
ប្រទេសរុស្ស៊ីនឹងផ្ដើមប្រើប្រាស់សាកល្បងវ៉ាក់សាំងទប់ស្កាត់ COVID-19 នៅក្នុងប្រទេសហ្វីលីពីន ចាប់ពីពាក់កណ្ដាលខែសីហា2020 ក្នុងនោះ ប្រធានាធិបតីហ្វីលីពីននឹងអាចក្លាយជាអ្នកស្ម័គ្រចិត្តដំបូងគេបង្អស់។
ថ្លែងនៅចំពោះមុខអ្នកយកព័ត៌មាន លោក Kirill Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានឱ្យដឹងថា ជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូរបស់រុស្ស៊ីក្នុងការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងទប់ស្កាត់COVID-19 រដ្ឋាភិបាលហ្វីលីពីនបានបង្កភាពងាយស្រួលជាច្រើនដើម្បីជួយឱ្យការសាកល្បងវ៉ាក់សាំង អាចធ្វើឡើងបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន។ បច្ចុប្បន្ន ដំណាក់កាលនៃការត្រៀមសម្រាប់ការសាកល្បងនានាត្រូវបានរៀបចំរួចរាល់ហើយ។ តាមគម្រោង ការសាកល្បងប្រើប្រាស់វ៉ាក់សាំងCOVID-19នេះ នឹងត្រូវផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី15សីហាខាងមុខ។
ទាក់ទិននឹងការសាកល្បងប្រើប្រាស់វ៉ាក់របស់រុស្ស៊ីខាងលើនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឱ្យដឹងថា លោកមានក្ដីសង្ឃឹមយ៉ាងច្រើនទៅលើលទ្ធផលនៃការប្រើប្រាស់សាកល្បងវ៉ាក់សាំងរបស់រុស្ស៊ី។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងថា ខ្លួនលោកផ្ទាល់បានត្រៀមជាស្រេចដើម្បីធ្វើជាអ្នកស្ម័គ្រចិត្តដំបូងគេបង្អស់ក្នុងការសាកល្បងប្រើប្រាស់វ៉ាក់សាំងនេះនៅហ្វីលីពីន។ តាមផែនការ បើសិនជាទទួលបានជោគជ័យ វ៉ាក់សាំងនេះក៏នឹងត្រូវបានចែកចាយនៅក្នុងប្រទេសហ្វីលីពីនជាមួយនឹងតម្លៃសមរម្យ។


លោក Kirill Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី RDIF (Russian Direct Investment Fund)
មូលនិធិវិនិយោគផ្ទាល់ និងមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya កំពុងតែញាប់ដៃញាប់ជើងក្នុងកិច្ចសហការនានាសម្រាប់ដំណាក់កាលផលិតវ៉ាក់សាំងCOVID-19 ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលប្រើប្រាស់សាកល្បងនៅលើមនុស្ស។ ការសាកល្បងប្រើវ៉ាក់សាំងនៅលើមនុស្ស បានចាប់ផ្ដើមធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov កាលពីថ្ងៃទី18មិថុនា ជាមួយនឹងអ្នកស្ម័គ្រចិត្តចំនួន38នាក់ ហើយសុវត្ថិភាពរបស់វ៉ាក់សាំងនេះក៏ត្រូវបានទទួលស្គាល់។ អ្នកស្ម័គ្រចិត្តទាំងអស់ សុទ្ធតែមានលទ្ធភាពទប់ទល់នឹងវីរុសCOVID-19 បន្ទាប់ពីបានចាក់វ៉ាំងសាំងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
