កើតជំងឺគ្រុនផ្ដាសាយ ហឺត ស្ងួតក ឆ្លងមេរោគក្នុងប្រព័ន្ធដកដង្ហើម ប្រតិកម្មចាញ់ ជក់បារី របេង បំពង់ខ្យល់រីក និងផលប៉ះពាល់ផ្សេងៗពីថ្នាំមួយចំនួន ទាំងអស់នេះគឺជាមូលហេតុដែលធ្វើឱ្យយើងកើតអាការក្អក ទាំងក្អកស្ងួត ក្អកមានស្លេស្ម៍ ឬក្អករ៉ាំរ៉ៃ ជាដើម តែមិនថាក្អកបែបណាក៏ដោយ ក៏វាសាងនូវក្ដីរំខានដល់យើងរហូតទាំងយប់ទាំងថ្ងៃដែរ។ ពេលខ្លះក្អកឡើងក្រហមមុខ និងថែមទាំងក្អកនៅក្នុងទីសាធារណៈ ដូចជានៅក្នុងរថយន្តក្រុងជាដើម ក៏ខ្លាចគេឯងសម្លឹងមុខទៀតផង។ តែមិនអីទេ ឡារ៉ែន យល់ចិត្តលោកអ្នកចំពោះបញ្ហានេះ ទើបចង់សូមណែនាំពីវិធីបន្ថយអាការក្អកនេះឱ្យថយចុះយ៉ាងលឿនបំផុត ដែលទាំងងាយស្រួល និងបានផលល្អយ៉ាងពិតប្រាកដ។
1 . ញ៉ាំទឹកឱ្យច្រើនឡើង
ចាប់ផ្ដើមងាយៗជាមួយនឹងការញ៉ាំទឹកក្នុងមួយថ្ងៃៗឱ្យបានច្រើនឡើង។ អ្នកណាដែលមានស្លេស្ម៍នៅក្នុងបំពង់ក ទឹកនឹងជួយរំលាយស្លេស្ម៍ឱ្យតិចចុះបាន ចំណែកអ្នកណាដែលមានអាការក្អកស្ងួតៗវិញ ទឹកក៏ជួយឱ្យមានសំណើមនៅក្នុងបំពង់កបានដែរ និងធ្វើឱ្យអាការឈឺក្រហាយក្នុងបំពង់កថយចុះបានដូចគ្នា។
2 . ញ៉ាំទឹកក្ដៅឧណ្ហៗ
បើជ្រើសរើសយកការញ៉ាំទឹកឱ្យច្រើនឡើងហើយនោះ ក៏គួរជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗជំនួសការញ៉ាំទឹកត្រជាក់វិញ ព្រោះទឹកក្ដៅឧណ្ហៗនឹងជួយរំលាយស្លេស្ម៍ និងផ្ដល់សំណើមនៅក្នុងបំពង់កបានល្អជាងទឹកត្រជាក់។ ក្រៅពីនេះនៅអាចជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ និងក្រូចឆ្មារក្នុងចន្លោះពេលថ្ងៃបានផងដែរ។
3 . ងូតទឹកក្ដៅឧណ្ហៗ
ខាងក្នុងកក់ក្ដៅហើយ ខាងក្រៅក៏ត្រូវតែកក់ក្ដៅផងដែរ។ ការងូតទឹកក្ដៅឧណ្ហៗ ក្រៅពីនឹងជួយកាត់បន្ថយសំបោរបានហើយ នៅល្អចំពោះរាងកាយរបស់អ្នកកើតជំងឺផ្ដាសាយ និងកើតប្រតិកម្មចាញ់ផ្សេងៗបានទៀតផង។
4 . បៀមថ្នាំបំបាត់ក្អក
កុំគិតថា អាការក្អកនឹងបាត់ទៅវិញដោយឯកឯងឱ្យសោះ។ បើកើតអាការក្អកជាប់ៗគ្នាឡើងកោងខ្លួនដូចបង្គា ក្អកឡើងមិត្តភ័ក្តិជិតខាងធុញទ្រាន់ហើយនោះ គួរប្រញាប់រកថ្នាំបំបាត់ក្អកមកបៀមជាបន្ទាន់ ព្រោះក្នុងថ្នាំបំបាត់ក្អកនឹងមានផ្នែកផ្សំដែលនឹងជួយកាត់បន្ថយអាការក្រហាយនៅក្នុងបំពង់កបាន។
5 . ប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងអាកាសធាតុ
ផ្ទះណាដែលបើកម៉ាស៊ីនត្រជាក់គេង ដល់ពេលយប់ជ្រៅ អាកាសធាតុអាចនឹងស្ងួតរហូតធ្វើឱ្យអាការក្អកធ្ងន់ធ្ងរឡើងជាងមុន និងទោះជាអាកាសធាតុនៅក្នុងផ្ទះយើងហាក់ដូចជាក្ដៅសើមស្រាប់ហើយក៏ដោយ តែសម្រាប់អ្នកជំងឺដែលមានអាការឈឺក្រហាយបំពង់កស្រាប់ហើយនោះ ធាតុអាកាសស្ងួតៗ ត្រជាក់ៗនឹងរឹតតែធ្វើឱ្យអាការក្អកកម្រើកធ្ងន់ធ្ងរឡើងជាងមុន និងអាចមានអាការតឹងច្រមុះរួមជាមួយផង ដូច្នេះបើសិនប្រើម៉ាស៊ីនធ្វើឱ្យមានសំណើមក្នុងបន្ទប់គេងផងនោះ ក៏នឹងជួយសម្រាលអាការក្អក និងឈឺក្រហាយបំពង់កបាន។
កំណត់សម្គាល់ ៈ ម៉ាស៊ីនធ្វើសំណើម ជាម៉ាស៊ីនដែលដោតភ្លើងអគ្គិសនីហើយមានចំហាយទឹកបាញ់ចេញមក អាចបន្ថែមភាពសើមនៅក្នុងអាកាសធាតុក្នុងបន្ទប់បាន(មន្ទីរពេទ្យមួយចំនួននឹងមានម៉ាស៊ីនបន្ថែមសំណើមនេះនៅក្នុងបន្ទប់អ្នកជំងឺ)។ វានឹងមានក្លិនក្រអូប ឬគ្មានក្លិន ស្រេចតែចំណង់ចំណូលចិត្ត តែបើជ្រើសរើសមានក្លិន ក៏នឹងជួយឱ្យគេងលក់ស្រួល ដូចជាក្លិនផ្កាខាបូម៉ាយដ៍ ក្លិនផ្កាឡាវេនឌើរ ក៏នឹងជួយឱ្យយើងងាយគេងលក់ និងសម្រាកបានពេញទំហឹងទៀតផង។
6 . តមជក់បារី
អ្នកណាដែលជក់បារី គួរតមជក់បារីដាច់ខាតក្នុងអំឡុងពេលដែលកើតអាការក្អក ព្រោះការជក់បារីនឹងធ្វើឱ្យក្រហាយបំពង់កកាន់តែខ្លាំងឡើង និងថែមទាំងអាចធ្វើឱ្យកើតស្លេស្ម៍ច្រើនឡើងបានទៀតផង(តែ ឡារ៉ែនចង់ណែនាំឱ្យឈប់ជក់បារីតែម្ដងទៅល្អជាង )។ តែបើលោកអ្នកមិនមែនជាអ្នកជក់បារីទេនោះ ក៏គួរស្ថិតនៅឱ្យឆ្ងាយពីអ្នកជក់បារី ឬក្រុមមនុស្សដែលជក់បារីដូចគ្នា។
7 . តមប្រើទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ
គ្រឿងផ្សំរបស់ទឹកអប់ និងស្រ្បៃយ៍ផ្សេងៗ(រួមទាំងស្រ្បៃយ៍ក្រអូបដែលបាញ់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់់ផង)ធ្វើឱ្យរន្ធច្រមុះកើតអាការស្ងួតក្រហាយ និងអាចជាមូលហេតុដែលធ្វើឱ្យកើតមានស្លេស្ម៍ច្រើនឡើង ឬក្អករ៉ាំរ៉ៃបាន។
8 . ចៀសវាងពីធូលីដី និងផ្សែងផ្សេងៗ
ក្រៅពីទឹកអប់ និងស្រ្បៃយ៍ហើយ អាកាសធាតុជុំវិញខ្លួន ដូចជាអាកាសធាតុស្ងួតៗពីម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ ធូលីផ្សែងពីបំពង់សឺម៉ាំងឡាន ផ្សែងពីការចម្អិនម្ហូបអាហារ ធាតុអាកាសពុលទាំងអស់នេះអាចធ្វើឱ្យកើតអាការស្ងួតក្រហាយរន្ធច្រមុះ និងបំពង់កបាន ដូច្នេះខណៈដែលកើតអាការក្អក គួរពាក់ម៉ាស់បាំងមាត់ និងច្រមុះដើម្បីការពារខ្លួនឯងពីធាតុអាកាសពុលទាំងនោះផង។
9 . គេងសម្រាកឱ្យបានច្រើនឡើង
ភាគច្រើនទៅ អាការក្អកដែលអាក្រក់ទៅៗជារឿយៗ ឬមិនងាយជានោះ គឺដោយសារតែរាងកាយមិនមានពេលវេលាក្នុងការជួសជុលខ្លួនឯង ព្រោះយើងប្រើប្រាស់រាងកាយរបស់យើងធ្ងន់ធ្ងរជ្រុលពេក រហូតមានពេលសម្រាកតិចតួចបំផុតហ្នឹងឯង ដូច្នេះបើសិនដឹងខ្លួនថាឈឺ ក្អកខ្លាំង គួរប្រញាប់ចូលគេងតាំងពីក្បាលព្រលប់ តាំងពីធាតុអាកាសនៅមិនទាន់ត្រជាក់ខ្លាំង និងសម្រាកឱ្យបានគ្រប់គ្រាន់។
10 . ទៅជួបគ្រូពេទ្យ
វិធីចុងក្រោយដែលអាចពឹងបាន គឺការទៅជួបលោកគ្រូពេទ្យឱ្យដឹងគ្នាតែម្ដងទៅ ព្រោះអាការក្អកដែលយើងកើតមកយូរហើយ និងធ្វើគ្រប់វិធីហើយក៏នៅតែមិនបាត់ទៀតនោះ អាចនឹងមិនមែនជាអាការក្អកធម្មតាៗនោះទេ អាចជាអាការដំបូងដែលជាសញ្ញាដាស់តឿនពីជំងឺគ្រោះថ្នាក់ផ្សេងៗដែលនឹងកើតនៅពេលក្រោយ ដូច្នេះការទៅជួបលោកគ្រូពេទ្យគឺជារឿងចាំបាច់បំផុតសម្រាប់នរណាក៏ដោយដែលមានអាការក្អកមិនធូរស្រាលសោះក្នុងរយៈ 1 – 2 សប្ដាហ៍៕