ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកនេះបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ថ្មី ចំនួន15ករណីបន្ថែមទៀត ក្នុងចំណោមនេះមានជនជាតិខ្មែរចំនួន2នាក់។
នាព្រឹកថ្ងៃទី11សីហានេះ កម្ពុជាបានប្រកាសថា បានរកឃើញករណីវិជ្ជមានជាមួយនឹងCOVID-19 ចំនួន15នាក់បន្ថែមទៀត ដែលនេះបានធ្វើឱ្យតួលេខអ្នកជំងឺសរុបនៅកម្ពុជាកើនឡើងដល់266នាក់។ នៅក្នុងចំណោមអ្នកជំងឺថ្មីទាំង15នាក់នេះ មានជនជាតិខ្មែរ2នាក់ និងជនជាតិចិន13នាក់។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប266នាក់ ក្នុងនោះមានអ្នកជំងឺ220នាក់បានជាសះស្បើយ និង46នាក់កំពុងទទួលការព្យាបាល។
នៅទូទាំងពិភពលោក មកដល់ពេលនេះត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបចំនួន20,247,575នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន13,110,934នាក់ និង738,701នាក់បានបាត់បង់ជីវិត៕