ក្នុងពេលកំពុងឃ្លានខ្លាំង រកអ្វីញ៉ាំមិនបាននោះ មនុស្សជាច្រើនៗតែទៅបើកទូទឹកកកចាប់យកផ្លែឈើមកញ៉ាំទ្រាប់ពោះ ដែលវាអាចជួយសម្រន់មិនឱ្យពោះឃ្លានពេកបាន តែ…មុននឹងញ៉ាំផ្លែឈើអ្វីមួយ ត្រូវជ្រើសរើសបន្តិចផង ព្រោះដូចជាផ្លែឈើប្រភេទខ្លះគួរតែចៀស ព្រោះបើញ៉ាំពេលពោះទំនេរ អាចនឹងធ្វើឱ្យក្រពះផ្សាក្រហាយបាន ។
ផ្លែឈើដែលមិនគួរញ៉ាំពេលឃ្លានខ្លាំង ឬពេលពោះទំនេរមិនទាន់បានញ៉ាំអ្វីនោះមានដូចជា ៖
1 . ផ្លែទន្លាប់ : ព្រោះពេលពោះនៅទំនេរ ក្រពះរបស់យើងនឹងបញ្ចេញជាតិអាស៊ីតចេញមកច្រើន បើវាទៅរួមគ្នាជាមួយនឹងជ័រ និងសារជាតិអណ្តែតដែលមាននៅក្នុងសាច់ផ្លែទន្លាប់ហើយនោះ វានឹងធ្វើឱ្យយើងមានអាការក្អួតចង្អោ និងឈឺផ្សាក្រពះ ។
2 . ផ្លែល្ហុង : ព្រោះជាផ្លែឈើដែលមានអង់ហ្ស៊ីមច្រើន ទើបមិនគួរញ៉ាំពេលពោះទំនេរ ។
3 . ផ្លែម្នាស់ ក្រូច ក្រូចឆ្មារ : មានរសជាតិជូរ អាចធ្វើឱ្យកើតការក្រហាយផ្សាក្នុងក្រពះបាន ។
តែ ទោះជាយ៉ាងណាក៏ដោយ បើសឹនជាទ្រាំមិនបាន ហើយចង់ញ៉ាំផ្លែឈើទាំងអស់នេះមុនពេលបាយមែនទែននោះ អាចញ៉ាំត្រឹមតែ 2 – 3 ចំណឹតតូចៗបានហើយ និងគួរលាងឱ្យបានស្អាតជាមុនគ្រប់ពេល ដើម្បីកាត់បន្ថយសារធាតុគីមីដែលនៅជាប់សេសសល់ ។
ហើយក្នុងរយៈពេលមួយថ្ងៃ តើយើងគួរញ៉ាំផ្លែឈើច្រើន ឬតិចប៉ុនណាដែរ?
អ្នកជំនាញការផ្នែកអាហារ និងសុខភាពបានបញ្ជាក់ថា ក្នុងមួយថ្ងៃមនុស្សយើងគួរញ៉ាំផ្លែឈើឱ្យបានក្នុងមួយពេលៗពី 1 – 2 ចំណែក ទៅតាមប្រភេទផ្លែឈើ ដូចជា ផ្លែល្ហុងទុំ 6 ចំណឹតល្មមៗ សាវម៉ាវ 4 ផ្លែ ត្របែកកន្លះផ្លែ ម្នាស់ 6 ចំណឹតល្មមៗ ចេលណាំវ៉ា 1 ផ្លែ ជម្ពូ 2 ផ្លែធំៗ មង្ឃុត 4 ផ្លែខ្នាតកណ្តាល ក្រូច 1 ផ្លែ ។
ចំណែកអ្នកដែលឧស្សាហ៍មានបញ្ហារឿងការបន្ទោបង់ ត្រូវទទួលទានផ្លែឈើឱ្យបានច្រើនៗ ព្រោះនៅក្នុងផ្លែឈើមានកាកសរសៃអាហារប្រភេទដែលមិនរលាយនឹងទឹក ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់ធ្វើការកាន់តែល្អឡើង៕