ប្រធានាធិបតី Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកអាចអភិវឌ្ឍវ៉ាក់សាំងCOVID-19 ដោយជោគជ័យនៅមុនកាលកំណត់ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ2021។
“យើងកំពុងធ្វើឱ្យមានតុល្យភាពរវាងល្បឿននិងសុវត្ថិភាព។ យើងកំពុងតែ “ដុតដៃដុតជើង” ដើម្បីមានវ៉ាក់សាំងនៅក្នុងឆ្នាំនេះ ហើយវាអាចនឹងឆាប់ជាងចុងឆ្នាំ” លោក Trump ថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ (3សីហា)នៅសេតវិមាន។
លោក Trump បន្ថែមថា “យើងក៏កំពុងតែផលិតវ៉ាក់សាំងជាច្រើនដែលនឹងនាំមកនូវក្ដីសង្ឃឹមបំផុត ដើម្បីត្រៀមខ្លួនសម្រាប់ប្រើប្រាស់ភ្លាមៗបន្ទាប់ពីបានអនុម័ត។ កម្លាំងភស្តុភារនៃកងទ័ពក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ”។
មេដឹកនាំសហរដ្ឋអាមេរិក បានថ្លែងដល់ប្រភេទវ៉ាក់សាំងដែលមានសក្កានុពលដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង Moderna។ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកាំងបានឱ្យដឹងថា ក្រុមហ៊ុនទាំង2នេះ បានធ្វើការសាកល្បងដំណាក់កាលចុងក្រោយនៅលើមនុស្សតាំងតែពីសប្ដាហ៍មុន។ លោក Trump អះអាងថា “ទាំងនេះមិនត្រឹមតែជាក្រុមហ៊ុនល្បីឈ្មោះប៉ុណ្ណោះទេ តែថែមទាំងត្រូវបានវាយតម្លៃខ្ពស់ទៀតផង”។
ម្ចាស់សេតវិមានសង្ឃឹមថា ក្រោយពីមានវ៉ាក់សាំង សហរដ្ឋអាមេរិកអាចលុបបំបាត់COVID-19 បានយ៉ាងឆាប់រហ័សបំផុត។
បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាសម្បុកវីរុសCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកផ្ទុកវីរុសចំនួន 4,862,285នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួនជាង158,000នាក់។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកជំងឺCOVID-19 សរុប18,467,839នាក់ អ្នកស្លាប់សរុប697,876នាក់ និងអ្នកជំងឺបានជាសះស្បើយមានចំនួន11,695,336នាក់៕
ប្រភព៖ CNBC