វិធីដំបូងៗដែលជួយឱ្យរួចផុតពីជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំមានច្រើន ដែលអាចធ្វើបានដោយខ្លួនឯងមានដូចតទៅ:
1 . ចៀសវាងពីការប៉ះពាល់ ឬនៅជិតដិតនឹងអ្នកជំងឺ រួមទាំងមិនប្រើរបស់របរផ្ទាល់ខ្លួនរួមជាមួយអ្នកជំងឺ ដូចជា ចាន សមស្លាបព្រា កែវទឹក កន្សែងជូតមាត់ កន្សែងជូតខ្លួន-ល- បើមានអ្នកជំងឺគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយធំនៅក្នុងផ្ទះ គួរណែនាំឱ្យគាត់រកក្រណាត់ម៉ាស់មកពាក់បាំងច្រមុុះ និងមាត់ ឬគួរយកក្រណាត់ ឬក្រដាស់ជូតដៃបាំងមាត់ពេលកណ្តាស់ ឬក្អកជាដើម។
2 . លាងដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬប្រើអាល់កុលជេលជូតសំអាតដៃបន្ទាប់ពីប៉ះពាល់អ្នកជំងឺ ឬរបស់របរប្រើប្រាស់ក្នុងទីសាធារណៈហើយ ដូចជាការប៉ះពាល់ដៃទ្វារ បង្កាន់ដៃរថយន្តក្រុង ឬបង្កាន់ដៃជណ្តើរជាដើម។
3 . ក្នុងខណៈដែលមានការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយធំ គួរចៀសវាងការចូលទៅនៅក្នុងទីកន្លែងដែលមានមនុស្សច្រើនៗ និងគ្មានខ្យល់អាកាសចេញចូលរយៈពេលយូរ។
4 . ឧស្សាហ៍មើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច ដោយការបរិភោគអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ សម្រាកឱ្យបានគ្រប់គ្រាន់ រក្សារាងកាយឱ្យនៅកក់ក្តៅជាប់ជានិច្ច។
5 . ពេលចាប់ផ្តើមមានអាការគ្រុនផ្តាសាយធំ គួរគេងសម្រាកឱ្យបានច្រើន និងញ៉ាំទឹកញឹកញាប់ បើក្តៅខ្លួនខ្លាំង ចូរលេបថ្នាំបញ្ចុះកម្តៅ និងយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗជូតខ្លួន ឬបើអាការមិនល្អប្រសើរឡើង ចូរប្រញាប់ទៅមន្ទីពេទ្យ។
រឿងសំខាន់យើងគួរយកចិត្តទុកដាក់សិក្សា និងតាមដានព័ត៌មានដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយ ជាពិសេសគ្រុនផ្តាសាយធំដែលមានការឆ្លងរាលដាល និងក្លាយពូជជាប្រចាំរៀងរាល់ឆ្នាំ៕