ពុលអាហារ ឬញ៉ាំអាហារមានជាតិពុលចូលទៅក្នុងខ្លួនមានន័យអំពី ការរាករូស(បន្ទោបង់ចេញមកជាទឹក) ដោយសារតែបណ្ដាលមកពីការបរិភោគអាហារ ឬញ៉ាំទឹកដែលមានលាយឡំសារធាតុពុល ដែលអាចជាសារធាតុពុលកើតចេញពីមេរោគដែលមានច្រើនប្រភេទ និងសារធាតុគីមី ឬរុក្្ខជាតិពុល ឬសត្វមានជាតិពុល និងច្រើនតែសង្កេតឃើញថា ក្នុងក្រុមអ្នកដែលបរិភោគជាមួយគ្នា នឹងមានអាការពុលដំណាលៗគ្នាច្រើននាក់ និងអាចមានអាការខ្លាំងខ្សោយខុសប្លែកពីគ្នាអាស្រ័យលើបុគ្គល និងបរិមាណដែលញ៉ាំចូលទៅ។
មូលហេតុរបស់អាការពុលអាហារ
អាការពុលអាហារភាគច្រើនៗតែបណ្ដាលមកពីការបរិភោគអាហារ ឬញ៉ាំទឹកដែលលាយឡំដោយមេរោគបាក់តេរី ឬមេរោគវីរុស ក្រៅពីនេះនៅអាចប្រទះឃើញមានខ្លះដែរគឺ មានលាយឡំដោយពួកសត្វប៉ារ៉ាស៊ីត ដូចជា អាមីបា( Amoeba )ជាដើម ចំណែកការបរិភោគអាហារដែលមានលាយឡំដោយសារធាតុពុលផ្សេងទៀតដែលមិនមែនជាមេរោគដែលប្រទះឃើញញឹកញាប់នោះគឺ ពុលសារធាតុគីមី (ដូចជា ថ្នាំសម្លាប់សត្វល្អិត សារធាតុសំណ សារធាតុបារ៉ត ជាដើម) រុក្ខជាតិពុល ដូចជា ផ្សិត មើមក្ដួច និងសត្វដែលមានជាតិពុល ដូចជា គីង្គក់ ត្រីកំពត និងអាហារសមុទ្រជាដើម។ល។
អាការរបស់ការពុលអាហារ
មេរោគជាច្រើនប្រភេទអាចបញ្ចេញជាតិពុល( Toxin )ចេញមកលាយឡំនៅក្នុងអាហារផ្សេងៗ ហើយនៅពេលមនុស្សបរិភោគអាហារដែលប្រឡាក់ប្រឡូសដោយសារធាតុពុលទាំងនោះចូលទៅនឹងធ្វើឱ្យកើតអាការស្រដៀងៗគ្នាគឺ ចុកពោះរមួលជាដំណាក់ៗ ក្អួត (ច្រើនតែមានកម្ទេចអាហារចេញមកជាមួយ) និងរាកញឹកញាប់។ អ្នកខ្លះអាចមានគ្រុនក្ដៅខ្លួន និងអស់កម្លាំងខ្លាំងរួមជាមួយផង។ អាការទាំងអស់នេះអាចខ្លាំង ឬខ្សោយអាស្រ័យលើភាពតិច ឬច្រើនរបស់ជាតិពុលដែលញ៉ាំចូលទៅ។ ជាទូទៅបើសិនជាតិចតួច មិនធ្ងន់ធ្ងរ អាការផ្សេងៗ ទាំងនោះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល 24 – 48 ម៉ោង។ ចំណែកអ្នកដែលធ្ងន់ធ្ងរ អាចនឹងមានអាការក្អួត និងរាករូសខ្លាំងក្លារហូតដល់រាងកាយខ្វះជាតិទឹក និងសារធាតុរ៉ែយ៉ាងធ្ងន់ធ្ងរបាន។
វិធីព្យាបាលអាការពុលអាហារ
ការព្យាបាល និងមើលថែទាំខ្លួនឯងជាបឋម អ្នកជំងឺពុលអាហារគួរប្រតិបត្តិតាមការណែនាំខាងក្រោមនេះ៖
1 . បើមានអាការចុកពោះខ្លាំងក្លា រាករូសធ្ងន់ធ្ងរ(បន្ទោបង់ចេញមកសុទ្ធតែទឹកម្ដងៗច្រើនៗ) ក្អួតខ្លាំង(រហូតដល់ថ្នាក់ញ៉ាំទឹក ញ៉ាំទឹកអំបិលរ៉ែ ឬទឹកបបរលែងកើត) នៅពេលក្រោកអង្គុយហើយមានអាការវិលមុខ និងមានសភាវខ្វះជាតិទឹកធ្ងន់ធ្ងរ(បបូរមាត់ស្ងួត បំង់កស្ងួត ភ្នែករូង បត់ជើងតូចចេញមកតិច ជីពចរលោតញាប់) ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់។
2 . បើមិនមានអាការធ្ងន់ធ្ងរដូចខាងលើទេ ចូរឱ្យអ្នកជំងឺពុលអាហារញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតឱ្យបានញឹកញាប់ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅដោយសារការក្អួត និងរាក និងញ៉ាំរហូតទាល់តែទឹកមូត្រចេញមកថ្លា ឬអាការរាករូសបានធូរស្រាលឡើងវិញ។
3 . ហាមលេបថ្នាំដើម្បីបញ្ឈប់ការរាករូស ព្រោះគ្មានប្រយោជន៍ក្នុងការព្យាបាលទេ និងបើប្រើប្រាស់ខុសវិធីផងនោះ អាចបង្កឱ្យកើតគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបាន។
4 . បើមានគ្រុនក្ដៅខ្លួន ចូរឱ្យលេបថ្នាំ ប៉ារ៉ាសេតាម៉ុល ដើម្បីបញ្ចុះកម្ដៅ៕