ក្រសួងសុខាភិបាលវៀតណាម ព្រឹកនេះ (1សីហា) បានរកឃើញករណីឆ្លងវីរុសCOVID-19 ថ្មី ចំនួន12នាក់ ដែលសុទ្ធតែជាអ្នកជំងឺ និងអ្នកថែទាំអ្នកជំងឺនៅមន្ទីរពេទ្យដាណាំង រួមនឹងអ្នកទាក់ទងផ្ទាល់ជាមួយអ្នកជំងឺ។
នៅក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ វៀតណាមបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប94នាក់។
ករណីស្លាប់ដោយសារវីរុសCOVID-19 ចំនួន2នាក់នេះត្រូវបានវៀតណាមអះអាងថា មានជាប់ទាក់ទិននឹងជំងឺគាំងបេះដូង ចំណែក1ករណីទៀតជាប់ទាក់ទងនឹងបញ្ហាឆ្លងរោគផ្សេងបន្ថែមពីលើ COVID-19។
គិតមកដល់ព្រឹកនេះ វៀតណាមបានរកឃើញអ្នកផ្ទុកCOVID-19 សរុប558នាក់ អ្នកស្លាប់សរុប2នាក់ កំពុងព្យាបាល183នាក់ និងជាសះស្បើយ373នាក់។
មនុស្សជាង91,000នាក់នៃប្រទេសនេះកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដោយសង្ស័យថា មានផ្ទុកវីរុសCOVID-19។
នៅទូទាំងពិភពលោក គិតមកដល់បច្ចុប្បន្ន មានអ្នកស្លាប់ដោយសារCOVID-19 ចំនួនជាង660,000នាក់ ក្នុងចំណោមអ្នកជំងឺសរុបជាង17លាននាក់។ សហរដ្ឋអាមេរិក និងប្រេស៊ីលគឺជាប្រទេសដែលមានអ្នកជំងឺ និងអ្នកស្លាប់ដោយសារវីរុសនេះច្រើនជាងគេក្នុងពិភពលោក។ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីឈរលំដាប់ទី1 ដោយមានអ្នកជំងឺសរុប108,376នាក់ និងអ្នកស្លាប់សរុប5,131នាក់៕