ក្រៅពីផ្លែម្រះហើយ នៅមានបន្លែរបស់ខ្មែរយើងមួយប្រភេទទៀតដែលល្បីឈ្មោះខ្លាំងក្នុងរឿងល្វីង នោះគឺ “ស្ដៅ” ដល់ថ្នាក់មានមុខម្ហូប ត្រីអាំងជ្រលក់ទឹកត្រីអម្ពិលទុំជូរអែម ដើម្បីឱ្យរសជាតិផ្អែមជូរមកសង្កត់រសជាតិល្វីងឱ្យទទួលបានរសជាតិដែលងាយស្រួលបរិភោគហ្នឹងឯង។
សួរថា ហេតុអ្វីបានជាជនជាតិខ្មែរយើងត្រូវខំព្យាយាមយកបន្លែស្ដៅមហាល្វីងនេះមកធ្វើជាមុខម្ហូបឱ្យងាយស្រួលទទួលទាន ជំនួសឱ្យការចៀសមិនចាំបាច់ទទួលទានតែម្ដងទៅធ្វើអី? ចម្លើយ ព្រោះស្ដៅមានប្រយោជន៍ដ៏ច្រើនដែលមានគុណតម្លៃហួសនឹងបោះចោល ឬទុកឱ្យចាស់ងាប់នៅលើដើមហ្នឹងឯង។ បើពាក្យចាស់និយាយថា “ផ្អែមគឺនំ ល្វីងគឺថ្នាំ” នោះ ស្ដៅគឺជាកំពូលឱសថបុរាណខ្មែរដ៏អស្ចារ្យដែលមិត្តអ្នកអានបានដឹងហើយអាចនឹងចង់ទទួលទានខ្លាំងឡើងក៏អាចថាបានដែរ។
. ឫសរបស់ដើមស្ដៅ យកមកស្ងោរយកទឹកពិសាដើម្បីជួយបណ្ដេញស្លេស្ម៍ក្នុងច្រមុះ និងបំពង់ក។
. សម្បកដើមស្ដៅ នាំយកមកធ្វើជាថ្នាំល្វីងជួយឱ្យពិសាបាយបាន បំបាត់អាការរាករូស និងយកមកស្ងោរយកទឹកមកលាងរបួស ឬដំបៅ។
. ដើម យកមកធ្វើជាថ្នាំបំបាត់អាការក្អួតចង្អោរ បំបាត់អាការខ្យល់ គ្រុនក្ដៅខ្លួន និងគ្រុនរងាញាក់។
. ស្លឹកស្ដៅ ជួយបណ្ដេញទឹករំលាយអាហារនៅក្នុងក្រពះ ជួយឱ្យរំលាយអាហារបានច្រើនឡើង។ បំបាត់គ្រុនក្ដៅ សម្លាប់សត្វល្អិតក្នុងពោះវៀន បំប៉នលោហិត និងបំបាត់អាការក្ដៅក្នុងស្រេកទឹក។
. ផ្កាស្ដៅ ជួយព្យាបាលរោគឫសដូងក្នុងបំពង់ក និងបំប៉នធាតុផ្សេងៗក្នុងរាងកាយ។
. ផ្លែស្ដៅខ្ចី ជួយព្យាបាលរោគឫសដូង សម្លាប់សត្វល្អិតក្នុងពោះវៀន ព្យាបាលអាការបត់ជើងតូចខុសប្រក្រតី និងជួយឱ្យពិសាបាយបាន។
. ផ្លែស្ដៅចាស់ យកមកធ្វើជាថ្នាំទម្លាក់សត្វល្អិត ព្យាបាលអាការរាលមួលមានសម្បោរឈាម ជាថ្នាំបញ្ចុះលាមក និងព្យាបាលរោគបេះដូងលោតខុសប្រក្រតី។
. ជ័រស្ដៅ ជួយពន្លត់ពិសកម្ដៅ ដកពិសគ្រុនក្ដៅ។
យ៉ាងណាក៏ដោយ ទោះជាស្ដៅមានគុណប្រយោជន៍ច្រើនក៏ដោយ តែក៏មិនមែនជាឱសថទិព្វគ្រប់គ្រងចក្កវាឡដែលអាចព្យាបាលរោគផ្សេងៗឱ្យជាដាច់ស្រឡះបានទាំងអស់ដែរ បើសិនជាសាកល្បងពិសាហើយ អាការផ្សេងៗទាំងនោះនៅតែមិនបានធូរស្រាលឡើងនោះ គួរប្រញាប់រូតរះទៅជួបគ្រូពេទ្យប្រសើរជាង និងបើជាស្រ្តីមានគភ៌ ឬមានជំងឺប្រចាំកាយ ដូចជាជំងឺឡើងឈាម រោគក្រពះផងនោះ គួរប្រឹក្សាគ្រូពេទ្យមុនទទួលទានថ្នាំស្ដៅ ដើម្បីកុំឱ្យអាការរបស់ជំងឺកាន់តែអាក្រក់ទៅ៕