មានឈ្មោះថាអាហារ មិនថាតែអាហារពេលចម្បង ឬបង្អែមនោះឡើយ ឡារ៉ែនជឿថានរណាៗក៏ត្រូវតែបរិភោគដែរ តែតើមានប៉ុន្មានអ្នកទៅដែលចេះជ្រើសរើសអាហារដែលលោកអ្នកត្រូវទទួលទាននោះសក្តិសមនឹងវ័យ និងមានប្រយោជន៍ មានគុណតម្លៃដល់រាងកាយរបស់ខ្លួនឯង? ។ យើងគួរតែយកចិត្តទុកដាក់ក្នុងការជ្រើសរើសទទួលទានអាហារតាមអំឡុងពេលរបស់អាយុ ឬវ័យ ព្រោះក្នុងអំឡុងពេលនៃវ័យនីមួយៗ មានភាពខុសផ្លែកពីគ្នាខាងការវិវឌ្ឍន៍របស់រាងកាយ និងលក្ខណះការរស់នៅ ។
ក្នុងអំឡុងអាយុចាប់ពី 20 ឆ្នាំឡើងទៅ
គឺជាអំឡុងពេលដែលរាងកាយមានការវិវឌ្ឍន៍ និងចំរើនធំធាត់ពេញទំហឹង មិនថាតែរឿងការរៀនសូត្រ ការធ្វើការងារឡើយ ហើយក៏ជាវ័យដែលសកម្ម មិនចេះនឿយហត់ និងរឹតតែសកម្មក្នុងជីវិតប្រចាំថ្ងៃច្រើនប៉ុនណា រាងកាយក៏រឹតតែដុតបំផ្លាញ និងប្រើប្រាស់កម្លាំងថាមពលច្រើនប៉ុននោះដែរ ដូច្នេះគួរជ្រើសរើសទទួលទានអាហារឲ្យបានសក្តិសមនឹងតម្រូវការរបស់រាងកាយ ។
ចូរជ្រើសរើសទទួលទានពពួកសាច់សត្វ និងសណ្តែកផ្សេងៗ រួមទាំងបាយ និងម្សៅជាលំដាប់ទីមួយ តាមដោយបន្លែ ផ្លែឈើជាលំដាប់ទីពីរ ចំណែកឯទឹកដោះគោ និងអាហារជំនួសជាតិកាល់ស្យូមផ្សេងៗដូចជា តៅហ៊ូ ទឹកសណ្តែកលឿងបង្កើនកាល់ស្យូមជាលំដាប់ទីបី និងផ្តល់ភាពសំខាន់ចំពោះជាតិខ្លាញ់ជាលំដាប់ក្រោយគេបង្អស់ ។
សាច់ត្រីជាអាហារជំនួយខួរក្បាលដែលជួយរក្សាព្យាបាលជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលឲ្យរឹងមាំ មិនឆាប់ភ្លេច ។ បន្លែពណ៌បៃតងដូចជា ត្រកួន កញ្ឆែត ខាត់ណា សណ្តែកកួរ ជួយបំប៉នខ្សែភ្នែក សាងឆ្អឹង និងធ្មេញឲ្យរឹងមាំ ។
វ័យដែលចាប់ផ្តើមដោយលេខ 3
អាយុឡើងដល់លេខ 3 មនុស្សជាច្រើនចាប់ផ្តើមភ័យ តែការចេះជ្រើសរើសទទួលទាន នឹងធ្វើឲ្យអ្នកឯទៀតមិនអាចស្មានដឹងពីអាយុរបស់អ្នកតាមរយះរូបរាងមុខមាត់បានឡើយ ។ ក្នុងអំឡុងវ័យចាប់ផ្តើមជាមនុស្សចាស់ តម្រូវការផ្នែកថាមពលនៅតែមាន ព្រោះជាចន្លោះជីវិតនៃការធ្វើការងារ តែត្រូវបន្ថែមការប្រុងប្រយ័ត្នក្នុងរឿងជាតិខ្លាញ់ និងកូលេស្តេរ៉ូល ព្រោះអាចមានផលប៉ះពាល់ដល់រូបរាងមុខមាត់សំបកក្រៅដែលមើលឃើញមានការប្រែប្រួលបានយ៉ាងច្បាស់ ដូច្នេះគួរចៀសវាងអាហារដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ូលខ្ពស់ដូចជា សាច់ជ្រូកបីជាន់ ប៊័រដុំ ខ្ទិះ ជាដើម ។
លោកអ្នកអាចជ្រើសរើសទទួលទានអាហារដែលជួយកាត់បន្ថយជាតិខ្លាញ់ និងកូលេស្តេរ៉ូលបានដូចជា ត្រីសមុទ្ទជួយកាត់បន្ថយសម្ពាធឈាម ពួកគ្រាប់សណ្តែកស្ងួតដូចជា សណ្តែកក្រហម សណ្តែកខៀវ សណ្តែកលឿង ជួយកាត់បន្ថយភាពប្រថុយពីជម្ងឺបេះដូង និងមានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានកាកសសៃខ្ពស់ដែលជួយឲ្យឆ្អែតពោះបានយូរ និងមានផលល្អដល់ប្រព័ន្ធពោះវៀនទៀតផង ។
វ័យដែលចាប់ផ្តើមដោយលេខ 4
ដោយសារតែសភាពរាងកាយចាប់ផ្តើមប្រែប្រួល ជាពិសេសចំពោះស្រ្តី ឯបុរសក្នុងវ័យនេះវិញក៏ចាប់ផ្តើមមានរោគផ្សេងៗកើតឡើងដែរ តែទាំងអស់នេះការពន្យាវ័យ ឬការការពាររោគផ្សេងៗដែលមកជាមួយវ័យ មិនបានលំបាកលំបឹនហួសពីយើងអាចធ្វើបាននោះឡើយ ។
សំរាប់ចន្លោះវ័យនេះតម្រូវការខាងថាមពលនឹងថយចុះ តែតម្រូវការកាល់ស្យូម និងវិតាមីនផ្សេងៗកើនឡើង ដែលរាងកាយអាចនឹងទទួលបានពីបន្លែផ្លែឈើដែលមានកាកសសៃអាហារខ្ពស់ ហើយថែមទាំងមានសារធាតុប្រឆាំងអនុមូលឥស្សរះទៀតផង ។ ឯវិតាមីន C ពីចំណីអាហារដែលងាយរកទទួលទានបាននោះ មានដូចជា ផ្លែក្រូច ត្របែក ប៉េងប៉ោះ ត្រសក់ស្រូវជាដើម ចំណែកអាហារដែលមានវិតាមីន E គឺ ប្រេងសណ្តែក ប៊័រសណ្តែក សណ្តែកដី និងគ្រាប់អាល់ម៉ុន ។ ក្រៅពីនេះគួរទទួលទានតៅហ៊ូ ប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដែលផ្តល់កាល់ស្យូមច្រើនជាងសាច់សត្វផ្សេងៗ និងគួរចៀសវាងភេស្ជជះដែលមានជាតិអាល់កុល និងកាហ្វេអ៊ីនផង ។
វ័យដែលចាប់ផ្តើមដោយលេខ 5
ការឈានចូលដល់វ័យ 50 នោះ មិនមែនមានផលប៉ះពាល់ចំពោះតែរាងកាយម៉្យាងប៉ុណ្ណោះទេ តែនៅមានផលដល់សភាពផ្លូវចិត្តផងដែរ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងវ័យនេះ លោកអ្នកគួរយល់ដឹងពីការធ្វើការងាររបស់រាងកាយដែលមានប្រសិទ្ធភាពថយចុះ ជាពិសេសប្រព័ន្ធការរំលាយ ការបឺតយកសារធាតុអាហារ ធ្វើឲ្យរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ។
ក្នុងអំឡុងវ័យនេះអ្នកអាចមិនសូវមានអារម្មណ៍ស្រេកទឹកប៉ុន្មានទេ តែគួរទទួលទានទឹកឲ្យបានទៀងទាត់ យ៉ាងតិចមួយថ្ងៃ 8 – 12 កែវ ដើម្បីការពារការខ្វះជាតិទឹកដោយមិនដឹងខ្លួន គួរទទួលទានខាបូហាយដ្រេតឲ្យតិច សង្កត់ធ្ងន់លើអាហារពួកសាច់ត្រីដើម្បីកុំឲ្យខ្វះជាតិប្រូតេអ៊ីន និងពួកសាច់សត្វណាដែលងាយរំលាយ ។ គួរទទួលបានកាល់ស្យូមឲ្យគ្រប់គ្រាន់ ហើយអាហារដែលមានកាល់ស្យូមខ្ពស់គឺនៅក្នុងទឹកដោះ យ៉ាអួប្រភេទក្រែម និងប៊័រដុំជាដើម ។
រឿងដែលសំខាន់នោះ គឺមិនថាលោកអ្នកស្ថឹតនៅក្នុងវ័យណាក៏ដោយ គួរយកចិត្តទុកដាក់រឿងការហូបចុកឲ្យបានគ្រប៉ពេលទោះជាមានជម្ងឺ ឬគ្មានក៏ដោយ ក្រៅពីនេះគួរបង្កើនការធ្វើចលនាក្នុងមួយថ្ងៃៗឲ្យបានច្រើន និងញឹកញាប់ នឹងធ្វើឲ្យមានសុខភាពកាន់តែល្អឡើង និងកាត់បន្ថយភាពធុញថប់ តឹងតែងបានទៀតផង៕