គិតមកដល់ព្រឹក ថ្ងៃទី4កញ្ញា2020 កម្ពុជាបានព្យាបាលអ្នកជំងឺCOVID-19 ជាសះស្បើយចំនួន272នាក់ ដែលស្មើនឹង99.27% បើធៀបនឹងចំនួនអ្នកបានឆ្លងវីរុសនេះ។
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនាព្រឹកនេះថា មានករណីជាសះស្បើយថ្មី1នាក់ទៀតនៅឯមណ្ឌលសុខភាពចក្រអង្រែក្នុងក្រុងភ្នំពេញ ដែលនេះជាអ្នកជំងឺជនជាតិចិន ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនចូលមកកម្ពុជាកាលពីថ្ងៃទី9សីហា2020។
បច្ចុប្បន្ន កម្ពុជានៅសល់អ្នកជំងឺCOVID-19 ចំនួន2នាក់ទៀតតែប៉ុណ្ណោះ ដែលពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្នុងនោះមាន1នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង1នាក់ទៀតនៅឯបណ្ឌលសុខភាពចាក់អង្រែ ក្នុងទីក្រុងភ្នំពេញ។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងCOVID-19 សរុប274នាក់ ក្នុងនោះមានអ្នកជំងឺ272នាក់បានជាសះស្បើយ និង2កំពុងទទួលការព្យាបាល។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារឆ្លងCOVID-19 ដែលត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយ។
នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន មានអ្នកឆ្លងវីរុសCOVID-19 សរុប26,465,221នាក់ ក្នុងនោះមានអ្នកស្លាប់873,108នាក់ និងជាសះស្បើយ18,660,112នាក់។ ចំណែកអ្នកកំពុងទទួលការព្យាបាល មានចំនួន6,932,001នាក់ ក្នុងនោះមានអ្នកជំងឺ60,749នាក់កំពុងប្រឈមនឹងការបាត់បង់ជីវិត៕