ជឿថានៅរៀងរាល់ព្រឹករបស់អ្នកដែលនិយមញ៉ាំកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ីនមកបន្ថែមភាពស្រស់ស្រាយឱ្យរាងកាយនោះឡើយ។ ដោយភាពក្រអូបឈ្ងុយ និងរស់ជាតិដែលធ្វើឱ្យមានអារម្មណ៍ថាក្លៀវក្លាស្វាហាប់នោះ ទើបវាមិនមែនជារឿងប្លែកឡើយ ដែលកាហ្វេក្លាយជាភេសជ្ជៈកំពូលពេញនិយមដែលមនុស្សជាច្រើនមិនអាចខ្វះបាន។
តែភេសជ្ជៈដែលមនុស្សមិនអាចខ្វះបាន ដូចជា “កាហ្វេ” នេះ ទោះជាផ្តល់ប្រយោជន៍ក្នុងរឿងភាពស្រស់ស្រាយស្វាហាប់មែន តែបើញ៉ាំច្រើនជ្រុលពេក ក៏ផ្តល់នូវគុណវិបត្តិចំពោះរាងកាយក្នុងរយៈពេលវែងបានដែរ ព្រោះក្រៅពីកាហ្វេមានជាតិ “កាហ្វេអ៊ីន”
ហើយនោះ លោកអ្នកដឹងឬទេថា តើវានៅមានសារធាតុអ្វីដែលផ្តល់ទោសដល់រាងកាយទៀតដែរឬទេ?។
សារធាតុដែលផ្តល់នូវគុណវិបត្តិនៅក្នុងកាហ្វេ
1 . សារធាតុធីអូហ្វ៊ីលលីន ( Theophylline ) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឱ្យបំពង់ខ្យល់រីក និងបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្រ្តសារធាតុនេះគេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម បើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលឱ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាទៅជំរុញប្រព័ន្ធខួរក្បាលផងដែរ ទើបមិនស័ក្តិសមជាមួយអ្នកដែលកើតជំងឺបេះដូងជាទីបំផុត។
2 . សារធាតុ ស៊ែនធីន អាល់ខាលយដ៍ ( Xanthine Alkaloid ) ជាសារធាតុដែលបញ្ចេញឬទ្ធិជំរុញប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលធ្វើឱ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់ បើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឱ្យបេះដូងដើរលឿនខុសប្រក្រតីបាន ទើបសារធាតុនេះត្រូវបានប្រើជាចំណែកផ្សំរបស់ភេសជ្ជៈប៉ូវកម្លាំង និងទឹកភេសជ្ជៈកំប៉ុងផ្សេងៗ។ ជាសារធាតុដែលមាននៅក្នុងកាហ្វេអ៊ីន មានរបាយការណ៍ខ្លះបានប្រាប់ថា សារធាតុនេះប្រើលាយផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិត ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យសត្វល្អិតស្លាប់បាន។ សារធាតុនេះធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយធ្លាក់ចុះខ្សោយ។
សភាវពុលកាហ្វេអ៊ីន
សភាវពុលកាហ្វេអ៊ីនកើតនៅលើអ្នកដែលញៀនកាហ្វេអ៊ីនខ្លាំងមែនទែន ដែលហុចផលឱ្យកើតដំបៅនៅក្នុងក្រពះ ទើបធ្វើឱ្យអ្នកដែលមានជំងឺក្រពះស្រាប់ហើយ មានអាការចុកពោះនៅពេលញ៉ាំកាហ្វេពេលពោះទំនេរ។ អ្នកដែលកើតសភាវពុលកាហ្វេអ៊ីន នឹងវឹលមុខ មានអារម្មណ៍រសាប់រសល់ និងហុចផលដល់សុខភាពផ្លូវចិត្ត ធ្វើឱ្យងាយកើតអាការធុញថប់តានតឹង។ អាការបន្ទាប់បន្សំដែលជួបប្រទះញឹកញាប់គឺ ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី បេះដូងលោតញាប់ខ្លាំងៗ និងគេលលក់មិនស្រួល គ្រោះថ្នាក់ម្យ៉ាងទៀតដែលអាចកើតឡើងបានចំពោះអ្នកញៀនកាហ្វេអ៊ីននោះគឺ សភាវពុលកាហ្វេអ៊ីននៅក្នុងឈាមខ្ពស់ដែលហុចផលឱ្យកើតសម្ពាធឈាមឡើងខ្ពស់ និងធ្វើឱ្យខ្លាញ់នៅក្នុងឈាមកើនឡើងដែរ ដែលជាលទ្ធផលធ្វើឱ្យក្រពះផលិតអាស៊ីតចេញមកបន្ថែម ធ្វើឱ្យងាយកើតដំបៅក្នុងក្រពះខ្លាំងជាងមនុស្សប្រក្រតី។ ចំណែកផលប៉ះពាល់ដែលកើតនៅលើមនុស្សស្រីវិញ កាហ្វេអ៊ីនក្នុងបរិមាណច្រើននឹងធ្វើឱ្យងាយកើត “ដុំគីស” ជាងមនុស្សប្រក្រតី និងប្រថុយប្រថានក្នុងការកើតមហារីក ឬដុះសាច់នៅក្នុងសុដនទៀតផង។
ញៀនកាហ្វេអ៊ីនខ្លាំងប៉ុនណា…ក៏អាចឈប់បានដោយវិធីខាងក្រោមនេះដែរ
1 . បន្ថយបរិមាណ ៈ សម្រាប់អ្នកដែលញៀនកាហ្វេ ហើយត្រូវការចង់ឈប់ញ៉ាំកាហ្វេយ៉ាងដាច់ខាតតែម្តងនោះ ដំបូងៗអាចមានអាការឈឺក្បាល និងមានអារម្មណ៍ឡេះឡះនៅពេលមិនបានញ៉ាំកាហ្វេ។ ដំណាក់កាលដំបូងសុំឱ្យសាកល្បងប្តូរពីកាហ្វេខ្មៅសុទ្ធៗមកជាកាហ្វេទឹកដោះគោប្រមាណជាមួយអាទិត្យ រួចហើយសឹមបញ្ចុះមកជាការញ៉ាំទឹកដោះគោឆៅក្តៅឧណ្ហៗលាយកាហ្វេស្តើងៗ។ ក្នុងអំឡុងពេលថ្ងៃចូរប្តូរពីកាហ្វេមកជាកូកូក្តៅជំនួសវិញ ព្រោះកូកូក៏មានកាហ្វេអ៊ីនដូចគ្នាដែរ តែតិចជាងកាហ្វេ។
ការឈប់ញ៉ាំកាហ្វេបែបដាច់ខាតភ្លាមៗ នឹងហុចផលអាក្រក់ច្រើនជាងផលល្អ និងអាចធ្វើឱ្យកាន់តែពិបាកបញ្ឈប់ការញ៉ាំកាហ្វេខ្លាំងឡើងទៅវិញទេ ដូច្នេះទើបគួរប្រើវិធីការកាត់បន្ថយបរិមាណ ដែលអាចហៅបានថា ជាការដកខ្លួនថយឆ្ងាយពីគុណវិបត្តិរបស់កាហ្វេបន្តិចម្តងៗទើបជាការប្រសើរ។
2 . ញ៉ាំទឹកតែឱសថបុរាណ និងភេសជ្ជៈក្លិនខារ៉ាមេល ៈ តែប្រភេទខ្លះគ្មានកាហ្វេអ៊ីនឡើយ និងថែមទាំងក្លិនរបស់ទឹកតែឆុងចាស់ៗ នឹងជួយឱ្យមានអារម្មណ៍ស្រស់ថ្លា អាចជំនួសឱ្យការញៀនកាហ្វេបាន។ តែឱសថបុរាណ ដូចជា តែយឹនស៊ឹន តែព្នៅ តែខ្ញី តែបៃតង មានក្លិនក្រអូប និងជួយបំប៉នសុខភាព ជួយសម្រួលតុល្យការឱ្យរាងកាយ។ ការរកអ្វីផ្សេងមកញ៉ាំជំនួសកាហ្វេក៏អាចជួយបានដែរ បើលោកអ្នកមិនចូលចិត្តទឹកតែ ចូរប្តូរមកញ៉ាំទឹកដោះក្រឡុកលាយក្លិនខារ៉ាមេល ឬបាត់ធើរ៍ ស្កត់ ក័ជាភេសជ្ជៈមួយទៀតដែលអាចជំនួសកាហ្វេបានដែរ ព្រោះទាំងខារ៉ាមេល និងបាត់ធើរ៍ ស្កត់នឹងផ្តល់នូវក្លិនស្រដៀងកាហ្វេខ្លាំងបំផុត។
នៅពេលដឹងពីគុណវិបត្តិរបស់កាហ្វេហើយ ក៏គួរតែបន្ថយបរិមាណការញ៉ាំឱ្យមានតុល្យភាពជាមួយការញ៉ាំអាហារផ្សេងៗគួបផ្សំជាមួយការញ៉ាំបន្លែផ្លែឈើដែលមានប្រយោជន៍ដល់រាងកាយ និងញ៉ាំទឹកស្អាតឱ្យបានញឹកញាប់ឡើងដើម្បីលាងជម្រះឬទ្ធិរបស់កាហ្វេអ៊ីនឱ្យថយចុះខ្លះ៕