មួយរយៈពេលចុងក្រោយនេះ ព័ត៌មានពាក់ព័ន្ធនឹងជំងឺរលាកសួតប្រភេទថ្មី Covid-19 បានក្លាយជាមាតិកាដ៏ទាក់ទាញបំផុតសម្រាប់ប្រជនខ្មែរ ដែលហេតុនេះហើយទើបអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចូលចិត្តយករឿងរ៉ាវទាំងអស់នេះដើម្បីបង្កើតជាព័ត៌មាននានាដើម្បីទាក់ទាញអ្នកចូលមើល។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សូមប្រជាពលរដ្ឋកុំឆាប់ជឿទៅលើព័ត៌មានមិនពិតនៅតាមបណ្តាញសង្គមមួយចំនួន ហើយកុំចែករំលែកបន្តគ្នាទៀត ដើម្បីចៀសវាងការបង្ករភាពស្លន់ស្លោរ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ប្រជាជពលរដ្ឋ។
ឯកឧត្តមថា នៅពេលនេះក្រសួងខុសភិបាលមិនបន្ធូរដៃឡើយចំពោះការការពារប្រទេសយើងកុំឱ្យឆ្លងជំងឺ Covid-19 ចូលទៅក្នុងសហគមន៍។ តែទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងសុខភិបាលក៏បានអំពាវនាវផងដែរកុំឱ្យប្រជាជនភ្លេចខ្លួន ព្រោះកត្តាសំខាន់បំផុតក្នុងការការពារជំងឺ Covid-19 គឺការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងស្ថិតក្នុងពេលធ្វើចត្តាឡីស័ក។ អ្នកទាំងអស់នោះចាំបាច់ត្រូវគោរពទៅតាមការណែនាំ របស់វេជ្ជបញ្ជារបស់គ្រូពេទ្យ និងអនុវត្តវិធាននៃការធ្វើចត្តាឡីស័កដោយស្មារតីទទួលខុសត្រូវខ្ពស់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានថា ហានិភ័យអាចកើតមានឡើងគ្រប់ពេល ដោយសារយើងម្នាក់ៗធ្វើចលនាគ្រប់ទីកន្លែង។ ហេតុនេះទើបទាមទារឱ្យពលរដ្ឋស្វែងយល់ឱ្យច្បាស់ ពីវិធានការការពារ ទប់ស្កាត់ ការចម្លងជំងឺCovid-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ហើយក្រសួងសុខាភិបាល និងមន្ដ្រីពាក់ព័ន្ធទាំងអស់ នៅតែបន្ដពង្រឹងវិធានការការងារ ការរុករក និងចាប់ឱ្យជាប់ភ្លាមៗនៅនឹងកន្លែង ពិសេសនៅតាមព្រលានយន្ដហោះ និងច្រកព្រំដែនចេញចូលទាំងអស់ ព្រោះករណីកូវីដ១៩កន្លងមកនេះ សុទ្ធតែជាករណីនាំចូល៕