បច្ចុប្បន្ននេះធាតុអាកាសមិនទៀងទាត់ ខែភ្លៀងបែរជាក្ដៅហួតហែង ខែប្រាំងបែរជាមានភ្លៀងធ្លាក់ខុសពីធម្មតា ធ្វើឱ្យមនុស្សយើងងាយនឹងកើតជំងឺបំផុត។ សម្រាប់អ្នកខ្លះនៅពេលមានអារម្មណ៍ថា ខ្លួនហាក់ដូចជារកកលចង់ឈឺហើយនោះ ក៏ប្រញាប់ស្ទុះទៅរកថ្នាំមកលេបភ្លាមតែម្ដង ព្រោះតែជឿថា “ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ” តើរឿងនេះមានភាពពិតប្រាកដ និងអាចធ្វើបានដែរឬទេ? យើងនាំគ្នាទៅមើលចម្លើយទាំងអស់គ្នា…។
“ញ៉ាំថ្នាំស្ទាក់មុនឱ្យហើយ ខ្លាចឈឺ”
ជំនឿក្នុងរឿងនេះ “មិនមែនជារឿងពិត” នោះទេ ការលេបថ្នាំព្យាបាលទុកជាមុនក្រោយពីមានអារម្មណ៍ថា ខ្លួនរកកលឈឺ ឬក្រោយពីទទឹកភ្លៀង ឬត្រូវថ្ងៃខ្លាំងរយៈពេលយូរដែលធ្វើឱ្យប្រថុយប្រថានដល់ការកើតជំងឺគ្រុនផ្ដាសាយ ឬមិនស្រួលខ្លួននោះ មិនបានជួយការពាររោគាទាំងនោះមិនឱ្យកើតបានទេ ព្រោះថ្នាំទាំងនោះមានមែនមានឫទ្ធិក្នុងការ “ការពារ” ទេ តែមានឫទ្ធិក្នុងការ “ព្យាបាល” ទៅតាមអាការរោគ ដូច្នេះគួរលេបថ្នាំទាំងនោះនៅពេលណាដែលមានអាការ ឬឈឺថ្កាត់ប៉ុណ្ណោះ។
ដូចជាថ្នាំ ប៉ារ៉ាសេតាម៉ុល មិនមែនមានឫទ្ធិបំបាត់រោគផ្ដាសាយដោយត្រង់នោះទេ តែមានឫទ្ធិសម្រាលអាការឈឺក្បាល ឈឺចុកចាប់តាមរាងកាយ បញ្ចុះកម្ដៅ ចំណែកថ្នាំព្យាបាលរោគផ្ដាសាយជាបន្ទះៗវិញនោះ ក៏ជាថ្នាំដែលមានចំណែកផ្សំរបស់ប៉ារ៉ាសេតាម៉ុល បូកជាមួយថ្នាំបន្ថយការហៀរសំបោរ ឬថ្នាំព្យាបាលប្រតិកម្មចាញ់ផ្សេងៗ ដែលនឹងបញ្ចេញឫទ្ធិដើម្បីសម្រាលអាការឈឺក្បាល បញ្ចុះកម្ដៅ តឹងច្រមុះ ហៀរសំបោរហ្នឹងឯង។
ដូច្នេះបើសិនញ៉ាំថ្នាំទាំងនោះចូលទៅដោយមិនបានមានអាការទាំងនោះ និងថែមទាំងទទួលទានបែបហ្នឹងញឹកញាប់ទៀតផងនោះ ច្បាស់ជាមានគ្រោះថ្នាក់ដល់រាងកាយយ៉ាងពិតប្រាកដ ព្រោះការញ៉ាំថ្នាំផ្ដេសផ្ដាស់ ដោយមិនបានញ៉ាំតាមអាការដែលកើតឡើងពិតប្រាកដនោះ មានន័យថា លោកអ្នកកំពុងបានទទួលថ្នាំលើសកម្រិតហើយ ដែលវានឹងមានផលប៉ះពាល់ទៅដល់ថ្លើមដែលត្រូវតែធ្វើការកាន់តែខ្លាំងឡើង និងប្រថុយនឹងការកើតរោគរលាកថ្លើមនាពេលអនាគតទៀតផង។
តែបើសិនជាលោកអ្នកប្រាប់ថា លោកអ្នកមិនបានទទួលទានថ្នាំទាំងនោះញឹកញាប់ដល់ថ្នាក់នោះទេ វាក៏ប្រហែលជានឹងមិនកើតរោគរលាកថ្លើមនោះដែរ តែក៏សូមកុំភ្លេចចំណុចដំបូងដែលយើងបានប្រាប់ថា ការដែលញ៉ាំថ្នាំទាំងនោះដើម្បីស្ទាក់មិនឱ្យកើតជំងឺមិនអាចជួយការពារបាននោះទេ ដូច្នេះគួរតែបញ្ឈប់ទង្វើបែបហ្នឹងទៅប្រសើរជាង៕