ក្រោយពេលមានស្ត្រីខ្មែរសញ្ជាតិអាមេរិកមួយរូបបានលួចរត់ចេញពីទីតាំងធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រាល់អ្នកដែលល្មើសនឹងវិធានការចត្តាឡីស័កនឹងត្រូវទទួលពិន័យ ឬទោសបញ្ញត្តិជាធរមាន។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បុគ្គលដែលត្រូវធ្វើចត្តាឡីស័កគឺចាំបាច់បំផុតត្រូវតែគោរពតាមការអនុវត្តវិធាននេះរយៈពេល 14ថ្ងៃឱ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត មិនថាអ្នកនោះជាជនជាតិខ្មែរ ឬជនបរទេសដែលមករស់នៅ និងចូលមកកម្ពុជានោះទេ។ ប្រសិនបើមិនអនុវត្តតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឱ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខភិបាល ឬរត់គេចពីការអនុវត្តវិធានការនេះដោយចេតនាក្តី និងអចេតនាក្តី នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាននៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាពិន័យ ឬដាក់ទោសលើជនដែលគេចវេសពីការធ្វើចត្តាឡីស័កនេះគឺមានចែងក្នុងអនុក្រឹត្យលេខ 129 អនក្រ.បក ចុះថ្ងៃទី 17 ខែកញ្ញា ឆ្នាំ2015 ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺតាមច្រកចេញចូល រួមទាំងវិធានច្បាប់មួយចំនួនទៀត៕