ក្រោយស្ថានភាពស្ងប់ស្ងាត់បន្តិច សម្រាប់ជំងឺ Covid-19 នៅកម្ពុជា ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញមានករណីនាំចូលមួយចំនួននៅតែកើតមានឡើងជាបន្ទាប់។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា យើងបានទប់ស្កាត់យ៉ាងជោគជ័យនូវហានិភ័យនៃមេរោគ Covid-19 មិនឱ្យចូលទៅក្នុងសហគមន៍ តែយើងក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះរលកទី2 អាចនឹងកើតឡើងគ្រប់ពេល។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា ការទប់ស្កាត់ជំងឺ Covid-19 មិនអាចខ្វះការចូលរួមពីប្រជាជន និងភាគីពាក់ព័ន្ធបាននោះទេ ព្រោះបច្ចុប្បន្ននេះ ស្ថានភាពនៅផុយស្រួយនៅឡើយ ដោយសារតែប្រទេសជិតខាងយើង និងពិភពលោកទាំងមូលពុំទាន់មានសញ្ញាថមថយនៅឡើយ។ ថ្មីៗនេះដើម្បីទប់ស្កាត់ករណីប្រឈមខ្លាំង យើងបានបិទជើងហោះហើរពីម៉េឡេស៊ី និងឥណ្ឌូនេស៊ី ហើយបន្តតាមដានសុខភាពគ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជាទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកជាដើម។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ករណីជំងឺឆ្លងCovid-19នេះ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី ទាំងក្នុងពិភពលោកក្តី គឺស្ថានភាពជំងឺនេះនៅមានពេលវេលាវែងឆ្ងាយណាស់ ដោយតម្រូវឱ្យមានការរងចាំឱ្យមានវ៉ាក់សាំងការពារ ឬក៏ថ្នាំព្យាបាលសិន ទើបអាចសន្មត់ថា ជំងឺនេះអស់ឥទ្ធិពលនៅពេលណា? ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានការប្រកាសទទួលស្គាល់ជាផ្លូវការណាមួយ ពីអង្គការសុខភាពពិភពលោកនោះទេ ទាក់ទិនទៅនឹងវ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាលជាដើម។ ម្យ៉ាងវិញទៀត អង្គការសុខភាពពិភពលោក ក៏បានឱ្យនិយមន័យរួចហើយដែរថា ជំងឺCovid-19 ជាជំងឺដែលរាតត្បាតជាសកល មិនថានៅប្រទេសណា តំបន់ណានោះទេ គឺជំងឺនេះបានវាយលុកទៅដល់រួចទៅហើយ ខណៈអ្វីដែលគ្រប់គ្នាត្រូវធ្វើនៅពេលនេះ គឺការទប់ស្កាត់ការរីករាលដាលទៅក្នុងសហគមន៍៕