បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម មានបំណងទិញយកទៅប្រើប្រាស់។
ឈុតវ៉ាក់សាំងទប់ស្កាត់ Covid-19 មានឈ្មោះថា Sputnik V ដែលត្រូវបានផលិតជាលើកដំបូង ត្រូវបានរុស្ស៊ីប្រកាសដាក់ឱ្យប្រើប្រាស់ ហើយតាមគម្រោងវានឹងត្រូវយកទៅចាក់បង្ការជូនក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងអាទិត្យនេះ។
“ឈុតវ៉ាក់សាំង Sputnik V ដំបូងគេដែលត្រូវបានអភិវឌ្ឍដោយជម្ឈមណ្ឌលស្រាវជ្រាវផ្នែករោគឆ្លង និងអតិសុខុមប្រាណ Gamaleya របស់ក្រសួងសុខាភិបាលរុស្ស៊ី បានឆ្លងផុតដំណាក់កាលសាកល្បងទៅលើគុណភាព និងត្រូវបានដាក់ឱ្យប្រើប្រាស់” នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃទី8កញ្ញារបស់ក្រសួងសុខាភិបាលរុស្ស៊ី។
មុននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី Mikhail Murashko បានប្រកាសថា ការចាក់វ៉ាក់សាំង Sputnik V ដែលស្ថិតក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 សម្រាប់ចាក់ឱ្យក្រុមអ្នកស្ម័គ្រចិត្ត នឹងត្រូវចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះ។
សូមបញ្ជាក់ថា រុស្ស៊ីបានចុះឈ្មោះវ៉ាក់សាំង Sputnik V កាលពីថ្ងៃទី11សីហា ក្រោយពីបានបញ្ចប់ការប្រើប្រាស់សាកល្បងដំណាក់កាលទី1 និងទី2។ ប្រការនេះបានជួយឱ្យរុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបានផ្ដល់ការអនុម័តទៅលើវ៉ាក់សាំង COVID-19។
នៅដើមសប្ដាហ៍នេះ ទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet ក៏បានចុះផ្សាយអំពីការប្រើប្រាស់សាកល្បងវ៉ាក់សាំង Sputnik V ដំណាក់ទី1 និងទី2។ ទន្ទឹមនឹងនេះ The Lancet ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សាកល្បងក្នុងរយៈពេលវែងក៏នឹងនៅតែត្រូវធ្វើឡើងជាបន្តដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។
អភិបាលក្រុងម៉ូស្គូ លោក Sergey Sobyanin បានបង្ហើបឱ្យដឹងថា ការប្រើប្រាស់សាកល្បងក្រោយពីការចុះឈ្មោះរបស់វ៉ាក់សាំង Sputnik V នៅទីក្រុងម៉ូស្គូ អាចប្រើពេលចាប់ពី2ទៅ6ខែ។ ចំណែកកម្មវិធីចាក់វ៉ាក់សាំងបង្ការCOVID-19 ជាទូទៅនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ជាកន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីCOVID-19 តាមគម្រោងនឹងត្រូវចាប់ផ្ដើមនៅចុងឆ្នាំ2020 ឬដើមឆ្នាំ2021។
បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសយ៉ាងតិចចំនួន20ក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម បានសម្ដែងចំណាប់អារម្មណ៍របស់ខ្លួន ព្រមទាំងមានបំណងទិញយកទៅប្រើប្រាស់ទៀតផង។
ប្រទេសរុស្ស៊ី មានគម្រោងបង្កើនការផលិតវ៉ាក់សាំង Sputnik V ឱ្យបាន200លានឈុតនៅចុងឆ្នាំនេះ ក្នុងនោះមាន30លានឈុតនឹងត្រូវយកទៅប្រើប្រាស់ក្នុងប្រទេស៕
ប្រភព៖ NDTV