វៀតណាម-ទារិកាម្នាក់ឈ្មោះ Dieu Nhi ដែលជាក្មេងស្រីម្នាក់ក្នុងចំណោមទារិកាភ្លោះជាប់គ្នាពីរនាក់ដែលទើបតែទទួលបានការវះកាត់ផ្ដាច់ចេញពីគ្នាកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះអាចញញឹម និងលើកដៃបានហើយ នៅពេលអនុប្រធានាធិបតីវៀតណាមចូលទៅសួរសុខទុក្ខ។
>ព័ត៌មានទាក់ទង
វៀតណាមវះកាត់ទារិកាភ្លោះជាប់គ្នាដោយជោគជ័យ! វេជ្ជបណ្ឌិតនិងជំនួយការ93នាក់ចូលរួមក្នុងការវះកាត់នេះ
ទារិកាឈ្មោះ Dieu Nhi បានដឹងខ្លួនឡើងវិញ និងអាចកម្រើកអវយវៈមួយចំនួនដូចជាការលើកដៃ និងញញឺមជាដើម នៅពេលដែលអនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh លើករបស់បរក្មេងលេង បង្ហាញ និងនិយាយលេងជាមួយនាង។ ចំណែកទារិកាម្នាក់ទៀតដែលត្រូវបានវះកាត់ផ្ដាច់ចេញពី Dieu Nhi នៅមានសុខខ្សោយនៅឡើយ និងនៅគេងដោយស្ងៀមស្ងាត់។ ទារិកាទាំងនេះ កំពុងទទួលការថែទាំនៅក្នុងបន្ទប់ជាមួយគ្នា ប៉ុន្តែគេងគ្រែដោយឡែក ក្រោយពីបានទទួលការវះកាត់ផ្ដាច់ចេញពីគ្នាកាលពីថ្ងៃទី15កក្កដា នៅមន្ទីរពេទ្យកុមារជាតិនៃទីក្រុងហូជីមិញ។
ក្រោយរយៈពេល5ថ្ងៃនៃការវះកាត់ ទារិកាទាំងពីរនៅតែបន្តដកដង្ហើមដោយប្រើម៉ាស៊ីនជំនួយ និងប្រើប្រាស់ថ្នាំងងុយគេង ថ្នាំបន្ថយការឈឺចាប់ និងត្រូវបញ្ចូលជីវជាតិអាហារទៅតាមសរសៃឈាម។ អត្រានៃការរស់រានមានជីវិតគឺសុទ្ធតែស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ចំណែកអាការក្ដៅខ្លួនក្រោយពីការវះកាត់ក៏បានបាត់ ហើយក៏មិនបានឆ្លងមេរោគក្នុង និងក្រោយការវះកាត់នោះដែរ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យខាងលើថ្លែងថា នៅពេលវះកាត់ ក្រុមវេជ្ជបណ្ឌិតបានយកពោះវៀនមួយផ្នែករបស់ទារិកា Dieu Nhi តភ្ជាប់ទៅឱ្យទារិកា Truc Nhi ដូច្នេះ តិចឬច្រើនក៏នឹងមានប្រតិកម្មជាការរលាកខ្លះៗ។ វេជ្ជបណ្ឌិតបន្តថា អត្រាជោគជ័យក្នុងការវះកាត់បែបនេះគឺមានប្រមាណពី70ទៅ75%។ នៅបរទេស ក៏ធ្លាប់មានករណីវះកាត់បែបនេះដែរ ហើយក្រោយការវះកាត់បាន1សប្ដាហ៍ ពោះវៀនក៏បែកធ្លាយ ទារកក៏បានស្លាប់ ដូច្នេះហើយ ក្រុមវេជ្ជបណ្ឌិតវៀតណាមមិនហ៊ានអះអាងអ្វីជាមុនឡើយ។
មន្ទីរពេទ្យកុមារជាតិទីក្រុងហូជីមិញ បានទទួលយកទារិកា Truc Nhi និង Dieu Nhi ពីមន្ទីរពេទ្យមួយឈ្មោះ Hung Vuong បន្ទាប់ពីបានចាប់កំណើតមិនគ្រប់ខែដោយការវះកាត់។ ទារិកាទាំងពីរនេះ ពេលនោះមានទម្ងន់3.2គីឡូក្រាម មានអាការខ្សោយដង្ហើមដោយសារសួតរីកចម្រើនមិនទាន់ពេញលេញ។ ក្រុមគ្រូពេទ្យបានដាក់ឧបករណ៍ជំនួយដង្ហើម និងចញ្ចឹមក្នុងកែវរយៈពេល1ខែ។
មកដល់អាយុ13ខែ ទើបក្រុមវេជ្ជបណ្ឌិតសម្រេចចិត្តធ្វើការវះកាត់ទារិកាភ្លោះជាប់គ្នានេះ កាលពីថ្ងៃទី15កក្កដាកន្លងទៅ។ ក្នុងរយៈពេល13ម៉ោងនៃការវះកាត់ ទារិកាម្នាក់ៗត្រូវទទួលការវះកាត់ធំៗចំនួន4លើកជាប់ៗគ្នា រួមមាន ការវះកាត់បំបែកចេញពីគ្នា តភ្ជាប់ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធទឹកនោម គ្រោងឆ្អឹងល្អាងត្រគាក និងបង្កើតរន្ធគូទជាដើម។
នៅក្នុងការវះកាត់នោះ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងគិលានុបដ្ឋាយិកាឆ្នើមៗបំផុតចំនួន93រូប មកពីមន្ទីរពេទ្យនានាក្នុងតំបន់ភាគខាងត្បូង បានចូលរួមជួយជ្រោមជ្រែងដោយពេញចិត្តជាទីបំផុត៕
ប្រភព៖ សារព័ត៌មានបរទេស