សេចក្ដីរាយការណ៍បន្ទាន់ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រកាសស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត បិទទីក្រុងឃែសុង ក្រោយរកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ(KCNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី26កក្កដា) ថា លោកគីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុត នៃប្រទេសកូរ៉េខាងជើង បានប្រកាសស្ថានការណ៍អាសន្ននៅក្នុងទីក្រុងជាប់ព្រំដែន ឃែសុង ក្រោយពីមានរបាយការណ៍ រកឃើញអ្នកជំងឺសង្ស័យ ជាជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី2019 ឬកូវីដ-19 ចំនួន 1នាក់។
“អាចនិយាយបានថា ជាស្ថានការណ៍វិបត្តិ ដែលវីរុសកំណាចនោះ អាចបានចូលមកក្នុងប្រទេសហើយ”
លោកគីម ជុងអ៊ុន បានថ្លែងដូច្នេះ កាលពីថ្ងៃសៅរ៍(ទី25កក្កដា) ខណៈធ្វើជាប្រធានក្នុងការប្រជុំបន្ទាន់មួយរបស់គណៈកម្មការកិច្ចការនយោបាយរបស់បក្សពលករកូរ៉េ(WPK)
លោកគីម បានថ្លែងថា លោកបានប្រើវិធានការការពារជាច្រើនប្រការនៅថ្ងៃសៅរ ដើម្បីបិទទីក្រុងឃែសុងទាំងមូល និងបានបិទតំបន់នីមួយៗ និងភូមិភាគឱ្យនៅដាច់ដោយឡែកពីគ្នាភ្លាមៗ ក្រោយមានរបាយការណ៍ថា រកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19 មួយនាក់ខាងលើ។
ដោយសារតែស្ថានការណ៍គ្រោះថ្នាក់នៅក្នុងទីក្រុងឃែសុង លោកគីម បានថ្លែងទៀតថា លោកបានសម្រេចចិត្តកែសម្រួល ពីការប្រើប្រព័ន្ធការពារការឆ្លងរាលដាលក្នុងស្ថានការណ៍អាសន្ន មកជាប្រព័ន្ធស្ថានការណ៍អាសន្នកម្រិតខ្ពស់បំផុត ព្រមទាំងចេញសេចក្ដីប្រកាសដាស់តឿនកម្រិតខ្ពស់បំផុតដូចគ្នា។
របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ បានបញ្ជាក់ថា អ្នកណាដែលធ្លាប់ប៉ះពាល់ ឬទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់នោះ និងអ្នកដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងឃែសុង ក្នុងអំឡុងពេល 5ថ្ងៃកន្លងមកនេះ នឹងត្រូវចូលទៅទទួលការពិនិត្យរាងកាយ និងបង្ខាំងដើម្បីតាមដានអាការ។
អ្នកជំងឺសង្ស័យម្នាក់នោះ ជាអ្នករត់ភៀសខ្លួនចេញពីកូរ៉េខាងជើង ទៅកូរ៉េខាងត្បូង ដែលធ្វើដំណើរត្រឡប់មកទីក្រុងឃែសុងវិញ ក្រោយពីលបលួចឆ្លងដែនដោយខុសច្បាប់ កាលពីថ្ងៃទី19 កក្កដា ហើយពេលនេះ រូបគេកំពុងត្រូវអាជ្ញាធរកូរ៉េខាងជើងបង្ខាំងឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹងបំផុត។
សូមជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងជើង មិនទាន់មានរបាយការណ៍ពីអ្នកជំងឺដែលបានអះអាងថាឆ្លងមេរោគកូវីដ-19 នៅឡើយ៕
ប្រភព៖សារព័ត៌មានបរទេស