អាការងងឹតមុខ គឺអាការដែលបាត់បង់ស្មារតីមួយភ្លែត និងអាចដួលទាំងជំហរ គឺជាការដួលបាត់បង់ស្មារតី ដែលមានតាំងពីខ្យល់គរធម្មតា រហូតទៅដល់ខ្យល់គរដួលដោយសារតែភាពខុសប្រក្រតីកម្រិតធ្ងន់ធ្ងររបស់បេះដូង។
អាការងងឹតមុខដួលទាំងជំហរ ឬអាការខ្យល់គរបាត់ស្មារតី ជាអាការដែលជួបប្រទះញឹកញាប់ ជាសភាវដែលរាងកាយបាត់បង់ការដឹងខ្លួន និងបាត់បង់កម្លាំងរបស់សាច់ដុំមួយខណៈពេល ដែលជាផលប៉ះពាល់បណ្ដាលមកពីឈាមដែលរត់ទៅចិញ្ចឹមមែកធាងនៃប្រព័ន្ធប្រសាទខួរក្បាលថយចុះ ដែលមានបច្ច័យពាក់ព័ន្ធពីបរិមាណឈាមដែលចេញពីបេះដូង និងកម្លាំងទប់ទល់របស់សរសៃឈាមទូទាំងរាងកាយ។ អាការងងឹតមុខដួលទាំងជំហរនេះ ច្រើនតែដឹងខ្លួនប្រក្រតីឡើងវិញដោយខ្លួនឯង និងអាចកើតដដែលៗឡើងទៀតបាន។
តាមរយៈការសិក្សាស្រាវជ្រាវនៅបរទេសបានរកឃើញថា ស្ទើរ 10% នៃអ្នកជំងឺដែលមកជួបគ្រូពេទ្យដើម្បីចូលព្យាបាល និងមានមនុស្សចាស់ជាង 50% សុទ្ធតែធ្លាប់កើតអាការងងឹតមុខដួលទាំងជំហរនេះរួចមកហើយយ៉ាងតិចក៏ 1 ដងដែរ។
អ្នកកើតអាការងងឹតមុខដួលទាំងជំហរដែលរកមូលហេតុមិនឃើញ មានអត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតឡើងខ្ពស់ដល់ទៅ 6% ដោយ 4% បាត់បង់ជីវិតបែបទាន់ហន់ តែបើមានមូលហេតុមកពីជំងឺបេះដូងវិញ អត្រាបាត់បង់ជីវិតក្នុងឆ្នាំដំបូងដែលកើតនោះនឹងខ្ពស់ដល់ទៅ 18 – 33% ដោយ 24% ជាការបាត់បង់ជីវិតបែបទាន់ហន់។
សម្រាប់អ្នកដែលប្រកបអាជីព ដូចជា បុគ្គលិកបើកបររថយន្ត អ្នកបើកយន្តហោះ កម្មករសំណង់ ឬអ្នកប្រតិបត្តិការជាមួយគ្រឿងចក្រ រឹតតែមានភាពប្រថុយប្រថានខ្ពស់ក្នុងស្លាប់បាត់បង់ជីវិតបន្ទាប់ពីកើតអាការងងឹតមុខដួលទាំងជំហរនេះ។
អាការងងឹតមុខដួលទាំងជំហរនេះអាចបែងចែកបានជា 2 ក្រុមគឺ ក្រុមដែលកើតអាការងងឹតមុខដួលទាំងជំហរដោយសារសភាវលោហិតធ្លាក់ចុះទាបមួយខណៈពេល តែមិនមែនជាជំងឺបេះដូង ឬហៅងាយៗថា អាការងងឹតមុខខ្យល់គទូទៅ ដោយសារតែរាងកាយទ្រាំទ្រជាមួយនឹងសភាពបរិស្ថានជុំវិញខ្លួនលែងបាន ដោយមានមូលហេតុមកពីភាពតានតឹងធុញថប់ សម្រាកមិនបានគ្រប់គ្រាន់ ឈរ ឬអង្គុយយូរហួសហេតុពេក។ ចំណែកមួយក្រុមទៀតគឺ អាការងងឹតមុខដួលទាំងជំហរបណ្ដាលមកពីរោគបេះដូង និងសរសៃឈាម ដូចជាអត្រាលោតរបស់បេះដូងខុសប្រក្រតី ការណែនស្ទះរបស់សរសៃឈាម ជាដើម។
មូលហេតុរបស់ការកើតខ្យល់គស្ទើរតែបាត់ស្មារតី ឬបាត់ស្មារតីតែម្ដង មានច្រើនដូចតទៅ ៈ
1 . សភាវភ្ញាក់ផ្អើល ឬខូចចិត្តខ្លាំងក្លា
2 . ក្អក ឬកណ្ដាស់ខ្លាំងជ្រុលពេក
3 . ខណៈឈរបត់ជើងតូច ឬក្រោយពេលបត់ជើងតូចរួចបន្ទាប់ពីទ្រាំមកយូរ
4 . ហាត់ប្រាណខ្លាំងជ្រុលពេក
5 . បន្ទាប់ពីញ៉ាំអាហារច្រើនហួសហេតុ
6 . រលាកសរសៃប្រសាទខួរក្បាលទី 5,9
7 . កើតជំងឺខួរក្បាលចុះខ្សោយ
8 . ជំងឺ ផារគិនសុន (នៅលើអ្នកខ្លះដែលមានប្រព័ន្ធប្រសាទអត្តនោម័តិខុសប្រក្រតីរួមជាមួយផង)
9 . ជំងឺទឹកនោមផ្អែម (នៅលើអ្នកជំងឺដែលសរសៃប្រសាទត្រូវបំផ្លាញដោយសារទឹកនោមផ្អែម)
10 . ដោយសារថ្នាំប្រភេទខ្លះ ដូចជាញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមច្រើនជ្រុលពេក
11 . ញ៉ាំស្រាច្រើនជ្រុលពេក
12 . ចំណុចកំណើតអគ្គិសនីរបស់បេះដូងចុះខ្សោយ
13 . បាត់បង់ឈាមច្រើន ឬបាត់បង់ជាតិទឹកអស់ពីរាងកាយច្រើនជ្រុលពេក ដូចជារាករូសធ្ងន់ធ្ងរ ក្អួតចង្អោរខ្លាំងក្លា
14 . សភាវបេះដូងលោតខុសចង្វាក់យ៉ាងខ្លាំងក្លា
15 . រោគសាច់ដុំបេះដូងក្រាស់ខុសប្រក្រតី
16 . សភាវជាតិស្ករនៅក្នុងឈាមទាប ឬខ្ពស់ជ្រុលពេក
វិធីប្រតិបត្តិនៅពេលកំពុងតែរកកលនឹងខ្យល់គបាត់ស្មារតី ៈ នៅពេលចាប់ផ្ដើមមានអាការ ចូរប្រញាប់រកកន្លែងសម្រាក ឬចាប់តោងអ្វីមួយទប់ខ្លួនឱ្យជាប់ និងតន្រ្តំជើង ដើម្បីឱ្យឈាមរត់ឆ្ពោះទៅបេះដូងបានច្រើនឡើង។ បើនៅតែមិនបានធូរស្រាល ចូរអង្គុយចុះ ហើយបើសិនតែនៅតែទាន់មិនធូរស្រាលទៀត ចូរគេងរាបនឹងដី ដើម្បីឱ្យឈាមហូរទៅចិញ្ចឹមខួរក្បាលបានច្រើនឡើង ហើយដែលនឹងអាចការពារការកើតខ្យល់គដួលទាំងជំហរ រួមទាំងកាត់បន្ថយការកើតមានរបួសស្នាមបើសិនជាដួលបោកទៅដី ឬទៅបុក ឬប៉ះនឹងវត្ថុផ្សេងៗបានទៀតផង។
បើកំពុងបើកបររថយន្ត គួរតែចតរថយន្តភ្លាម ហើយកាច់កៅអីទៅក្រោយឱ្យស្ថិតក្នុងឥរិយាបថគេងរាប។ បើស្ថិតនៅក្នុងរថយន្តដឹកអ្នកដំណើរ គួររកកន្លែងអង្គុយ ឬគេងនៅក្នុងរថយន្តនោះ ហើយប្រញាប់ប្រាប់អ្នកជិតខាងថា ខ្លួនកំពុងរកកលខ្យល់គងងឹតមុខដួល។ មិនគួរប្រញាប់ចុះពីរថយន្តឡើយ ព្រោះអាចនឹងដួលបាត់ស្មារតីនៅត្រង់ជណ្ដើរចុះពីរថយន្ត នាំឱ្យកើតគ្រោះថ្នាក់បាន៕