វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នផ្សេងៗ នៅតែពេញនិយមជាបន្តបន្ទាប់ក្នុងយុគសម័យនេះ ព្រោះមនុស្សងាកមកយកចិត្តទុកដាក់រឿងសុខភាព និងមើលថែទាំខ្លួនកាន់តែច្រើនឡើង ធ្វើឱ្យទីផ្សារលក់ដូរអាហារបំប៉នចាប់ផ្តើមវាយលុកទីផ្សារកាន់តែច្រើនឡើង ធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមិនច្បាស់លាស់ មិនដឹងថាអាហារបំប៉នបែបណាល្អមែន ឬយ៉ាងណាឡើយ?។
តាមរយៈព័ត៌មានដែលឡារ៉ែនយកមកជម្រាបជូននៅពេលនេះ សូមប្រាប់ថា អាហារបំប៉នដែលមានលក់រៀងរាល់ថ្ងៃនេះ មានទាំងល្អមែន ទទួលបានប្រយោជន៍ និងគ្មានប្រយោជន៍ ឬអាចខ្លាំងជាងហ្នឹងទៅទៀត គឺកើតមានគុណវិបត្តិដល់រាងកាយបានទៀតផង ទើបថ្ងៃនេះឡារ៉ែនសូមនាំយកវិធីសង្កេតមើលព័ត៌មានមុនពេលយើងសម្រេចចិត្តទិញអាហារបំប៉នផ្សេងៗមកប្រើមកជម្រាបជូន។
1 . សារធាតុអាហារពីអាហារបំប៉ននោះគឺអ្វី?
2 . ផលិតចេញពីអ្វី? ផ្នែកណារបស់រុក្ខជាតិ ឬវត្ថុធាតុដើមដែលយកមកធ្វើ?
3 . យកវត្ថុធាតុដើមមកពីប្រភពណា? ប្រទេសណា? ផលិតនៅកន្លែងណា? ក្នុងប្រទេស ឬក្រៅប្រទេស?
4 . គុណសម្បត្តិដែលរៀបរាប់ល្អជ្រុល់ពេកដែរឬទេ? អាចពិសោធន៍បានតាមរយៈអ្វី?
5 . ស្តង់ដារការផលិតមានឬទេ? អ្វីខ្លះ ដូចជា GMP , ISO ជាដើម?
6 . បរិមាណដែលត្រូវទទួលទាន ( Dose ) ប៉ុន្មាន? ច្រើន ឬតិចពេកដែរឬទេ? សម្រាប់ព័ត៌មាននេះអាចត្រូវសួរទៅគញរូពេទ្យ ឱសថការី ឬអ្នកជំនាញការ។
7 . ក្រោយពេលប្រើហើយ តើមានអាការចម្លែកកើតឡើងចំពោះរាងកាយដែរឬទេ? ញឹកញាប់ប៉ុនណា?
8 . វិធីការទទួលទាន ញ៉ាំនៅពេលណា? មុន ឬក្រោយពេលបាយ ឬមុន ឬក្រោយពេលចូលគេង?
9 . ដែលសំខាន់នោះគឺ តម្លៃថ្លៃឬទេ? ព្រោះបើថ្លៃជ្រុលពេក វាក៏ពិបាកក្នុងការដែលយើងនឹងបានប្រើជាបន្តបន្ទាប់រហូតដល់បានឃើញលទ្ធផលដែរ ព្រោះការទទួលទានអាហារបំប៉នខ្លះ ទំរាំតែបានទទួលលទ្ធផល អាចត្រូវប្រើពេលវេលាដល់ទៅ 3 – 4 ខែឯណោះ។
ចុងក្រោយបំផុតអ្វីដែល ឡារ៉ែនចង់ជម្រាបជូននោះគឺ គ្មានអាហារបំប៉នមួយណាអាចយកមកព្យាបាលជំងឺបានទេ អាហារបំប៉នគឺ អាហារដែលចូលមកបន្ថែម យើងគួរព្យាយាមទទួលទានអាហារចម្បងឱ្យគ្រប់គ្រាន់ និងច្រើនប្រភេទ ដើម្បីឱ្យទទួលបានសារធាតុអាហារដែលរាងកាយត្រូវការឱ្យបានច្រើនបំផុត តែបើចង់ជ្រើសរើសប្រើអាហារបំប៉ន ក៏គួរតែជ្រើសរើសអាហារបំប៉នណាដែលស័ក្តិសមជាមួយខ្លួនយើង សង្កេតមើលថា បំប៉នរឿងអ្វីខ្លះ? ចំណុចណាខ្លះ? ជ្រើសរើសឱ្យត្រូវប្រភេទ បរិមាណទទួលទានដែលត្រឹមត្រូវ មានគុណភាពស្តង់ដារការផលិតដែលល្អ និងបានមកពីប្រភពដែលអាចជឿទុកចិត្តបាន៕