និយាយពីរឿង ពិនិត្យសុខភាព មនុស្សជាច្រើនប្រហែលជាធ្លាប់ពិនិត្យរួចហើយ អ្នកខ្លះអាចពិនិត្យនៅកន្លែងធ្វើការ ឬពិនិត្យនៅមន្ទីពេទ្យ ។ ទោះជារឿងការពិនិត្យសុខភាពមានមកយូរហើយក៏ដោយ តែនៅមានមនុស្សជាច្រើនទៀតដែលនៅមិនទាន់ហ៊ាន ឬមិនដឹងថាហេតុអីត្រូវទៅពិនិត្យ ពិនិត្យហើយបានអ្វី? ហើយបើចង់ទៅពិនិត្យ តើត្រូវធ្វើយ៉ាងណាខ្លះ? ថ្ងៃនេះ ឡារ៉ែន មានចម្លើយចំពោះរឿងនេះមកជម្រាបជូនមិត្តអ្នកអានបានរៀនយល់ដឹងមុនពេលទៅពិនិត្យសុខភាព។
“ការពិនិត្យសុខភាព” ចែកចេញជា 2 រឿង គឺការស្វែងរកជំងឺដែលបង្កប់នៅក្នុងខ្លួនយើង ដោយដែលយើងនៅមិនទាន់មានចេញអាការខុសប្រក្រតីអ្វី ដែលហៅថា “គ្រោះភ័យលាក់មុខ” ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាម មហារីកស្បូន ជាដើម និងមួយទៀតគឺការស្វែងរកទង្វើដែលប្រថុយប្រថាន និងបច្ច័យប្រថុយប្រថានក្នុងការកើតជំងឺផ្សេងៗ ដែលបើសិនជារកឃើញថា មានភាពប្រថុយប្រថាននោះ គ្រូពេទ្យនឹងផ្តល់នូវការណែនាំក្នុងការប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីការពារមិនឱ្យកើតរោគភ័យហ្នឹងឯង។
អីលូវយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើ 6 រឿងគួរដឹងមុនពិនិត្យសុខភាពនេះមានអ្វីខ្លះ?
1 . ការពិនិត្យសុខភាពជារឿងសំខាន់ ព្រោះមានជំងឺច្រើនប្រភេទដែលជាគ្រោះភ័យលាក់មុខ ដូច្នេះការពិនិត្យតាំងពីរយៈចាប់ផ្តើមដំបូង បើរកឃើញមាន នឹងធ្វើឱ្យងាយស្រួលព្យាបាល និងមានឱកាសជាសះស្បើយបាន។
2 . ការពិនិត្យសុខភាពកុមារក៏មានភាពសំខាន់ដូចគ្នាដែរ ដោយសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺ រួមទាំងមានពិនិត្យមើលការចម្រើនធំធាត់ និងវិវឌ្ឍនាការថា ស័ក្តិសម ឬត្រូវនឹងវ័យដែរឬទេ? ដើម្បីការពារភាពខុសប្រក្រតីផ្សេងៗ និងដែលសំខាន់គឺ ការពិនិត្យសុខភាពតាំងពីក្មេងនឹងធ្វើឱ្យគ្រូពេទ្យបានត្រួតពិនិត្យបច្ច័យប្រថុយប្រថានជ្រៀតជ្រែកផ្សេងៗដែលនឹងកើតចំពោះក្មេង និងធ្វើការព្យាបាលបានទាន់ពេលវេលា។
3 . ការពិនិត្យសុខភាពត្រូវពិនិត្យឱ្យស័ក្តិសមនឹងខ្លួនយើង បើពិនិត្យលើសពីចាំបាច់ នឹងធ្វើឱ្យខាតបង់ប្រាក់ដោយឥតប្រយោជន៍ និងការពិនិត្យមួយចំនួនអាចនឹងនាំទៅរកសភាវជ្រៀតជ្រែកដែលមានគ្រោះថ្នាក់ដល់ជីវិតបាន។
4 .”ពិនិត្យសុខភាពប្រចាំឆ្នាំ” គឺជាពាក្យដែលយល់ខុស ព្រោះការពិនិត្យសុខភាពមិនចាំបាច់ត្រូវពិនិត្យរាល់ឆ្នាំនោះទេ តែជាការពិនិត្យតាមដំណាក់កាល តាមភាពចាំបាច់របស់បុគ្គលម្នាក់ៗ អាស្រ័យលើភេទ អាយុ និងោកាសប្រថុយប្រថានក្នុងការឈឺថ្កាត់ ដូចជា ទឹកនោមផ្អែម ជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ ជាដើម។
5 . ប្រជាជនច្រើនតែយល់ច្រឡំថា ការពិនិត្យសុខភាព គឺការស្វែងរកជំងឺដោយការពិនិត្យក្នុងបន្ទប់ពិសោធន៍ និងសង្កត់ធ្ងន់លើការព្យបាលអំពីគ្រូពេទ្យ ទើបប្រហែស និងបណ្តែតបណ្តោយការមើលថែទាំសុខភាពរបស់ខ្លួនឯង ដែលការពិតវិញ ការពិនិត្យសុខភាពដែលត្រឹមត្រូវគឺ ផ្តល់ភាពសំខាន់លើការសាកសួរប្រវត្តិដើម្បីស្វែងរកបច្ច័យប្រថុយ ដែលនៅពេលបានដឹងពីបច្ច័យប្រថុយប្រថាននឹងការកើតជំងឺផ្សេងៗហើយនោះ ដំណាក់កាលបន្តទៅទៀត គឺការឱ្យគ្រូពេទ្យពិនិត្យរាងកាយ ដោយនឹងពិនិត្យក្នុងមន្ទីរពិសោធន៍ចំពោះតែអ្វីដែលចាំបាច់ប៉ុណ្ណោះ ដែលពេលខ្លះមិនចាំបាច់ត្រូវពិនិត្យសោះក៏មានដែរ។
6 . យើងអាចពិនិត្យសុខភាពដោយខ្លួនឯងបាន ដោយការពិនិត្យសង្កេតទង្វើ ទម្ងន់ខ្លួន ការវាស់រង្វង់ជុំចង្កេះថា តើស្ថិតក្នុងសភាវដុះក្បាលពោះដែរឬទេ? ដោយវាស់យកចំណុចកណ្តាលត្រង់ផ្ចិត រួចយកប្រវែងដែលបានមកចែកនឹងកម្ពស់ ដោយមនុស្សប្រក្រតីនឹងមានប្រវែងជុំចង្កេះមិនលើសពាក់កណ្តាលរបស់ប្រវែងកម្ពស់ឡើយ បើលើស បញ្ជាក់ថា ការដុះក្បាលពោះរបស់យើងនេះមានភាពប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺត្បៀតសរសៃឈាមបេះដូង ឬខួរក្បាល។
វិធីការត្រៀមខ្លួនមុនពិនិត្យសុខភាព
1 . គួរគេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ 6 ម៉ោងមុនការពិនិត្យសុខភាព ព្រោះ បើសិនជាមិនបានគេង នឹងធ្វើឱ្យលទ្ធផលការពិនិត្យខុសប្រក្រតី ជាពិសេសសម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរបស់រាងកាយ ដែលអាចធ្វើឱ្យគ្រូពេទ្យមិនអាចវាយតម្លៃបានថា សុខភាពរាងកាយយើងមានភាពខុសប្រក្រតីមែនឬយ៉ាងណាឡើយ។
2 . តមអាហារ និងភេសជ្ជៈ ចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើនយ៉ាងហោចណាស់ 8 – 10 ម៉ោងមុនពិនិត្យ តមស្រា ឬប៊ីយែរយ៉ាងតិច 24 ម៉ោងមុនពិនិត្យសុខភាព ដោយសារតែភេសជ្ជៈដែលមានជាតិអាល់កុលអាចមានផលប៉ះពាល់ដល់ការពិនិត្យមួយចំនួន ដូច្នេះគួរប្រាប់លោកគ្រូពេទ្យឱ្យបានដឹងមុននឹងពិនិត្យក្នុងករណីដែលបានទទួលទាន។
3 . បើសិនមានជំងឺប្រចាំកាយ ឬប្រវត្តិសុខភាពផ្សេងទៀត សូមនាំយកលទ្ធផលរបស់ការពិនិត្យកាលពីពេលនោះទៅជាមួយផង ដើម្បីគ្រូពេទ្យនឹងបានវិនិច្ឆ័យបានត្រឹមត្រូវ។
4 . សម្រាប់ស្រ្តីមិនគួរស្ថិតក្នុងអំឡុងពេលមុន និងក្រោយមានវដ្តរដូវ 7 ថ្ងៃ បើមានវដ្តរដូវប្រចាំខែចូរតមពិនិត្យទឹកមូត្រ ព្រោះឈាមនឹងមានលាយឡំនៅក្នុងទឹកមូត្រ ដែលនឹងមានផលដល់ការបង្ហាញលទ្ធផលការពិនិត្យ។
5 . ការពិនិត្យចម្រាញ់មហារីកសុដន់ដោយអិចស៍រេយ៍សុដន់ ( Mammogram ) ចៀសវាងការពិនិត្យក្នុងអំឡុងមានវដ្តរដូវប្រចាំខែ ដែលសុដន់មានភាពតឹងណែន ដូច្នេះគួរពិនិត្យក្រោយពេលមានប្រចាំខែ។
យើងបានឃើញហើយថា ការពិនិត្យសុខភាពមានភាពសំខាន់ និងមិនបានធ្វើឱ្យយើងខាតពេលវេលាច្រើនដូចដែលយើងគិតនោះទេ តែផ្ទុយទៅវិញវាបែរជាជួយសន្សំសំចៃពេលវេលារបស់យើងទៅវិញទេ ព្រោះការរកឃើញភាពប្រក្រតីតាំងពីរយៈផ្តើមដំបូង ការព្យាបាលឱ្យជាសះស្បើយអាចធ្វើបានយ៉ាងល្អប្រសើរ និងគ្មានពាក្យថា “ហួសពេលហើយ” ទៀតផង៕