មនុស្សជាច្រើនដែលកើតជំងឺគ្រុនក្ដៅ ហើយចង់ឆាប់ជាទៅវិញឱ្យលឿនៗនោះ អាចនឹងសំពះអង្វរសុំឱ្យលោកគ្រូពេទ្យជួយចាក់ថ្នាំឱ្យ ព្រោះគិតថា ថ្នាំចាក់វាបញ្ចេញឥទ្ធិពលខ្លាំងជាង រហ័សជាង ហើយបន្ទាប់ពីនោះ ក៏សុំចាក់ថ្នាំជារឿយៗរហុតមក ទោះជាតម្លៃវារាងខ្ពស់ជាងថ្នាំលេបក៏ដោយ តែក៏ចេះគិតតែខ្លួនឯងថា ឱ្យតែឈឺថ្កាត់ពេលណា មានតែថ្នាំចាក់ទេទើបអាចទប់ទល់បាន…តើរឿងនេះពិតមែនឬទេ? តើថ្នាំចាក់ និងថ្នាំលេបខុសគ្នាយ៉ាងណា? បញ្ចេញឫទ្ធិមិនស្មើគ្នាមែនឬ? ហើយបើសិនចាក់ថ្នាំញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់រាងកាយឬទេ? យើងនាំគ្នាមកមើលពីចម្លើយទាំងអស់គ្នាដូចខាងក្រោម…។
ថ្នាំចាក់ VS ថ្នាំលេប
ការពិតទៅ ថ្នាំចាក់ និងថ្នាំលេប បើមានកម្រិតថ្នាំស្មើគ្នា វានឹងបញ្ចេញឫទ្ធិស្មើគ្នា ដែលតាមគោលការណ៍ប្រើប្រាស់ថ្នាំវិញនោះ គ្រូពេទ្យនឹងនឹកទៅដល់ប្រសិទ្ធភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បងក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យទៅអ្នកជំងឺ ខ្លាំងជាងការគិតតែថា ថ្នាំណាឆាប់បញ្ចេញឥទ្ធិពលជាងតែម្យ៉ាងនោះ ដូច្នេះហើយទើបការប្រើថ្នាំលេបហាក់ដូចជាមានសុវត្ថិភាពល្អជាង។
គ្រោះថ្នាក់ពីថ្នាំចាក់
ទោះជាថ្នាំចាក់ឆាប់បញ្ចេញឥទ្ធិពលមែន តែក៏មានភាពប្រថុយប្រថានមិនតិចឡើយ ព្រោះនៅពេលចាក់ថ្នាំចូលក្នុងសរសៃឈាមហើយ ថ្នាំនឹងចូលឆ្ពោះទៅរកក្រសែឈាមរត់បានភ្លាមតែម្ដង ហើយបើរកឃើញថាអ្នកជំងឺមានប្រតិកម្មចាញ់ថ្នាំ ឬបានទទួលថ្នាំខុស ក៏នឹងកើតមានអាការខុសប្រក្រតីយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរជាងថ្នាំលេបទៅទៀត។
ក្រៅអំពីនេះ ថ្នាំចាក់ថែមទាំងមានតម្លៃខ្ពស់ជាងថ្នាំលេបទៅទៀត ក្រៅតែពីអស់ថ្លៃចាយវាយលើរឿងថ្នាំដោយឥតប្រយោជន៍ហើយនោះ យើងគួរតែដាស់តឿនខ្លួនឯងថា ថ្នាំចាក់មានគ្រោះថ្នាក់ជាងថ្នាំលេប។
តើអ្នកជំងឺអាចសុំថ្នាំចាក់ពីគ្រូពេទ្យដោយខ្លួនឯងបានឬទេ?
ការសុំថ្នាំចាក់ គួរត្រូវបានពិចារណាដោយលោកគ្រូពេទ្យតែប៉ុណ្ណោះ ដើម្បីការប្រើប្រាស់ថ្នាំយ៉ាងមានសុវត្ថិភាព និងសមនឹងតម្លៃ។ ដូច្នេះលើកក្រោយ ចូរកុំចេះតែគិតតែខ្លួនឯងថា ទាល់តែចាក់ថ្នាំទើបព្យាបាលជាឱ្យសោះ ទុកឱ្យលោកគ្រូពេទ្យជាអ្នកពិចារណាលើការព្យាបាលឱ្យយើងទើបជាការប្រសើរជាង៕