បន្ទាប់ពីលេចឮព័ត៌មានថាមានអ្នកជំងឺ Covid-19 លាប់ឡើងវិញនៅខេត្តត្បូងឃ្មុំ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ក៏ចេញមកបញ្ជាក់ថាករណីនេះពិតជាកើតមានពិតប្រាកដមែន តែទោះជាយ៉ាងនេះក្តីក៏អ្នកជំងឺនោះត្រូវបានគ្រប់គ្រងយ៉ាងហ្មតចត់។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ពាក់ព័ន្ធនឹងមានករណីលាប់ជំងឺ Covid-19 នៅខេត្តត្បូងឃ្មុំ ពិតជាមានពិតប្រាកដមែន ដោយករណីនេះមិនមែនមានតែនៅក្នុងប្រទេសយើងនោះទេ ប្រទេសដទៃទៀតនៅក្នុងសកលលោក ក៏ធ្លាប់មានករណីដូចនេះដូចគ្នា ហើយករណីលាប់នេះផងដែរគឺពុំត្រូវបានរាប់ទៅក្នុងករណីថ្មីនោះទេ ព្រោះដើម្បីចៀសវៀងការភ័ន្តច្រឡំអំពីតួលេខ នៃចំនួនអ្នកដែលរកឃើញថ្មី និងចំនួនអ្នកកំពុងព្យាបាល។
លោកជំទាវាថា តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក រាល់ករណីដែលធ្វើតេស្តពិនិត្យទៅឃើញអវិជ្ជមានចំនួនពីរដងជាប់គ្នា គឺត្រូវបានសន្មត់ថាជាសះស្បើយពីជំងឺCovid-19ហើយ។ ចំពោះបុគ្គលរូបនេះក៏ដូចគ្នា ក្រោយពិនិត្យឃើញថាអវិជ្ជមានចំនួន2ដង នឹងត្រូវបានអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ តែការត្រលប់ទៅគេហដ្ឋានវិញនេះ ចាំបាច់ត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពខ្លួនឯងជាបន្តទៀត មិនអនុញ្ញាតឱ្យមានការធ្វើដំណើរទៅទីណាផ្តេសផ្តាសនោះទេ។ បុគ្គលដែលជាសះស្បើយនេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងចំនួន14 ថ្ងៃបន្តទៀតនៅកន្លែងដែលខ្លួនរស់នៅ តាមរយៈការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយបារម្ភអំពីករណីលាប់ជំងឺនេះ។
បុរសដែលលាប់ជំងឺCovid-19នេះ មានអាយុ29ឆ្នាំ រស់នៅក្នុងខេត្តកណ្តាល។ គាត់បានវិលត្រលប់ពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពេលកន្លងមក។ បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែចំនួន14 ថ្ងៃបន្ទាប់ពីមកដល់ ហើយត្រូវបានរកឃើញថាមានវិជ្ជមានCovid-18 និងបន្ទាប់ពីធ្វើតេស្តអវិជ្ជមានចំនួន2លើក គាត់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅផ្ទះនៅខេត្តកណ្តាលវិញ ប៉ុន្តែបុរសរូបនេះ បានសុំអនុញ្ញាតទៅធ្វើចត្តាឡីស័កខ្លួនឯងបន្តនៅផ្ទះឯស្រុកកំណើត នៅខេត្តត្បូងឃ្មុំវិញ។ បន្ទាប់មកគាត់ត្រូវបានធ្វើតេស្តឃើញថាមានវិជ្ជមានCovid-19ឡើងវិញ កាលពីថ្ងៃទី08 ខែសីហា។ ក្រសួងបញ្ជាក់ថាអ្នកដែលពាក់ព័ន្ធនឹងបុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញ ប្រមូលយកសំណាកដើម្បីទៅធ្វើតេស្តវិភាគរកមេរោគCovid-19 និងដាក់នៅមណ្ឌលចត្តាឡីស័ករួចរាល់ហើយ៕