ប៉ុន្មានថ្ងៃចុងក្រោយនេះ បញ្ហាជំងឺ Covid-19 នៅកម្ពុជា ហាក់ចាប់ផ្តើមបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភឡើងវិញ បន្ទាប់ពីមានករណីនាំចូលជាបន្តបន្ទាប់តាមជើងហោះហើរអន្តរជាតិ រហូតដល់រដ្ឋាភិបាលប្រកាសបិទជើងហោះហើរបណ្តោះអាសន្នពីប្រទេសម៉ាលេស៊ី និងឥណ្ឌូណេស៊ី។
ជុំវិញបញ្ហានេះដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ស្ថានភាពជំងឺ Covid-19 នៅកម្ពុជាបច្ចុប្បន្ននេះកំពុងស្ថិតក្នុងស្ថានភាព Alarming មានន័យថាវាជាស្ថានភាពមួយដែលត្រូវតែប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ច។ បញ្ហានេះបណ្តាលមកពីការរកឃើញករណីវិជ្ជមានវីរុស Covid-19 ជាបន្តបន្ទាប់ក្នុងចំណោមអ្នកដំណើរដែលបានចូលមកប្រទេសកម្ពុជា ដោយកំណើននេះមានចំនួនច្រើន ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់លើអនាម័យ។
បន្ថែមពីលើនេះលោកជំទាវបានក្រើនរំឮកកុំឱ្យប្រជាជនភ្លេចពីលទ្ធភាពនៃការចម្លងវីរុសនេះដែលអាចកើតមានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ វីរុស Covid-19 គឺភាគច្រើនកើតឡើងនៅពេលដែលបុគ្គលណាមួយចល័ត ឬធ្វើដំណើរ ដូច្នេះហើយរាល់ពេលដែលធ្វើដំណើរ ឬចល័ត គឺត្រូវប្រុងប្រយ័ត្នបំផុត។ បន្ថែមពីលើនេះ បន្ទាប់ពីមានការសម្រេចបិទការហោះហើរជាបណ្តោះអាសន្ននៃជើងហោះហើរពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នោះមក ជើងហោះហើរដទៃទៀត ក៏កំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ ដោយពិនិត្យមើលពីស្ថានភាពជាក់ស្តែង នៃវីរុសCovid-19៕