ទីក្រុងហាណូយបានធ្វើតេស្តលឿនបានចំនួនជិត52,000លើកទៅលើពលរដ្ឋដែលជាប់សង្ស័យថាអាចមានផ្ទុកវីរុសCOVID-19 ក្នុងពេលដែលទីក្រុងហូជីមិញបានបញ្ចេញលទ្ធផលធ្វើតេស្តចំនួន1,351នាក់។
នៅទីក្រុងហាណូយ ក្នុងចំណោមសំណាកចំនួន21,000ករណី ដែលត្រូវបានធ្វើតេស្តលឿន គឺមាន2ករណីបង្ហាញថាវិជ្ជមានជាមួយនឹងCOVID-19 ប៉ុន្តែលទ្ធផលនៃការធ្វើតេស្តដោយប្រើបច្ចេកទេស PCR សុទ្ធតែបង្ហាញលទ្ធផលអវិជ្ជមាន។
លោក Khong Minh Tuan នាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃក្រុងហាណូយបានឱ្យដឹងថា CDC របស់ទីក្រុងនេះ បានធ្វើតេស្តលឿនសរុបជិត52,000លើកនៅក្នុងខណ្ឌចំនួន30។ គិតដល់ថ្ងៃនេះ (31កក្កដា) ទីក្រុងហាណូយបានធ្វើតេស្តលឿនទៅលើពលរដ្ឋដែលមកពីទីក្រុងដាណាំងនៅក្នុងខែកក្កដា ចំនួន21,732នាក់។
នៅក្នុងថ្ងៃនេះ ទីក្រុងហាណូយបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន2ករណីតែប៉ុណ្ណោះ ដែលអ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងទីក្រុងដាណាំង។
ចំណែកនៅទីក្រុងហូជីមិញវិញ គិតមកដល់ពេលនេះ កំពុងធ្វើតេស្តលើសំណាករបស់ពលរដ្ឋចំនួន14,000នាក់ ក្នុងចំណោមមនុស្សចំនួន22,000នាក់ដែលបានមករាយការណ៍ បន្ទាប់ពីបានត្រលប់មកពីទីក្រុងដាណាំង រាប់ចាប់ពីថ្ងៃទី1កក្កដា។ ក្នុងចំណោមសំណាកចំនួន14,000ករណីដែលកំពុងធ្វើតេស្ត គឺមានលទ្ធផលអវិជ្ជមានចំនួន1,351នាក់ ក្រៅពីនេះ កំពុងរង់ចាំលទ្ធផល។
បច្ចុប្បន្ន ទីក្រុងហូជីមិញកំពុងព្យាបាលអ្នកជំងឺCOVID-19 ថ្មី ចំនួន2នាក់ ដែលជាជនជាតិអាមេរិកាំង។ ទីក្រុងនេះកំពុងតាមដានមនុស្សចំនួន470នាក់ ចំណែក1,113នាក់ផ្សេងទៀតកំពុងដាក់ឱ្យនៅដោយឡែក ខណៈ3,350នាក់ទៀតកំពុងបង្ខាំងខ្លួននៅក្នុងផ្ទះ។
គិតមកដល់បច្ចុប្បន្ន ប្រទេសវៀតណាមបានរកឃើញអ្នកជំងឺសរុបចំនួន 509នាក់ ក្នុងនោះមាន136នាក់កំពុងទទួលការព្យាបាល និង373នាក់បានជាសះស្បើយ។ ទីក្រុងចំនួន3ដែលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ច្រើនជាងគេ រួមមានរដ្ឋធានីហាណូយ (123នាក់) ទីក្រុងដាណាំង (85នាក់) និងទីក្រុងហូជីមិញ (64នាក់)។
ទាក់ទិននឹងតួលេខនៃករណីរកឃើញអ្នកផ្ទុកវីរុសCOVID-19 នៅវៀតណាមក្នុងពេលថ្មីៗនេះ ក្រុមជំនាញផ្នែកសុខាភិបាលនៃសហរដ្ឋអាមេរិក និងអូស្ត្រាលី បានអះអាងថា ស្ថានភាព COVID-19 នៅប្រទេសវៀតណាម មិនទាន់ក្លាយជារលកនៃការរាតត្បាតទី2របស់វីរុសនេះនៅឡើយ។ ក៏ប៉ុន្តែ ក្រុមវេជ្ជបណ្ឌិតទាំងនេះបានផ្ដល់យោបល់ថាវៀតណាមគួរតែបន្ថែមការប្រុងប្រយ័ត្នជាងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស