ក្រោយពីប្រទេសរុស្ស៊ី បានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 កាលពីម្សិលមិញ (11សីហា) អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសថា វ៉ាក់សាំងCOVID-19 គ្រប់ប្រភេទ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យទិន្នន័យសុវត្ថិភាព ទើបត្រូវបានទទួលស្គាល់ជាផ្លូវការ។
“យើងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលរុស្ស៊ី ហើយក៏កំពុងពិភាក្សាអំពីបញ្ហាដែលថា តើវ៉ាក់សាំងនេះមានលក្ខណគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងស្ដង់ដារបស់អង្គការសុខភាពពិភពលោកដែរ ឬអត់” អ្នកនាំពាក្យរបស់ WHO លោក Tark Jasarevic បានថ្លែងដូច្នេះ ក្រោយពីរុស្ស៊ីបានប្រកាសថា ខ្លួនជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានអនុម័តទទួលស្គាល់វ៉ាក់សាំងCOVID-19 របស់ប្រទេសនេះ ថា “មានសមត្ថភាពយូរអង្វែង” ក្នុងការទប់ស្កាត់COVID-19។
លោក Tark Jasarevic បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី11សីហា នៅទីក្រុងហ្សឺណែវថា៖ “ការទទួលស្គាល់ជាផ្លូវការស្ដីអំពីគុណភាពនៃវ៉ាក់សាំងគ្រប់ប្រភេទ គឺរួមមានទាំងការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើរាល់ទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាព (របស់វ៉ាក់សាំង) ទៅតាមតម្រូវការ”។
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ត្រូវបានរកឃើញ និងអភិវឌ្ឍដោយមន្ទីរស្រាវជ្រាវ Gamaleya សហការជាមួយក្រសួងការពារជាតិរុស្ស៊ី។ យោងតាម WHO បច្ចុប្បន្ន ពិភពលោកមានវ៉ាក់សាំង COVID-19 សរុប 168ប្រភេទដែលកំពុងត្រូវបានអភិវឌ្ឍ ក្នុងនោះមាន28ប្រភេទកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើមនុស្ស និងក្នុងដំណាក់កាលផ្សេងៗគ្នា។ ក្នុងចំណោមវ៉ាក់សាំងចំនួន28ប្រភេទដែលកំពុងប្រើប្រាស់សាកល្បង ក៏មានវ៉ាក់ចំនួន6ប្រភេទកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 ដែលធ្វើឡើងជាទ្រង់ទ្រាយធំនៅលើមនុស្ស។
វ៉ាក់សាំងរបស់ Gamaleya (រុស្ស៊ី) នេះ ក៏ស្ថិតក្នុងចំណោមវ៉ាក់សាំងទាំង28ប្រភេទដែលកំពុងទទួលការវាយតម្លៃ និងចុះបញ្ជីនៅក្នុងដំណាក់កាលទី1។
លោក Kirill Dmitriev មេដឹកនាំមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលជាស្ថាប័នផ្ដល់ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងខាងលើ បានឱ្យដឹងថា ដំណាក់កាលទី3នឹងត្រូវចាប់ផ្ដើមធ្វើឡើងក្នុងថ្ងៃនេះ (12សីហា)។ តាមគម្រោង ការផលិតវ៉ាក់សាំងនេះនឹងត្រូវចាប់ផ្ដើមក្នុងខែកញ្ញាខាងមុខ។
គិតមកដល់ពេលនេះ វ៉ាក់សាំងប្រឆាំង COVID-19 របស់រុស្ស៊ី ទទួលបានការបញ្ជាទិញសរុបជាង1ពាន់លានឈុត ពីប្រទេសចំនួន20ក្នុងពិភពលោក៕
ប្រភព៖ AFP