មិនព្រមទៅសាលារៀន…ក្មេងជំនាន់ថ្មីនេះមានបញ្ហានេះកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ នេះក៏ដោយសារតែឪពុកម្ដាយចិញ្ចឹមកូនឱ្យរស់នៅស្រួល និងនៅចាំជួយកូនស្ទើរតែគ្រប់រឿង ខណៈពេលជាមួយគ្នាឪពុកម្ដាយខ្លះក៏មានការបង្ខំ ឬប្រញាប់បញ្ជូនឱ្យឆាប់ទៅសាលារៀនពេក ដោយមិនមើលពីសមត្ថភាពរបស់ក្មេងជាចម្បង។ ព្យាយាមបង្ខំ ឬជំរុញឱ្យក្មេងអានសៀវភៅ ឱ្យសរសេរអក្សរច្រើនៗតាំងពីអាយុ 4 – 5ឆ្នាំ ឱ្យគិតលេខឱ្យបាន…ហើយបើយ៉ាងហ្នឹងៗ តើមិនឱ្យក្មេងយំចង់តែនៅផ្ទះ មិនចង់ទៅសាលាយ៉ាងម៉េចនឹងបាន?
ក្មេងមិនចង់ទៅសាលារៀនមានមូលហេតុមកពីអ្វី?
1 . វិតក្កកង្វល់ ខ្លាចការព្រាត់ប្រាសពីឪពុកម្ដាយ ខ្លាចប៉ាម៉ាក់លែងស្រឡាញ់។
2 . រៀនអក្សមិនទាន់ រៀនមិនយល់ គ្រូដាក់ទណ្ឌកម្មធ្ងន់។
3 . លេងជាមួយពួកម៉ាកមិនសប្បាយ ចូលជាមួយមិត្តភ័ក្តិ និងគ្រូមិនចុះ មិនចេះសម្របខ្លួន។
4 . ការចិញ្ចឹមថែទាំដែលបណ្ដោយតាមចិត្តកូន ឬធ្វើជំនួសកូនច្រើនពេក រហូតដល់ក្មេងធ្លាប់ខ្លួននឹងទង្វើតាមចិត្តខ្លួនឯង។
5 . មិនទាន់មានជំនាញគ្រឹះលើផ្នែកការលេង ការនៅរួមជាមួយអ្នកដទៃ និងការកែបញ្ហាចំពោះមុខ។
កូនមិនព្រមទៅសាលារៀន គួរធ្វើយ៉ាងណាទើបល្អ?
1 . កែសម្រួលវិធីការចិញ្ចឹមថែទាំ ឱ្យចេះជួយខ្លួនឯង និងចេះជួយធ្វើការងារផ្ទះសួនរួម ដោយមានឪពុកម្ដាយនៅក្បែរ ចាំលើកទឹកចិត្ត តែមិនធ្វើជំនួសកូនទាំងអស់នោះទេ។
2 . បង្ហាត់ជំនាញគ្រឹះលើផ្នែកការលេង និងការរស់នៅរួមជាមួយអ្នកដទៃ។
3 . ឱ្យទៅសាលារៀនរាល់ថ្ងៃដោយមិនចាំបាច់ត្រូវឱ្យឈប់ ដោយសុំជំនួយពីគ្រូៗឱ្យមកនៅចាំទទួលនៅកន្លែងទទួលក្មេង ដើម្បីធ្វើឱ្យរយៈពេលបែកគ្នាពេលជូនទៅដល់សាលាខ្លីបំផុត។
4 . ជួយកូនឱ្យបានលេងជាមួយមិត្តភ័ក្ដិនៅសាលាឱ្យបានច្រើន។
5 . ទៅទទួលមកផ្ទះវិញឱ្យចំពេលវេលា។
ពេលព្រឹកមិនគួរអប់រំប្រដៅដាស់តឿនច្រើនទេ នៅពេលក្មេងមានអាកប្បកិរិយាយឺតយ៉ាវ ស្ពឹកស្រពន់។ បើមិនព្រមងូតទឹក ក៏មិនអីដែរ តែត្រូវទៅសាលា ឬបើមិនព្រមញ៉ាំបាយ ក៏យកបាយដាក់ប្រអប់ទៅ។ ខណៈពេលធ្វើដំណើរ ចូរនាំនិយាយពីរឿងសប្បាយៗ ដូចជារៀបផែនការថា នឹងធ្វើអ្វីនៅពេលល្ងាច ជាដើម។ កុំចាប់អារម្មណ៍នឹងពាក្យសម្ដីដដែលៗរបស់កូន កុំខឹង និងកុំធុញទ្រាន់ និងបើនៅតែមិនបានផលល្អទៀតនោះ ចូរទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តកុមារ៕