ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា ម៉ាស់មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុសCOVID-19 ព្រមទាំងបានអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ ចំណែកខ្លួនលោកផ្ទាល់ក៏នឹងធ្វើដូច្នេះដែរ។
“យើងស្នើឱ្យគ្រប់គ្នាពាក់ម៉ាស់នៅពេលមិនអាចរក្សាគម្លាតពីគ្នាក្នុងសង្គម។ បើទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្តក៏ដោយ ប៉ុន្តែវា (ម៉ាស់) នឹងបញ្ចេញប្រសិទ្ធភាព” លោក Trump ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី21កក្កដាកន្លងទៅ។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានឱ្យដឹងថា លោកបានស៊ាំជាមួយនឹងការពាក់ម៉ាស់បន្តិចម្ដងៗ ហើយថា លោកនឹងពាក់វានៅទីកន្លែងដែលមានមនុស្សច្រើន ឬជិះជណ្ដើរប្រអប់។ លោក Trump បន្តថា “ខ្ញុំរីករាយនឹងប្រើប្រាស់វា។ អ្វីៗទាំងអស់ដែលមានផលប្រយោជន៍ គឺសុទ្ធតែជាប្រការល្អ”។ ម្ចាស់សេតវិមានក៏បានអំពាវនាវដល់យុវជនក្មេងៗនៅអាមេរិក ឱ្យចៀសវាងចូលបារដែលមានមនុស្សច្រើន ជាកន្លែងដែលCOVID-19 ងាយនឹងឆ្លងរាលដាល។
ការប្ដូរផ្លាស់គំនិតស្ទើរតែ360អង្សារបស់លោក Trump ចំពោះ COVID-19 បានមានកើតឡើងនៅពេលដែលប្រទេសរបស់លោកមានអ្នកស្លាប់ដោយសារវីរុសនេះដល់ទៅ144,888នាក់ ក្នុងចំណោមអ្នកផ្ទុកវីរុសចំនួន4,023,947នាក់ បើគិតមកដល់ថ្ងៃនេះ (22កក្កដា)។
នៅទូទាំងពិភពលោក បច្ចុប្បន្នមានមនុស្សចំនួន618,265នាក់បានស្លាប់ដោយសារវីរុសCOVID-19 ខណៈដែលចំនួនអ្នកផ្ទុកវីរុសនេះបានកើនដល់15,071,024នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសចំនួន238,058នាក់ និងអ្នកស្លាប់ចំនួន5,992នាក់ នេះបើតាមស្ថិតិរបស់ Worldometers៕
ប្រភព៖ សារព័ត៌មានបរទេស