ប្រជាជននឹងតម្រូវឱ្យមានកាតលឿងមួយនៅពេលពួកគេបង្ហាញខ្លួននៅក្នុងអាកាសយានដ្ឋានដើម្បីបញ្ជាក់ថាមិនមានផ្ទុកវីរុស ខណៈដែលសាលារៀន ភោជនីយដ្ឋាន ពហុកីឡដ្ឋានក៏នឹងត្រូវមានមជ្ឈមណ្ឌលត្រួតពិនិត្យរហ័សសម្រាប់ស្វែងរកCOVID-19ផងដែរ។
ក្នុងរយៈពេលពីបីទៅបួនឆ្នាំខាងមុខ ពិភពលោកនឹងបន្តប្រយុទ្ធប្រឆាំងនឹងCOVID-19 នៅពេលដែលចំណុចក្ដៅរបស់វីរុសនេះបន្តលោតឆ្លងពីប្រទេសមួយទៅកាន់ប្រទេសមួយ ហើយឥទ្ធិពលរបស់វីរុសនេះក៏នឹងអូសបន្លាយរាប់ទសវត្សរ៍។ នេះបើតាមការព្យាកររបស់បណ្ឌិត Larry Brilliant អ្នកឯកទេសផ្នែករោគឆ្លងមួយរូបនៅ California សហរដ្ឋអាមេរិក និងជាប្រធានក្រុមប្រឹក្សានៃអង្គការ Ending Pandemics។ លោកធ្លាប់ជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងទសវត្សរ៍ឆ្នាំ1970 ដែលធ្លាប់បានចូលរួមក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺអុតធំ (smallpox) ដែលបង្កឡើងដោយវីរុស Variola major និង Variola minor។
ក៏ប៉ុន្តែ ស្ថានភាព “មិនអាក្រក់ខ្លាំងណាស់ណានោះទេ”។ ក្រុមហ៊ុនឱសថរាប់សិបនៅលើពិភពលោកនឹងផលិតវ៉ាក់សាំងជាច្រើនប្រភេទ ព្រមទាំងអាចរកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាព រួមមានទាំងការព្យាបាលជាមួយនឹងអង្គបដិបក្ខក្នុងប្លាស្មាឈាមជាដើម ដែលអាចជួយឱ្យអ្នកជំងឺជាសះស្បើយបានឆាប់រហ័សជាងបច្ចុប្បន្ន។
លោក Brilliant ថ្លែងថា “យើងនឹងនៅតែស្ថិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងទល់នឹងCOVID19 ក្នុងរយៈពេលប្រហែលជាបួនឆ្នាំទៀត ប៉ុន្តែមិនដូចបច្ចុប្បន្នឡើយ”។ លោកបន្តថា “សង្គ្រាមនោះនឹងដូចទៅនឹងកម្មវិធីបោសសម្អាតជំងឺអុតធំ ឬជំងឺគ្រុនស្វិតដៃជើង។ វាដូចទៅនឹងជំងឺគ្រុនលឿង (Yellow fever) ដែលប្រទេសខ្លះមាន ហើយប្រទេសខ្លះទៀតមិនមាន”។
ឧបសគ្គនៅចំពោះមុខ បើតាមលោក Brilliant នោះគឺការជួបជុំក្នុងពិធីផ្សេងៗ សិស្សត្រូវចូលរៀន ការឆ្លងរាលដាលនៃវីរុសបង្កជំងឺគ្រុនផ្ដាសាយ រួមនឹងការពលរដ្ឋនាំគ្នាទៅបោះឆ្នោតជាដើម។ល។
សាលារៀនគឺជាកន្លែងដែលងាយនឹងឆ្លងវីរុស ដោយសារសិស្សមួយចំនួនធំត្រូវធ្វើដំណើរតាមរថយន្តក្រុង និងតែងតែជួបជុំគ្នានៅក្នុងបន្ទប់រៀន បរិវេណសាលា និងក្នុងពិធីផ្សេងៗទៀត។ ទាំងនេះសុទ្ធតែជាកត្ដាដែលនាំឱ្យវីរុសឆ្លងរាលដាលលឿន។ ហាងកាហ្វេ បន្ទប់ហាត់ប្រាណ បន្ទប់ផ្លាស់សម្លៀកបំពាក់ សាលមហោស្រប និងអាងហែលទឹកក៏ជាឧបសគ្គចំពោះបេសកកម្មគ្រប់គ្រងCOVID-19ផងដែរ។
បន្ទាប់ពីបានឆ្លងវីរុសពីសាលារៀន សិស្សនឹងនាំវីរុសនេះមកចម្លងឱ្យមនុស្សនៅឯផ្ទះ។ ស្ថានភាពនេះនឹងធ្វើឱ្យCOVID-19 រីកចម្រើនបានយ៉ាងលឿន និងបង្កផលប៉ះពាល់ដល់តំបន់មួយចំនួនដែលមុននេះមិនធ្លាប់មានវីរុស។
លោក Brilliant ថ្លែងថា “យើងកំពុងតែស្ថិតក្នុងផ្លូវដ៏វែងឆ្ងាយ និងមានឧបសគ្គច្រើន”។
បណ្ឌិតរូបនេះបន្តថា វីរុសនេះនឹងបន្តឆ្លងរាលដាលរហូតដល់វាត្រូវបានទប់ស្កាត់ដោយវ៉ាក់សាំង ឬថ្នាំ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី JAMA Internal Medicine បានឱ្យដឹងថា តួលេខនៃការឆ្លងជាក់ស្ដែងគឺច្រើនជាងតួលេខដែលត្រូវបានប្រកាសជាផ្លូវការរហូតដល់6ទៅ24ដងឯណោះ៕
ប្រភព៖ USA Today