ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី12សីហានេះ បានប្រកាសឱ្យដឹងថា បានរកឃើញករណីឆ្លងវីរុសCOVID-19 ចំនួន2នាក់បន្ថែមទៀត ដែលនេះបានធ្វើឱ្យតួលេខអ្នកកំពុងផ្ទុកវីរុសនៅកម្ពុជា កើនឡើងដល់48នាក់។
គិតត្រឹមព្រឹកនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសសរុបចំនួន268នាក់ ក្នុងនោះមានអ្នកជំងឺចំនួន220នាក់បានជាសះស្បើយ និង48នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 ដែលត្រូវបានរាយការណ៍ជាផ្លូវការនៅឡើយ។
តំបន់ចំនួន3 ដែលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ច្រើនជាងគេ រួមមាន រាជធានីភ្នំពេញរកឃើញ170នាក់ ខេត្តព្រះសីហនុរកឃើញ40នាក់ និងកំពុងចាមរកឃើញ16នាក់។ ក្រៅពីនេះក៏នៅមានខេត្តជាច្រើនទៀតដែលបានរកឃើញអ្នកឆ្លងវីរុស រួមមាន ខេត្តបាត់ដំបង ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ កែប កំពង់ឆ្នាំង កណ្ដាល កោះកុង កំពត និងព្រះវិហារផងដែរ។