្វក់ជូត ព្រោះអាចនឹងក្លាយជាការនាំមេរោគមកប្រឡាក់ជាប់នឹងអាហារបាន។

– កុំភ្លេច! ត្រូវប្រើជ្រុញផ្សេងៗពីគ្នាសម្រាប់ហាន់សាច់សត្វឆៅ សម្រាប់ហាន់បន្លែផ្លែឈើ និងសម្រាប់ហាន់អាហារដែលចម្អិនឆ្អិនហើយ។

– ជ្រុញដែលមិនបានប្រើការ គួរមានគម្របគ្របដើម្បីការពារសត្វរុញមករោម និងទុកដាក់នៅលើកន្លែងដែលខ្ពស់។

– បើជាជ្រុញឈើ ចូរយកទៅដាក់ហាលថ្ងៃឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យកើតមេរោគផ្សិត និងយកទៅទុកនៅពេលដែលជ្រុញស្ងួតល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *