ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជិត24លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះជិត816,000នាក់ ខណៈកម្ពុជាមានអ្នកជំងឺសរុបជាង270នាក់។
ប្រទេសនិងដែនដីជាង200នៅក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុបចំនួន23,806,794នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់816,950នាក់ ក្នុងនោះមានអ្នកជំងឺថ្មីជាង202,450នាក់ និងអ្នកស្លាប់ថ្មីជាង3,810នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ខណៈដែលជាង16,356,800នាក់បានជាសះស្បើយ។ នេះបើតាមស្ថិតិរបស់ទំព័រ Worldometers។
សហរដ្ឋអាមេរិកនៅតែជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប5,915,630នាក់ អ្នកស្លាប់សរុប181,114នាក់ អ្នកបានជាសះស្បើយសរុប3,217,981នាក់ អ្នកកំពុងព្យាបាល2,516,535នាក់ ក្នុងនោះមានអ្នកជំងឺ16,483នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ប្រទេសឥណ្ឌាឈរលំដាប់ទី3ក្នុងពិភពលោក និងលំដាប់ទី1នៅអាស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ឥណ្ឌាបានរកឃើញអ្នកឆ្លងវីរុសសរុប3,164,881នាក់ អ្នកស្លាប់សរុប58,546នាក់ ជាសះស្បើយ2,403,101នាក់ កំពុងព្យាបាល703,234នាក់ និងកំពុងប្រឈមនឹងការបាត់បង់ជីវិត8,944នាក់។
នៅតំបន់អាស៊ីអាគ្នេយ៍វិញ ហ្វីលីពីនគឺជាប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទី1 ដោយមានអ្នកជំងឺសរុប194,252នាក់ និងស្លាប់សរុប3,010នាក់។ ឈរលំដាប់ទី2ក្នុងតំបន់នេះ គឺឥណ្ឌូនេស៊ី ដោយមានអ្នកជំងឺសរុប155,412នាក់ និងស្លាប់សរុប6,759នាក់។ សិង្ហបូរីជាសម្បូកវីរុសធំជាងគេលំដាប់ទី3 ជាមួយនឹងអ្នកជំងឺសរុប56,404នាក់ និងស្លាប់សរុប27នាក់។
កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសដែលមានអ្នកជំងឺCOVID-19 ក្នុងពិភពលោក និងឈរលំដាប់ទី8ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប273នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន263នាក់ និងអ្នកកំពុងព្យាបាលចំនួន10នាក់។ តំបន់ដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេរួមមាន ទីក្រុងភ្នំពេញ171នាក់ ទីក្រុងព្រះសីហនុ40នាក់ និងខេត្តកំពង់ចាម16នាក់៕