ស្ថិតក្នុងវិបត្តិនៃការរីករាលដាលជំងឺ Covid-19 នេះ កុមារជាច្រើនបានប្រឈមជាមួយនឹងការបោះបង់ការសិក្សា ដោយសារពួកគេមានបញ្ហាជីវភាព និងមិនមានឧបករណ៍គ្រប់គ្រាន់ក្នុងការសិក្សាតាម Online។
ពាក់ព័ន្ធនឹងបញ្ហានេះអង្គការ Plan International Cambodia បានលើកឡើងថា អង្គការ Plan បានពិភាក្សាជាមួយក្រុមក្មេងស្រីនៅតាមតំបន់ការងាររបស់ខ្លួន ដោយក្នុងនោះបានរកឃើញថាក្មេងស្រីមួយចំនួនជាពិសេសកុមារីនៅតាមតំបន់ដាច់ស្រយាលនៃខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តសៀមរៀប បានប្រឈមនឹងការបោះបង់ចោលការសិក្សានៅក្នុងអំឡុងពេលមានវិបត្តិ Covid-19នេះ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសកម្ពុជាទទួលបន្ទុកកម្មវិធីនៃអង្គការ Plain International Cambodia បានឱ្យដឹងថា សិស្សស្រីមួយចំនួនប្រឈមនឹងការបោះបង់ចោលការសិក្សា និងបានចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។
អង្គការខាងលើក៏បានលើកឡើងផងដែរថា កត្តាជីវភាព និងកង្វះមធ្យោបាយរៀនតាម Online ជាមូលហេតុជំរុញឱ្យកុមារីមួយចំនួននៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា បានសម្រេចបានងាកទៅរកការដាំបន្លែ ធ្វើចំការ មើលគោ និងក្របី បន្ទាប់ពីពួកគេសម្រេចចិត្តបោះចោលការសិក្សាអំឡុងពេលនៃវិបត្តិនេះ៕