ពលរដ្ឋអាមេរិកាំងហាក់បានដឹងថា មិនមាននរណាម្នាក់មានសុវត្ថិភាពនៅចំពោះមុខ COVID-19 ឡើយ សូម្បីតែ Robert O’Brien ដែលជាអ្នកគ្រប់គ្រងកិច្ចការសន្តិសុខជាតិ។
សេតវិមានបានឱ្យដឹងថា O’Brien គឺជាមន្ត្រីជាន់ខ្ពស់បំផុតដែលត្រូវបានបញ្ជាក់ថា វិជ្ជមានជាមួយនឹងវីរុសCOVID-19 រាប់ចាប់តាំងពីវីរុសនេះចាប់ផ្ដើមរាតត្បាតនៅសហរដ្ឋអាមេរិក។ នេះក៏ជាករណីថ្មីបំផុតដែលមន្ត្រីធ្វើការនៅក្បែរប្រធានាធិបតី Donald Trump ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសCOVID-19។
ព័ត៌មានដែលបញ្ជាក់ថា O’Brien បានឆ្លង COVID-19 នេះ បានបង្ហាញថា ការគំរាមកំហែងពីវីរុសនេះកំពុងតែស្ថិតនៅក្នុងសេតវិមាន និងមានការព្រួយបារម្ភអំពីវិធានការដោះស្រាយបញ្ហាវិបត្តិសុខភាពដ៏ធ្ងន់ធ្ងររបស់រដ្ឋអំណាច។ នេះបើតាម Samantha Vinograd ដែលជាអ្នកវិភាគមកពី CNN។
អ្នកស្រី Samantha Vinograd សង្កត់ធ្ងន់ថា “បើសិនជារដ្ឋាភិបាលមិនអាចការពារសុខភាពរបស់មន្ត្រីជាន់ខ្ពស់ដូចជា O’Brien ជាដើមបែបនេះ គឺពិតជាពិបាកក្នុងការជឿជាក់ថា ពួកគេពិតជាអាចការពារសុខភាពរបស់ពលរដ្ឋអាមេរិកាំងបាន”។
Samantha Vinograd ថ្លែងថា ការដែលលោក Robert O’Brien បានឆ្លងវីរុសនេះ គឺវាស្ទើរដូចទៅនឹង “ស្ថានភាពអាសន្ន” អំពីសុខភាពយ៉ាងដូច្នោះដែរ។ បើទោះជាសេតវិមានធ្លាប់បានប្រកាសអំពីករណីបុគ្គលិកនៅទីនេះឆ្លងវីរុសCOVID-19ក៏ដោយ ប៉ុន្តែករណីរបស់លោក O’Brien គឺពិតគួរឱ្យប្រកាសអាសន្នជាង ព្រោះតែជាបុគ្គលដែលមានទំនាក់ទំនងទូលំទូលាយ និងមានឥទ្ធិពល។
ជាធម្មតា ទីប្រឹក្សាសន្តិសុខជាតិតែងតែស្ថិតនៅក្បែរប្រធានាធិបតី អនុប្រធានាធិបតី ប្រធានការិយាល័យសេតវិមាន រួមជាមួយនឹងរដ្ឋមន្ត្រីជាច្រើនផ្សេងទៀតជាញឹកញាប់នៅក្នុងសន្និសីទសារព័ត៌មាន ឬកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សាសន្តិសុខជាតិ។
ទីប្រឹក្សាសន្តិសុខជាតិម្នាក់ ក៏តែងតែមានទំនាក់ទំនងផ្ទាល់ជាមួយនឹងបុគ្គលិកជាន់ខ្ពស់ផ្នែកសន្តិសុខរាប់សិបនាក់ នៅពេលបំពេញភារកិច្ចសំខាន់ៗជារៀងរាល់ថ្ងៃ ព្រោះតែត្រូវទទួលរបាយការណ៍ផ្ទាល់ពីទីភ្នាក់ងារសន្តិសុខជាតិ NSA (National Security Agency) បុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ NSC ( National Safety Council) រួមនឹងមន្ត្រីផ្សេងៗទៀត។
ក៏ប៉ុន្តែ សេតវិមានបានបញ្ជាក់ថា លោក O’Brien មានអាការរោគស្រាលៗប៉ុណ្ណោះ ព្រមទាំងបានអះអាងថា ប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតី Mike Pence មិនមានហានិភ័យនៃការឆ្លងវីរុសនេះទេ។ លោក O’Brien មិនបានបង្ហាញវត្តមាននៅកន្លែងធ្វើការរបស់លោកតាំងតែពីសប្ដាហ៍មុន ហើយលោកក៏នៅតេគ្រប់គ្រងក្រុមប្រឹក្សាសន្តិសុខជាតិ តាមរយៈទូរស័ព្ទ។ នេះបើតាម Bloomberg។
យ៉ាងណាក៏ដោយ Samantha Vinograd យល់ថា ការដែលលោក O’Brien បានឆ្លងវីរុសនេះ ក៏មានន័យថា COVID-19 មានវត្តមាននៅទីតាំងនានានៅស្លាបខាងលិចនៃសេតវិមាន (West Wing of the White House) អស់មួយរយៈពេលមកហើយដែរ។ បញ្ហានេះអាចធ្ងន់ធ្ងរជាងអ្វីដែលយើងបានដឹង ដោយសារតែកាលពីពាក់កណ្ដាលខែកក្កដា លោក O’Brien និងក្រុមការងារបានធ្វើដំណើរទៅអឺរ៉ុបដើម្បីជួបពិភាក្សាជាមួយសមភាគីអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។ រូបថតដែល NSC បានចែករំលែក បានបង្ហាញថា ពួកគេឈរក្បែរគ្នាដោយមិនបានពាក់ម៉ាស់ការពារទេ។
អ្នកស្រី Vinograd ឱ្យដឹងថា លោក O’Brien ប្រហែលជាបានចម្លងវីរុសទៅអ្នកដទៃជាច្រើននាក់ បើសិនជាលោកបានឆ្លងវីរុសនេះនៅមុនពេលធ្វើដំណើរទៅកាន់អឺរ៉ុប។ អ្នកស្រី Vinograd យល់ថា “ការដែលសេតវិមានមិនអាចធានាសុវត្ថិភាពដល់ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនបានបែបនេះ គឺជាសារមួយដ៏គួរឱ្យព្រួយបារម្ភ ដែលបង្ហាញឱ្យឃើញនូវសមត្ថភាពនៃការទប់ទល់ COVID-19 របស់រដ្ឋាភិបាល”៕
ប្រភព៖ សារព័ត៌មានបរទេស