ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួនជាង17.4លាននាក់ និងអ្នកស្លាប់ចំនួនជាង675,000នាក់ នៅពេល WHO ស្នើឱ្យបណ្ដាប្រទេសបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរជាអន្តរជាតិ។
ប្រទេសនិងដែនដីចំនួនជាង200នៅទូទាំងពិភពលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន17,433,441នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះបានកើនដល់675,178នាក់ ក្នុងនោះមានអ្នកជំងឺថ្មី297,674នាក់ និងអ្នកស្លាប់ថ្មី6,832នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកជំងឺបានជាសះស្បើយ មានចំនួន10,917,809នាក់ នេះបើតាមស្ថិតិរបស់ Worldometers។
សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា គឺជាបណ្ដាប្រទេសដែលមានអ្នកជំងឺCOVID-19 ច្រើនជាងគេក្នុងពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកមានអ្នកជំងឺសរុប4,634,985នាក់ ប្រេស៊ីលមាន2,613,789នាក់ និងឥណ្ឌាមាន1,639,350នាក់។
ប្រទេសចំនួន11ដែលមានអ្នកស្លាប់លើសពី1ម៉ឺននាក់ រួមមាន សហរដ្ឋអាមេរិក (155,285) ប្រេស៊ីល (91,377នាក់) ម៉ិកស៊ិក (46,000នាក់) អង់គ្លេស (45,999នាក់) ឥណ្ឌា (35,786នាក់) អ៊ីតាលី (35,132នាក់) បារាំង (30,254នាក់) អេស្ប៉ាញ (28,443នាក់) ប៉េរូ (18,816នាក់) អ៊ីរ៉ង់ (16,569នាក់) និងរុស្ស៊ី (13,802នាក់)។
អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី30កក្កដា យល់ថា បណ្ដាប្រទេសគួរតែដកវិធានការរឹតត្បិតការដើរហើរទៅមកក្នុងពិភពលោកបន្ទាប់ពីបានវាយតម្លៃហានិភ័យដោយខ្លួនឯង។ ទន្ទឹមនឹងនេះគួរតែផ្ដល់អាទិភាពដល់សកម្មភាពផ្ដល់សេវាកម្មបន្ទាន់ សកម្មភាពមនុស្សធម៌ និងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនត្រលប់ចូលប្រទេសរបស់ពួកគេវិញ៕