Skip to content

គេង…បំបាត់រោគា

ការគេងសម្រាកឱ្យលក់ក្រៅពីជាការ​សម្រាកដ៏ល្អបំផុតមួយហើយនោះ ឥរិយាបថដំណេកដែលសក្តិសមនៅអាចបំបាត់អាការឈឺថ្កាត់របស់យើងបានទៀតផង ។

. ឥរិយាបថគេងផ្ងារ

គឺជាឥរិយាបថដំណេកដ៏ត្រឹមត្រូវ តែនឹងមិនសក្តិសមជាមួយនឹងអ្នកដែលមានជំងឺបេះដូង និងសួតឡើយ ព្រោះថានៅពេលដែលយើងគេងផ្ងារ សាច់ដុំក្បាំងខ្យល់ដែលឃាំងរវាងប្រអប់ទ្រូង និងប្រហោងពោះនឹងសង្កត់លើសួត ធ្វើឱ្យពិបាកដកដង្ហើម ។

ចំណែកបេះដូងវិញក៏មិនអាចបឺតបាញ់ឈាមចេញពីបេះដូងបានស្រួលដែរ ធ្វើឱ្យដង្ហក់ និងដកដង្ហើមរាងស្ទះៗ​ តែបើ​សឹនជានៅតែចង់ ឬចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះ ចូរគេងក្នុងឥរិយាបថស្ទើរគេងស្ទើរអង្គុយ ដោយឱ្យផ្នែកខាងលើនៃ​រាងកាយខ្ពស់ឡើងបន្តិច ។

. ឥរិយាបថគេងផ្អៀង

ក្រៅពីជួយកាត់បន្ថយសំឡេងស្រមុកហើយនោះ ឥរិយាបថនេះនៅសក្តិសមជាមួយអ្នកដែលមានអាការឈឺខ្នងទៀតផង ព្រោះបើអ្នកដែលឈឺខ្នងគេងផ្ងារវិញនោះ ច្បាស់ជាបានឈឺឥតឈប់ពេញមួយយប់មិនខាន ។

តែបើចូលចិត្តគេងផ្អៀងខាងឆ្វេងវិញ គួរឱបខ្នើយឱប និងយកជើងគងពីលើផងនឹងរឹតតែប្រសើរ ព្រោះចំណុចមិនល្អរបស់ឥរិយាបថនេះ គឺធ្វើឱ្យបេះដូងដែលស្ថិតនៅក្នុងប្រអប់ទ្រូងប៉ែកខាងឆ្វេងពិបាកធ្វើការ ហើយអាហារដែលនៅមិនទាន់​រំលាយអស់នឹងសេសសល់នៅក្នុងក្រពះ ធ្វើឱ្យកើតអាការចុកឆ្អល់ឡើងមកចុងដង្ហើមបាន ។ ចំណែកអ្នកដែលចូលចិត្តគេងផ្អៀងខាងស្តាំវិញអាចនិយាយបានថា សំណាងល្អណាស់ ព្រោះជាឥរិយាបថដំណេកដែលល្អបំផុត ព្រោះបេះដូងនឹងធ្វើការបានស្រួល ហើយអាហារក្នុងក្រពះក៏ត្រូវច្របាច់ចុះទៅក្នុងពោះវៀនតូចបានយ៉ាងល្អដែរ និងថែមទាំងជាឥរិយាបថដែលជួយកាត់បន្ថយអាការឈឺខ្នងបានទៀតផង ។

. ឥរិយាបថគេងផ្កាប់

មនុស្សភាគច្រើនៗប្រើឥរិយាបថនេះពេលគេងអានសៀវភៅ ចំណុចមិនល្អរបស់ឥរិយាបថនេះគឺ នឹងធ្វើឱ្យឈឺគល់ក តែបើចាំបាច់ត្រូវតែគេងក្នុងឥរិយាបថនេះមែនទែននោះ សូមណែនាំឱ្យរកខ្នើយមកទ្រាប់ក្រោមដើមទ្រូង ដើម្បីកុំឱ្យចុករួយ និងដកដង្ហើមបានស្រួលផង ៕

Leave a Reply

Your email address will not be published. Required fields are marked *