នាព្រឹកថ្ងៃទី29សីហានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនបានរកឃើញករណីឆ្លងវីរុសCOVID-19 ថ្មី ឬករណីជាសះស្បើយថ្មីណាមួយនោះទេ ខណៈពិភពលោកទាំងមូលទើបរកឃើញអ្នកឆ្លងCOVID-19ថ្មី ចំនួន6,169ករណី និងអ្នកស្លាប់ថ្មីមានចំនួន557ករណី។
ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបចំនួន24,905,128នាក់ និងអ្នកជំងឺចំនួន841,218នាក់បានបាត់បង់ជីវិត។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ប្រទេសនិងដែនដីជាង200បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន6,169នាក់ និងអ្នកស្លាប់ថ្មីមានចំនួន557នាក់។ ក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះ មាន17,294,597នាក់បានជាសះស្បើយ និង6,769,313នាក់កំពុងព្យាបាល ក្នុងនោះដែរ មាន61,191នាក់កំពុងស្ថិតក្នុងស្ថានភាពអាក្រក់។
នៅកម្ពុជាឯណេះវិញ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបច្ចុប្បន្នមានអ្នកជំងឺចំនួន8នាក់កំពុងទទួលការព្យាបាល និង265នាក់បានជាសះស្បើយ។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 ដែលត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយ។ គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប273នាក់ ក្នុងនោះមាន171នាក់រកឃើញនៅភ្នំពេញ 40នាក់នៅក្រុងព្រះសីហនុ 16នាក់នៅកំពង់ចាម រួមនឹងករណីជាច្រើនទៀតនៅខេត្តផ្សេងៗ៕
ប្រភព៖ worldometers,cdcmoh