នៅព្រឹក ថ្ងៃទី1សីហានេះ “អ្នកជំងឺទី499” នៅវៀតណាម ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត ដែលនេះគឺជាករណីស្លាប់ទី3ហើយ នៅប្រទេសនេះ។
សាស្ត្រាចារ្យ Nguyen Gia Binh ប្រធានាសមាគមសង្គ្រោះបន្ទាន់ និងជាសមាជិកគណៈកម្មការផ្នែកព្យាបាលនៃគណៈកម្មធិការគ្រប់គ្រងការប្រយុទ្ធប្រឆាំងនឹង COVID-19 បានឱ្យដឹងថា មូលហេតុដែលនាំឱ្យអ្នកជំងឺនេះបាត់បង់ជីវិតគឺដោយសារមានជំងឺមហារីក និងជំងឺសួតធ្ងន់ធ្ងរ បូករួមជាមួយនឹងជំងឺCOVID-19។
អ្នកជំងឺដែលបានស្លាប់ខាងលើនេះគឺជាស្ត្រីវ័យ68ឆ្នាំ មានជំងឺលើសឈាម ទឹកនោមផ្អែម មហារីកគ្រាប់ឈាម (Leukemia) និងជំងឺCOVID-19។ ករណីនេះក៏ជាប់ទាក់ទិននឹងមន្ទីរពេទ្យដាណាំងនៅភាគកណ្ដាលប្រទេសផងដែរ ដោយសារធ្លាប់បានចូលសម្រាកព្យាបាលជំងឺនៅទីនេះជាញឹកញាប់។
នេះគឺជាករណីស្លាប់ទី3 ដោយសារឆ្លងវីរុសCOVID-19 នៅប្រទេសវៀតណាម។ ករណីស្លាប់ទី1 និងទី2 បានកើតមានកាលពីម្សិលមិញ (31កក្កដា)។ អ្នកជំងឺចំនួន18នាក់ផ្សេងទៀតកំពុងតែប្រឈមនឹងការបាត់បង់ជីវិត ដោយសារតែមានសភាពធ្ងន់ធ្ងរ និងសុទ្ធសឹងតែជាមនុស្សចាស់ និងមានជំងឺច្រើនមុខ៕