ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ (30កក្កដា) បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19ថ្មី ចំនួន1នាក់បន្ថែមទៀតកាលពីថ្ងៃទី29កក្កដា ខណៈដែលអ្នកជំងឺបានជាសះស្បើយក្នុងថ្ងៃនេះ មានចំនួន8នាក់។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន 234នាក់ ក្នុងនោះមានអ្នកជំងឺដែលបានជាសះស្បើយចំនួន162នាក់ និងកំពុងសម្រាកព្យាបាលចំនួន72នាក់។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសនេះនៅឡើយ។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី នៅតែជាសម្បុកវីរុសធំជាងគេ ដោយមានអ្នកជំងឺសរុប104,432នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះ សរុប4,975នាក់។
ឈរលំដាប់ទី2គឺប្រទេសហ្វីលីពីន ដោយមានអ្នកជំងឺ 85,486នាក់ និងអ្នកស្លាប់ដោយសារCOVID-19 ចំនួន1,962នាក់។
សិង្ហបុរីឈរលំដាប់ទី3 ជាមួយនឹងតួលេខអ្នកជំងឺសរុប51,531នាក់ និងអ្នកស្លាប់សរុប27នាក់។
គិតមកដល់ពេលនេះ ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកCOVID-19 សរុប17,184,770នាក់ អ្នកជំងឺដែលបានបាត់បង់ជីវិតមានចំនួន670,152នាក់ ខណៈអ្នកបានជាសះស្បើយមានចំនួន10,696,604នាក់។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា គឺជាបណ្ដាប្រទេសដែលមានអ្នកជំងឺច្រើនជាង1,000,000នាក់ ក្នុងនោះសហរដ្ឋអាមេរិកមាន4,568,037នាក់ ប្រេស៊ីលមាន2,555,518នាក់ និងឥណ្ឌាមាន1,584,384នាក់៕