
រដ្ឋមន្ត្រីក្រសួងសិទ្ធិពលរដ្ឋ និងរដ្ឋមន្ត្រីថ្មីនៃក្រសួងអប់រំរបស់ប្រទេសប្រេស៊ីល បានប្រកាសលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCOVID-19 នៅក្នុងថ្ងៃជាមួយគ្នា បន្ទាប់ពីបានធ្វើតេស្តរកវីរុស ហើយបច្ចុប្បន្នកំពុងបង្ខាំងខ្លួននិងព្យាបាលដាច់ដោយឡែក។
រដ្ឋមន្ត្រីក្រសួងសិទ្ធិពលរដ្ឋ លោក Onyx Lorenzoni ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Jair Bolsonaro បានបង្ហោះសារនៅលើទំព័រ Twitter កាលពីថ្ងៃទី20កក្កដា ឱ្យដឹងថា លោកមានអាការរោគស្រាល និងកំពុងប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ hydroxychloroquine។
លោក Onyx Lorenzoni បន្តថា “ខ្ញុំដឹងថា ខ្ញុំបានទទួលផលប៉ះពាល់ល្អ (បន្ទាប់ពីបានទទួលការព្យាបាលដោយប្រាស់ថ្នាំhydroxychloroquine)។ ក្រៅពីថ្នាំ chloroquine លោករដ្ឋមន្ត្រីរូបនេះក៏បានលេបថ្នាំ azithromycin និង ivermectin ទៀតផង។

រីឯលោក Milton Ribeiro ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រកាសថា បានឆ្លងវីរុសCOVID-19 និងកំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគេឯងផងដែរ។
ចំណែកប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ដែលកំពុងស្ថិតនៅដាច់ដោយឡែកបន្ទាប់ពីបានឆ្លងCOVID-19 ក៏កំពុងប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ hydroxychloroquine ដើម្បីព្យាបាល បើទោះប្រសិទ្ធភាពរបស់ថ្នាំនេះមិនទាន់ត្រូវបានធ្វើតេស្តជាផ្លូវការក្នុងការព្យាបាលCOVID-19 ក៏ដោយ។ លោក Bolsonaro បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃទី20កក្កាដា ដើម្បីការពារការប្រើប្រាស់ថ្នាំ hydroxychloroquine ថា “ប្រការដែលគួរចងចាំ នោះគឺថា ការប្រើថ្នាំដែល “មិនមែនជាថ្នាំប្រែន” បាននាំមកនូវលទ្ធផលល្អប្រសើរនៅក្នុងវេជ្ជសាស្ត្រ ឱ្យតែអ្នកជំងឺយល់ព្រម”។
មុននោះមួយថ្ងៃ ប្រធានាធិបតីប្រេស៊ីល បានបង្ហាញវត្តមាននៅក្បែរអ្នកគាំទ្រនៅឯទីក្រុង Brasilia ព្រមទាំងបានលើកប្រអប់ថ្នាំមួយប្រអប់បង្ហាញសាធារណជនទៀតផងដែរ។
យោងតាមស្ថិតិថ្មីបំផុតរបស់ក្រសួងសុខាភិបាលប្រេស៊ីល ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជាង2.1លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះបានឡើងដល់ជាង80,000នាក់។
ក្រៅពីមន្ត្រីជាន់ខ្ពស់ខាងលើ ប្រេស៊ីលក៏នៅមានមន្ត្រីសំខាន់ៗផ្សេងទៀតដែលបានឆ្លងវីរុសនេះ ក្នុងនោះក៏មានលោក Augusto Heleno ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Bolsonaro និងរដ្ឋមន្ត្រីក្រសួងថាមពលប្រេស៊ីល លោក Bento Costa Lima ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស
