នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា យើងមិនបានរឹងមាំ ក្លៀវក្លាស្វាហាប់ដូចកាលពីសម័យរៀន ឬដូចអំឡុងពេលនៅស្ទាវឡើយ។ ធ្វើការបានមួយរយៈ ក៏ចាប់ផ្ដើមមានរោគាព្យាធិជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់មានពីមុនមកឡើយ មិនថាតែឈឺក្បាល វិលមុខ ចុកពោះ ក្រួសតម្រងនោម ឈឺខ្នងចុកស្មា រោគក្រពះអាហារ រហូតទៅដល់ខ្លាញ់រុំថ្លើម ឬកើតដុំគីស្ត ជាដើម។ល។
ក្រៅពីរោគាព្យាធិជំងឺដង្កាត់ហើយ បញ្ហាដែលចេញមកព្រមជាមួយនឹងវ័យក៏មានដែរ ដូចជា ជ្រុះសក់ ស្លាកស្នាមជ្រីវជ្រួញសម្បុរស្បែកខ្មៅស្រអាប់ ភ្នែកមើលលែងសូវឃើញ ឬមានភាពធុញថប់តានតឹងក្នុងអារម្មណ៍ប្រមូលសន្សំរហូតគេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ទើបត្រូវពឹងលើវីតាមីនបន្ថែម តែមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងគួរពិនិត្យមើលជាមុនសិនថា តើយើងមានបញ្ហាទាំងនោះឬទេ? បើមាន ត្រូវទទួលទានវីតាមីនមួយណា? ដូចជា…ៈ
សម្បុរស្បែកក្រៀមក្រោះ មានស្លាកស្នាម លែងតឹងណែនរលោង
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC ខូឡាជេន វីតាមីនA អូមេហ្កា3 និងសារធាតុដែក។
ជ្រុះសក់ ក្រចកដៃ-ជើងស្រួយ ងាយប្រេះរហែក
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន B2 និងជាតិស័ង្កសី(Zinc)។
មិនស្រួលខ្លួន កើតជំងឺគ្រុនផ្ដាសាយញឹកញាប់
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនC វីតាមីន B និងសារធាតុដែក។
សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម និងអូមេហ្កា3។
ឆ្អឹង និងសន្លាក់តាមរាងកាយចាប់ផ្ដើមឈឺចុករួយ
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនD , K កាលស្យូម និងផូស្វ័រ។
ភ្នែកចាប់ផ្ដើមឈឺចុករួយ និងស្រវាំងមើលលែងច្បាស់
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីនA និងវីតាមិនB2។
ភាពតានតឹងក្នុងអារម្មណ៍ចាប់ផ្ដើមមានច្រើនឡើង
វីតាមីនបន្ថែមដែលចង់ណែនាំឱ្យទទួលទាន ៈ វីតាមីន Bរួម វីតាមិនC និងម៉ាញេស្យូម។
តើយើងចាំបាច់ត្រូវទទួលទានវីតាមិនបន្ថែមឬទេ?
ជាសំណួរមួយដ៏ល្បីល្បាញដែលមនុស្សជាច្រើនតែងតែលួចគិត…វីតាមីនមួយកំប៉ុងតម្លៃមិនមែនតិចតួចឡើយ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែនឬយ៉ាងណា?។ ចម្លើយក៏គឺ មិនចាំបាច់ទេ…វីតាមីនបន្ថែមគ្រាន់តែជាវត្ថុជំនួយសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលវេលាមើលថែទាំខ្លួនឯងច្រើនប៉ុន្មានប៉ុណ្ណោះ។ អាចហៅបានថាជាវត្ថុជំនួយរបស់អ្នកទីក្រុងដែលត្រូវធ្វើការច្រើន រហូតមិនអាចរៀបចំចាត់ចែងម្ហូបអាហារ ចាត់ចែងពេលវេលាហាត់ប្រាណសម្រាប់់់ខ្លួនឯងឱ្យបានតាមតម្រូវការ។
តែនឹងជាការល្អប្រសើរខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈការទទួលទានអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណតម្លៃខាងសារធាតុអាហារគ្រប់ទាំង 5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាកយ៉ាងគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរបន្ថយអារម្មណ៍ដោយកិច្ចការងារណាដែលខ្លួនចូលចិត្ត។ តែប៉ុនហ្នឹងអ្នកក៏មិនចាំបាច់អស់លុយទៅទិញវីតាមីនតម្លៃថ្លៃៗមកទទួលទានបានទៅហើយ។
តែបើសិនកើតមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយដែលនឹងជួយជីវិតអ្នកបានដូចគ្នាដែរ ដូច្នេះអ្នកត្រូវពិនិត្យមើលខ្លួនឯងថា តើរូបអ្នកមានភាពចាំបាច់ក្នុងការត្រូវទទួលទានវីតាមីនបន្ថែមច្រើន ឬតិចប៉ុនណា?។
ចំណុចមិនល្អនៃការទទួលទានវីតាមីនបន្ថែម
បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរខ្លាំងពេក អាចនឹងធ្វើឱ្យរាងកាយបានទទួលវីតាមីននោះច្រើនលើសតម្រូវការ។ ថ្លើម និងក្រលៀនត្រូវធ្វើការយ៉ាងខ្លាំងដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើប្រាស់ និងត្រូវបញ្ចេញចោលនូវអ្វីដែលលើសតម្រូវការ ហើយការទទួលបានវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតរោគថែមឡើងបានដូចគ្នា ដូចជា បើទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងរោគក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬឈាមពិបាកក្នុងការឈប់ហូរ បើទទួលទានខ្លាញ់ថ្លើមត្រីច្រើនជ្រុលពេក ជាដើម។
ដូច្នេះ មុនទទួលទានវីតាមីនបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នឱ្យបានច្បាស់ផង ដើម្បីឱ្យបានទទួលមកតែប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងចង់បាន៕