កាលពីអតីតកាលមនុស្សទូទៅច្រើនតែមានជំនឿថា នៅពេលអាយុច្រើនឡើងធ្មេញធម្មជាតិក្នុងប្រអប់មាត់នឹងជ្រុះចេញម្តងមួយៗទៅតាមពេលវេលា តែក្នុងយុគសម័យបច្ចុប្បន្ន ជំនឿនោះបានផ្លាស់ប្តូរទាំងស្រុង ធ្មេញធម្មជាតិនឹងនៅតែស្ថិតនៅក្នុងប្រអប់មាត់រហូតទៅ មិនថាអាយុរបស់ម្ចាស់ធ្មេញទាំងនោះនឹងច្រើនឡើងប៉ុនណាក៏ដោយ បើសិនជាម្ចាស់ធ្មេញចេះមើលថែទាំធ្មេញយ៉ាងល្អនោះ។ បច្ចុប្បន្នមូលហេតុចំបងដែលធ្វើឱ្យកើតការបាត់បង់ធ្មេញធម្មជាតិអស់នោះគឺ ជំងឺពុកធ្មេញ និងជំងឺរលាកអញ្ចាញធ្មេញ។
ជំងឺពុកធ្មេញ ៖ ក្នុងរយៈដំបូងៗនឹងគ្មានអាការអ្វីបង្ហាញចេញមកឡើយ ទើបអ្នកជំងឺច្រើនតែមិនដឹងថា កំពុងមានស្នាមពុកធ្មេញ តែបើបណ្តែតបណ្តោយទុកចោលរហូតស្នាមពុកនោះស៊ីជ្រៅចូលទៅជិត ឬធ្លុះដល់រន្ធសរសៃប្រសាទធ្មេញ នឹងមានអាការឈឺដែលមនុស្សទូទៅហៅថា ធ្មេញពុកដល់សរសៃប្រសាទធ្មេញ ដែលអាចព្យាបាលឱ្យជាបានដោយការព្យាបាលគ្របឬសធ្មេញ ជាវិធីដែលលំបាកជាងការបិទប្រហោងធ្មេញធម្មតាច្រើនណាស់ ដូច្នេះដើម្បីការពារគួរតែទៅជួបទន្តពេទ្យ ដើម្បីពិនិត្យមើលស្នាមពុកធ្មេញ និងសម្អាតធ្មេញរៀងរាល់ 6 ខែ។ បើរកឃើញស្នាមធ្មេញពុក គួរតែភ្ជិតស្នាមពុក និងព្យាបាលភ្លាមៗ មិនគួររង់ចាំឱ្យមានអាការឈឺចាប់សិននោះទេ។
ការដុសសម្អាតធ្មេញ
ការដុសសម្អាតធ្មេញ ជាការមើលថែទាំសុខភាពក្នុងប្រអប់មាត់ដែលល្អបំផុត និងអាចធ្វើបានដោយខ្លួនឯង ទាំងងាយស្រួលទាំងសន្សំសំចៃ ដោយការដុសសម្អាតធ្មេញដែលត្រឹមត្រូវតាមវិធីនោះគឺ ការដុសធ្មេញបែប Modified bass technic រួមជាមួយការប្រើច្រាសដុសធ្មេញដែលស័ក្តិសម ថ្នាំដុសធ្មេញដែលលាយហ្វ្ល័រអូរ៉ាយដ៍។ គួរដុសធ្មេញយ៉ាងតិចក្នុងមួយថ្ងៃ 2 ដង គឺពេលព្រឹក និងមុនគេង ម្តងៗ 2 – 3 នាទី។
បរិវេណដែលត្រូវដុសសម្អាត
1 . ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ ធ្មេញមុខលើផ្នែកក្រៅ ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្រៅ ។
2 . ធ្មេញថ្គាមលើខាងឆ្វេងផ្នែកក្នុង ធ្មេញមុខលើផ្នែកក្នុង ធ្មេញថ្គាមលើខាងស្តាំផ្នែកក្រៅ។
3 . ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្រៅ ធ្មេញមុខក្រោមផ្នែកក្រៅ ធ្មេញថ្គាមក្រោមខាងឆ្វេងផ្នែកក្នុង។
4 . ធ្មេញថ្គាមក្រោមខាងឆ្វងផ្នែកក្នុង ធ្មេញមុខក្រោមផ្នែកក្នុង ធ្មេញថ្គាមក្រោមខាងស្តាំផ្នែកក្នុង។
5 . ធ្មេញថ្គាមកន្លែងទំពារអាហារ ៕