ចាប់ពីចុងសប្តាហ៍នេះទៅ ប្រទេសកម្ពុជាយើងនឹងដល់ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេសចំនួន 5ថ្ងៃ។ នៅក្នុងរយៈពេលនេះ មន្ត្រីរាជការ បុគ្គលិកនិយោជិត និងប្រជាជនទាំងអស់ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ដែលអាចនឹងធ្វើដំណើរទៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសឈប់សម្រាកនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល បានចេញលិខិតចំពោះអភិបាលរាជធានីខេត្ត ឱ្យជំរុញដល់មន្ទីរសុខាភិបាល យកចិត្តទុកដាក់បន្ថែមដើម្បីជួយសង្គ្រោះ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ ក្នុងអំឡុងពេលឈប់សម្រាកចំនួន 5ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរដល់ក្រុមគ្រូពេទ្យនៅទូទាំងប្រទេសដែឡបានខិតខំយកចិត្តទុកដាក់សង្គ្រោះ ពិនិត្យ ថែទាំ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសចាប់តាំងពីដើមឆ្នាំ 2020 នៃការរាតត្បាតវីរុស Covid-19 នៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើសកលលោក៕