មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។
1 . ធ្វើអ្វីថ្នមៗខ្លះផង
ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ… អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហ្នឹងណា៎។
2 . ត្រូវរកជំនួយការដែលទុកចិត្តបាន
ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះ ចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេ ដើម្បីអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាតូចដែលកំពុងគេងនៅក្នុងផ្ទៃហ្នឹងឯង។
3 . យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួនឯងយ៉ាងម៉ឺងម៉ាត់
ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរណ៍មាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។
4 . គេងលក់ និងសម្រាក
អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយ ដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។
5 . មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា
ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេស បើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើ និងថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។
6 . ផ្លូវចិត្តរីករាយស្រឡះ
ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។
ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕