មនុស្សភាគច្រើនមើលឃើញថា ផ្លែឈើដែលយើងនាំគ្នាទទួលទាននោះសុទ្ធផ្តល់តែប្រយោជន៍ ព្រោះមានវីតាមីនផ្សេងៗដែលជួយបង្កើនឱ្យរាងកាយរឹងមាំ និងយល់ថា ញ៉ាំផ្លែឈើហើយនឹងធ្វើឱ្យយើងមិនធាត់ និងមានសុខភាពល្អ។
តែនៅក្នុងការពិតវិញ អ្នកដឹងឬទេថា ផ្លែឈើក៏អាចផ្តល់គុណវិបត្តិដល់រាងកាយរបស់មនុស្សយើងបានដូចគ្នា។ យើងគួរបែងចែកប្រភេទរបស់ផ្លែឈើ ព្រោះផ្លែឈើប្រភេទខ្លះក៏មិនស័ក្តិសមសម្រាប់អ្នកជំងឺដែលកើតរោគផ្សេងៗដែរ ដូចជា ៈ
– អ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែម ឬផ្លែឈើដែលមានរសជាតិជូរអែម ឬអាចទទួលទានបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។
– ស្រ្តីកំពុងមានគភ៌ គួរចៀសវាងការទទួលទានផ្លែឈើដែលផ្លែខុសរដូវកាល ព្រោះថាមានភាពប្រថុយប្រថានខ្ពស់ណាស់ក្នុងការបានទទួលសារធាតុគីមី ការប្រើអ័រម៉ូន ជី ឬថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតដែលខ្លាំងជាងប្រក្រតី រហូតអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃបាន។ ក្រៅពីនេះ នៅគួរចៀសវាងការទទួលទានផ្លែឈើខ្ចី និងផ្លែឈើដែលឆ្លងកាត់ការកែច្នៃផងដែរ។
– ក្នុងរដូវក្តៅ គួរចៀសវាងការទទួលទានផ្លែឈើណាដែលមានឬទ្ធិក្តៅ ជាពិសេសជាមួយមនុស្សចាស់ ព្រោះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយឡើងខ្លាំងជ្រុល ដូចជា ផ្លែមៀន ធុរេន រួមទាំងម្ហូបអាហារដែលមានរសជាតិហឹរផងដែរ។
– អ្នកដែលកំពុងទទួលការព្យាបាលពាក់ព័ន្ធរោគក្រលៀន គួរចៀសវាងការទទួលទានផ្លែស្ពឺ ព្រោះអាចកើតមានការជ្រៀតជ្រែកពីអាការដទៃបាន ព្រោះក្នុងផ្លែស្ពឺមានសារធាតុមួយប្រភេទដែលហៅថា អុកសាលេត ដែលអាចធ្វើឱ្យកើតសភាវគាំងក្រលៀនទាន់ហន់ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។
ទោះជាក្នុងផ្លែឈើប្រភេទនីមួយៗមានវីតាមីនដែលផ្សេងពីគ្នា ទាំងវីតាមីន A . C . E . B1 B2 B6 បេតាឃែរ៉ូទីន កាល់ស្យូម ផូស្វ័រ និងសារធាតុដែកមែន តែប្រភេទខ្លះក៏មានបរិមាណជាតិស្ករ និងម្សៅខ្ពស់ រួមទាំងរសជាតិដែលខុសប្លែកពីគ្នាដែរ។ អ្វីទាំងអស់នេះអាចជាបច្ច័យធ្វើឱ្យកើតរោគផ្សេងៗកើតឡើងបាន បើទទួលទានមិនបានល្មមសមរម្យ។
ផ្លែឈើផ្តល់ឱ្យទាំងគុណប្រយោជន៍ និងគុណវិបត្តិ ដូច្នេះមុននឹងអ្នកញ៉ាំអ្វីគួរនឹកដល់សុខភាពខ្លួនឯងជាមុន និងដែលសំខាន់គឺការទទួលទានក្នុងបរិមាណដែលសមល្មមនឹងតម្រូវការរាងកាយ៕