មហារីកគ្រាប់ឈាមស…ដឹងច្បាស់ អាចការពារបាន

មហារីកជាជំងឺកាចសាហាវមួយដែលមានច្រើនជាង 100 ប្រភេទ អាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និងសម្លាប់ជីវិតមនុស្សអស់ជាច្រើនមកហើយ។ លូគីមៀ( Leukemia )ក៏ជាមហារីកមួយប្រភេទដែលកើតឡើងបែបទាន់ហន់ដោយមិនបានដឹងខ្លួនមុនឡើយ ដូច្នេះគួរចៀសវាងពីទង្វើណាដែលប្រថុយប្រថានចំពោះការកើតរោគមហារីកនេះ និងការពិនិត្យសុខភាពរកមហារីករយៈចាប់ផ្តើមដំបូង នឹងបង្កើនឱកាសក្នុងការព្យាបាល និងអាចជាសះស្បើយបានទៀតផង។

លោកវេជ្ជបណ្ឌិតជំនាញបានរៀបរាប់ថា ជំងឺមហារីកគ្រាប់ឈាមស( Leukemia ) ឬដែលមនុស្សទូទៅច្រើនហៅថា “ជំងឺលូគីមៀ” ជាជំងឺមហារីកមួយប្រភេទរបស់ប្រព័ន្ធឈាមដែលបណ្តាលមកពីកោសិកាគ្រាប់ឈាមសនៅក្នុងខួរឆ្អឹងលូតលាស់ឡើងខុសប្រក្រតី ធ្វើឱ្យមានការសាងគ្រាប់ឈាមសចេញមកច្រើនក្នុងក្រសែឈាម ហុចផលឱ្យការធ្វើការងាររបស់ប្រព័ន្ធគ្រាប់ឈាមបាត់បង់ អាចកើតបែបទាន់ហន់ភ្លាមៗ ឬកើតឡើងជាបណ្តើរៗ។ ជាទូទៅមហារីកគ្រាប់ឈាមសប្រភេទទាន់ហន់ភ្លាមៗនឹងមានអាការខ្លាំងក្លាជាងប្រភេទដែលកើតឡើងយឺតៗ ឬរ៉ាំរ៉ៃ។ មូលហេតុរបស់ជំងឺមហារីកគ្រាប់ឈាមស បច្ចុប្បន្ននៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ តែរកឃើញថា បច្ច័យខាងពូជអម្បូរ និងការឆ្លងមេរោគវីរុសប្រភេទខ្លះ រួមទាំងការបានទទួលសារធាតុគីមីមួយចំនួន ដូចជា ថ្នាំសម្លាប់សត្វល្អិត និងកាំរស្មីវិទ្យុសកម្ម អាចធ្វើឱ្យកើតមហារីគ្រាប់ឈាមសបាន។

សម្រាប់អ្នកដែលកើតជំងឺមហារីកគ្រាប់ឈាមសនឹងមានអាការបង្ហាញឡើង ដូចជា លោហិតស្លេក ខ្លួនប្រាណឡើងស្លាំងងងឹតមុខ វិលមុខ ឆាប់ហត់ ងាយចេញឈាមនៅលើស្បែក និងអញ្ចាញធ្មេញ មានស្នាមជាំនៅលើដងខ្លួន ក្រពេញទឹករងៃរីកធំ អាចឃើញមានដុំអ្វីម្យ៉ាងនៅក្នុងពោះដោយសារតែ ថ្លើម និងលំពែងរីកធំ ប្រព័ន្ធការពារជំងឺរបស់រាងកាយខុសប្រក្រតី ងាយនឹងឆ្លងរោគ និងមានគ្រុនក្តៅខ្លួន។ បើរកឃើញថា ខ្លួនឯង ឬអ្នកនៅក្បែរខ្លួនណាម្នាក់មានអាការទាំងនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីទទួលយកការពិនិត្យវិនិច្ឆ័យរោគ។ សម្រាប់ការព្យាបាលរោគមហារីកគ្រាប់ឈាមស ជាទូទៅច្រើនប្រើការព្យាបាលដោយថ្នាំគីមីជាចម្បង ចំណែកការដាំបណ្តុះខួរឆ្អឹង និងព្យាបាលដោយកាំរស្មីជាការព្យាបាលបន្ថែម ដើម្បីឱ្យលទ្ធផលការព្យាបាលល្អប្រសើរឡើង ឬជាដាច់តែម្តង ដែលវាអាស្រ័យលើប្រភេទរបស់មហារីកគ្រាប់ឈាមស ការតបស្នងចំពោះការព្យាបាលដោយសារធាតុគីមិ និងអាយុរបស់អ្នកជំងឺ។ ទាំងអស់នេះ យើងអាចប្រតិបត្តិខ្លួនដើម្បីការពារ និងកាត់បន្ថយភាពប្រថុយក្នុងការកើតជំងឺមហារីកបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ ចៀសវាងការប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្ម និងសារធាតុគីមីដែលបង្កឱ្យកើតមហារីក។

វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកបានរៀបរាប់ថា ជំងឺមហារីកសម្លាប់ជីវិតមនុស្សអស់ចំនួនមិនតិចឡើយ ហើយមូលហេតុរបស់ជំងឺមហារីកភាគច្រើនៗកើតចេញពីទង្វើក្បែរខ្លួនរបស់យើង ជាពិសេសការទទួលទានអាហារ ញ៉ាំស្រា និងជក់បារី និងមូលហេតុមួយផ្នែកទៀតបណ្តាលមកពីពូជអម្បូរ។ សម្រាប់ការព្យាបាលរោគមហារីកវិញ បច្ចុប្បន្នមហារីកប្រភេទខ្លះអាចព្យាបាលឱ្យជា និងធ្វើឱ្យអ្នកជំងឺអាចរស់នៅដូចប្រក្រតីបាន តែទាំងអស់នេះអាស្រ័យលើប្រភេទរបស់មហារីក អវយវៈដែលកើត និងដំណាក់កាលរបស់មហារីកដែលពិនិត្យរកឃើញ។

ការពិនិត្យឃើញមហារីកក្នុងដំណាក់កាលចាប់ផ្តើមដំបូងនឹងធ្វើឱ្យមានការតបស្នងចំពោះការព្យាបាល និងមានឱកាសជាដាច់ច្រើនជាងក្នុងដំណាក់កាលរីករាលដាល ឬដំណាក់កាលចុងក្រោយ តែភាគច្រើនៗប្រទះឃើញថា ទម្រាំតែអ្នកជំងឺដឹងខ្លួនថាកើតមហារីក អាការក៏ស្ថិតក្នុងដំណាក់កាលរីករាលដាលខ្លាំងណាស់ទៅហើយ។

ប្រហែលជាល្អមិនស្ទើរឡើយ បើសិនយើងទាំងអស់គ្នាឧស្សាហ៍សង្កេតមើលភាពខុសប្រក្រតីណាមួយក្នុងរាងកាយ ដែលអាចកើតឡើងបានដោយយើងមិនបានដឹងខ្លួន ជាពិសេសសម្រាប់រោគមហារីក រឹតតែឆាប់រកឃើញលឿនពេលណា ជីវិតនឹងរឹតតែមានសុវត្ថិភាពខ្លាំងឡើងប៉ុននោះដែរ៕

Advertisement